Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈ ស្តីពី ចរិតខ្មែរ

$
0
0

ដើមអម្ពិល ដោយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងលោក ប៉ោ សេដ្ឋា និពន្ធនាយករងវិទ្យុដើមអម្ពិល (បរិញ្ញាបត្រអក្សរសាស្រ្ត និងមនុស្សសាស្រ្ត «ជំនាន់ទី១២», សញ្ញា បត្រមន្រ្តីរដ្ឋបាល «ជំនាន់កសាងជាតិ», អនុបណ្ឌិតច្បាប់ «ផ្នែកនីតិឯកជន»)


ភ្នំពេញ៖ ចរិតខ្មែរ ដែលនិយាយ នៅក្នុងទស្សនៈនាពេលនេះ យើងសូមលើកយកខ្លឹមសារ ដោយសង្ខេបចេញពី ទស្សនៈរបស់លោក ប៊ុណ្ណ ចន្ទម៉ុល ដែលបាន សរសេរទុក នៅក្នុងស្នាដៃរបស់ លោកមានចំណងជើងថា «ចរិតខ្មែរ» កើត រស់ ស្លាប់ ដើម្បីខ្មែរ។ បោះពុម្ពនៅ ព.ស. ២៥១៧ ត្រូវនឹង គ.ស. ១៩៧៣ ដែលមានកម្រាស់ ១៤៩ទំព័រ។

ខាងក្រោមនេះ គឺជាការលើកឡើងនូវ ចរិតមិនល្អរបស់ខ្មែរ មួយចំនួន ដែលលោក ប៊ុណ្ណ ចន្ទម៉ុល បានរៀបរាប់ក្នុងសៀវភៅរបស់លោក «ចរិតខ្មែរ»៖

-គំនិតមានតែអញ. មានវរជនខ្លះ ដែលធ្វើជាប្រធាន អង្គប្រជុំណាមួយសប្បាយណាស់ នឹងនិយាយបែកជា អូរហូរជាស្ទឹង រហូតដល់ទៅជ្រុលខុស របៀបវារៈទៅក៏មាន។បញ្ចេញយោបល់ នោះល្អហើយ ឲ្យសមាជិកអង្គប្រជុំអនុម័តតាមចុះ។កាលបើមានសមាជិកណាជំទាស់ ឬសូមជូនយោបល់ខ្លះនោះ រមែងតែងតែ មិនសប្បាយចិត្ត សោះឡើយ ព្រោះទំលាប់អាត្មាឯងនោះចេះតែមើលងាយគេ ថាមិនកើតទេ គេមិនដល់ខ្លួនទេ គេល្ងង់ ឯខ្លួនវិញគឺជាអ្នកចេះជ្រៅជ្រះ ជាបញ្ញវន្ត ជាមនុស្សកំពូល គំនិតរបស់ខ្លួនជាគំនិតពេជ្រ គំនិតអ្នកដទៃជាគំនិតកាក មិនបានការ មិនត្រូវមកបញ្ចេញអ្វីទេ។

-គំនិតលួចយកយោបល់គេ. មានជនជាតិយើងខ្លះ ចូលចិត្តយកយោបល់អ្នកដទៃមកធ្វើជាយោបល់ខ្លួនឯងផ្ទាល់ ជាហេតុនាំឲ្យ អ្នកបញ្ចេញយោបល់ លែងចង់បញ្ចេញ យោបល់ ខ្លួនតទៅទៀត។ បញ្ចេញធ្វើអ្វីបើប្រធាន បើមិត្តនោះ យកយោបល់ខ្លួនទៅធ្វើជាយោបល់គេទៅហើយ។ ដូចយ៉ាងឈ្មោះ ម៉ី បានជូនយោ បល់នៅពេលប្រជុំ ហើយអង្គប្រជុំបានយល់ស្របទាំងស្រុង។ ដល់ពេលសម្រេច ស្រាប់តែបាត់ឈ្មោះ ម៉ី ទៅចេញឈ្មោះ សុក្រ សៅរ៍ ឯណានោះឆ្កុយទៅវិញ។

-ប្រើឫកពាមាយាទមិនសមរម្យ. មានវរជនខ្លះបានធ្វើធំហើយ នៅមិនចេះរបៀបដេកដើរអង្គុយ តាមបែបបទខ្មែរនៅឡើយទេ ច្រើនប្រើអាកប្បកិរិយា ឥរិយាបទឆ្គងៗ មិនសម។ ជូនកាលប្រពន្ធ ឬស្រី និងកូនរបស់ខ្លួនមានចរិតខុសឆ្គងខ្លាំងជាងប្តី ប្រុសកំណាន់ ឪពុកទៅទៀត ដែលនាំឲ្យមានគំរូមិនល្អក្នុងសង្គម។ ដើម្បីសមរម្យនឹងឋានៈ យើងដែលជាអ្នកជួយដឹកនាំប្រទេសជាតិ គប្បីពិគ្រោះសាកសួរអស់លោកចាស់ទុំ ឬអានសៀវភៅ ឯកសារដើម្បីឲ្យដឹងទំនៀមទំលាប់ឆ្អិនឆ្អៅ ពីព្រោះយើងអ្នកធំ គឺជាតំណាង ជាតិមួយផ្នែក កុំយើងច្រងេងច្រងាងឆ្គងៗនោះ តោងគិតមុននឹងធ្វើអ្វីៗ ថាអាត្មាអញជាតំណាង ជាតិខ្មែរទាំងមូល បើអាត្មាអញធ្វើខុស គឺនាំឲ្យជាតិបរទេស មើលងាយជាតិខ្មែរទាំងមូលតែម្តង។

-គំនិតខ្លាចនយោបាយ. មានវរជនខ្មែរខ្លះ ខ្លាចនយោបាយទាំងខ្លួនឯងកំពុងស្ថិតនៅក្នុងរង្វង់នយោបាយ គឺរដ្ឋការចាត់ឲ្យទៅកាន់ការនយោបាយដើម្បីជួយប្រទេសជាតិខ្លួន តែបែរជាទៅនិយាយថា ខ្ញុំស្អប់នយោបាយណាស់ ខ្ញុំសុំតែរស់ទេ ខ្ញុំមិនចេះធ្វើនយោបាយទេ។

-គំនិតសងសឹកសួរពូជ. នៅក្នុងសង្គមខ្មែរយើង គ្មានការអប់រំមនុស្សឲ្យស្គាល់គន្លងយុត្តិធម៌ មនុស្សធម៌ទេ គឺមនុស្សច្រើនតែធ្វើអ្វីតាមតែខ្លួននឹកឃើញ ឬក៏ចេះតែដើរតាមគំនិតព្រៃផ្សៃសម័យបុរាណ ដែលចូល ចិត្តតែសម្លាប់បំបាត់ពូជទាំងប្រពន្ធ ទាំងកូននោះតែម្តង។ ចំណែកអ្នកដឹងខ្លួនថាចាញ់ ក៏រត់ចូលព្រៃបង្កកម្លាំងវាយបកសងសឹក ឬក៏ទៅពឹងបរទេសឲ្យមកសងសឹកវិញ រួចត្រូវដឹងគុណបរទេស ក៏ត្រូវឲ្យអ្វីទៅគេ ឬតាមតែចិត្តបរទេសទាមទារ។ ទីបំផុតខ្មែរជាអ្នកចាញ់ទាំងអស់គ្នា ចំណែកអ្នកឈ្នះ និងចំណេញគឺបរទេស។

-គំនិតផ្ចាញ់ផ្ចាល. នៅប្រទេសស៊ីវិល័យ គេមានចិត្តកីឡាប្រចាំខ្លួន។ទាស់ទែងវាយតប់គ្នា ក៏គេធ្វើដោយមានចិត្តកីឡា គេពុំមែនផ្ចាញ់គ្នាដោយអំពើព្រៃផ្សៃទេ។ ចិត្តកីឡានោះយ៉ាងម្តេច? ទឹកចិត្តកីឡានោះគឺថា ម្នាក់ៗគេមិនដែលលបកាប់ លបប្រហារចំពោះសត្រូវទេ គេតែងតែប្រកាសដោយចេញមុខ បានសេចក្តីថា គេហៅគូសត្រូវរបស់គេនោះ ឲ្យចូលមកប្រយុទ្ធដោយត្រង់ៗ។ ពេលប្រយុទ្ធនោះ បើគូប្រកួតរបស់គេត្រូវដួលដោយចាញ់កម្លាំងរបស់គេនោះ គេតែងបង្អង់ដៃជើងសិនចាំឲ្យគូប្រយុទ្ធនោះងើបឡើងតស៊ូទៅទៀត។ បើគូប្រយុទ្ធថាតស៊ូបាន គេក៏ប្រយុទ្ធតទៅទៀត។ បើគូប្រយុទ្ធនោះថាសូមឈប់ហើយ គេក៏បរបោសអង្អែលនិយាយដោយពាក្យផ្អែមល្ហែមថា អើ! យើងឈប់ទាស់គ្នាត្រឹមណេះចុះ! គេគ្មាន    បណ្តុះបង្អាប់ដោយពាក្យបញ្ឈឺចិត្តដូច្នេះដូច្នោះទេ។ បើខ្មែរយើងវិញ តាមដែលធ្លាប់ឃើញ ធ្លាប់ដឹងពុំដូច្នោះទេ ដាល់តបគ្នា បើដាល់គូប្រយុទ្ធរបស់គេដួលហើយពុំនៅស្ងៀមទេ គេស្ទុះទៅទាត់ធាក់ថែមទៀត ជួនកាលទាត់ធាក់ទាល់តែអ្នកចាញ់នោះសន្លប់បាត់មាត់ ឬក៏ស្លាប់ទៅផងក៏មាន។ ដែលហៅថាឈ្នះសំរាប់គេ គឺទាល់តែគូប្រយុទ្ធរបស់គេនោះដួលសន្លប់ ឬក៏ស្លាប់ទៅ។ នេះឯងចរិតខ្មែរ។

-គំនិតលោភពង្រេចពង្រឹល. មានអស់លោកអ្នកធំខ្លះ ធ្វើការនៅតាមខេត្តក្រៅ រដ្ឋការឲ្យគេហដ្ឋានស្នាក់នៅដោយសមរម្យ ឯនៅជុំវិញគេហដ្ឋាន នោះក៏មានដំណាំ សព្វគ្រប់។ថ្ងៃមួយនោះ ត្រូវរដ្ឋការផ្លាស់ឲ្យទៅនៅកន្លែងថ្មីខេត្តមួយផ្សេងទៀត លោកនោះឯងមានចិត្តលោភលន់ឥតមានខ្មាស់សោះឡើយ តាំងឲ្យប្រពន្ធកូន បេះដំណាំដំណោចដំឡូង ដូង ល្មុត ខ្នុរ ស្វាយ ចេកជាដើម អស់រលីងស្ទើរគ្មានសល់ខ្ដឹប ស៊ីផង លក់ផង ធ្វើយ៉ាងម្តេចឲ្យតែបានអស់ កុំឲ្យអ្នកមកនៅក្រោយបានស៊ី។ មិនតែបណ្ណោះ ចលនវត្ថុ ដែលរដ្ឋការទិញទុកឲ្យប្រើប្រាស់ក្នុងគេហដ្ឋាននោះ ក៏មន្ត្រីនោះខ្ចប់វិចដឹកជញ្ជូនអស់ដែរ។ អ្នកមកនៅក្រោយខ្វះនេះខ្វះនោះ អញមិនដឹងទេ ! អាណាប្រើផ្លាស់អញធ្វើអី? នេះគំនិតពង្រេចពង្រឹល។

-គំនិតចង្រៃ. ខ្ញុំសង្កេតឃើញគ្រប់ទីកន្លែងដែលមានប្រាសាទបុរាណ រូបតោ រូបនាគ និងសសរថ្មខ្លះ ត្រូវឆែបខូងៗ ខូចបាត់លំអអស់ ដោយសារជនចង្រៃចេះតែយកកាំបិត ពូថៅទៅសំលៀងលើរូបថ្មទាំងនោះ។បើរូបនោះនៅជិតមាត់ត្រពាំង ជិតផ្លូវដើរផង ក៏រឹតតែរេចរិលខូងជ្រៅណាស់ទៅទៀត ខ្លះបាក់បាត់ទៅតែម្តង។ ថ្មសំលៀងនៅផ្ទះ ខ្លួនឯងមិនមានទេ ពេលកាន់កាំបិត ពូថៅ ទៅរកអុស ឈើ ឬសត្វក្នុងព្រៃ ចាំសំលៀងលើថ្មរូបតោ នាគ សសរ សិលាចារឹក នោះតែម្តង នេះមកពីកំជិលធ្ងន់ធ្ងរពេកណាស់ សូម្បីកូនថ្មមួយដុំនៅផ្ទះខ្លួនឯង សម្រាប់សំលៀងក៏គ្មានដែរ ហើយនាំគ្នាទៅបំផ្លាញ តម្លៃវប្បធម៌មិនអាចកាត់ថ្លៃ បានរបស់ជាតិខ្លួនឯងទៅវិញ។

-ចូលប្រយ័ត្នមនុស្សជំនិត. អ្នកធ្វើធំត្រូវប្រយ័ត្នខ្លួន ជាពិសេសចំពោះអ្នកណាដែលជំនិតនឹងខ្លួននោះតែម្តង ពីព្រោះគឺជំនិតនោះហើយ ដែលយកឈ្មោះ យើងទៅលក់យក ប្រយោជន៍ផ្ទាល់ខ្លួន ព្រោះវានៅជិតយើង គេមើលមកក៏ជឿទុកចិត្តណាស់ វាយកឈ្មោះយើងទៅនិយាយគេជឿទាំងអស់។ ចំពោះអ្នកដែលធ្វើឲ្យយើងខូចឈ្មោះនោះ មិនបាច់ដល់មនុស្សជំនិតយើងផងទេ មនុស្សដែលគ្រាន់តែមកអបឡបនឹងយើងរាល់ថ្ងៃនោះ ក៏អាចឲ្យយើងខូចឈ្មោះបានដែរ ឲ្យតែវាចង់ធ្វើ។  

-ស្វាពាក់ម្កុដ. មានអ្នកធំខ្លះមានឫកពារមិនខុសពីស្វាពាក់ម្កុដទេ។ ស្វាពាក់ម្កុដនោះវាយ៉ាងណា? ស្វាដែលគេពាក់ម្កុដហើយ វាតែងតែភ្លេចខ្លួនថាក្បាលវាមានពាក់ម្កុដ វាភ្លេចស្មានតែក្បាលវានៅទទេ តែកាលណារមាស់ក្បាលក៏តាំងលើកជើងអេះក្បាលភ្លាម នាំឲ្យគេមើលយល់ភ្លាមថា វាជាសត្វស្វាពិតប្រាកដ ព្រោះពាក់ម្កុដហើយនៅតែ មិនកាន់ឫកឋានៈ ជាអ្នកមានម្កុដពាក់សោះ នៅតែកាន់ឫកជាសត្វតិរ ច្ឆានដដែល។ អ្នកធំយើងខ្លះ ដែលទើបបានយសសក្ដិខ្ពង់ខ្ពស់ក៏ដូច្នោះដែរ ច្រើនតែភ្លេចខ្លួនថា ខ្លួនជាអ្នកធំ ច្រើនតែនៅឡេះឡោះនាំឲ្យថោកទាបដល់ឋានៈគេអស់ មិនដឹងពីសីលធម៌ សុជីវធម៌ ច្បាប់ទម្លាប់ ប្រព្រឹត្តអំពើខុសឆ្គងផ្ដេសផ្ដាសមិនចេះខ្មាស់គេក្នុងសង្គម នាំឲ្យអាប់ឱនដល់ជាតិខ្មែរទៅទៀត។

-បើមិនច្បាស់ កុំអះអាង. មានបងប្អូនយើងខ្លះ ចូលចិត្តនិយាយការអ្វីដែលខ្លួនបានដឹងតែ ៥ទេ តែនិយាយធ្វើចេះដឹងពិតរហូតដល់ ១០ ឬ ១៥ ឯណោះ គួរឲ្យស្តាយណាស់ ព្រោះនាំឲ្យខុសព័ត៌មានពិតអស់រលីង។

-គួរពត់ឈើកាលនៅពីតូច. គ្រួសារខ្មែរខ្លះ ភាគច្រើន ៗតែអ្នកមានទ្រព្យសម្បត្តិទំយើទំរើសកូនមិនរវល់អប់រំអ្វីទាំងអស់ កូនទារប៉ុន្មានបានប៉ុណ្ណោះ ខំយកចិត្តវា ទំរើសវាតាំងពីតូចគ្មានស្គាល់ហៅថា យ៉ាងម្តេចខ្វះខាត យ៉ាងម្តេចគ្មាន យ៉ាងម្ដេចក្រ។ លុះដល់វាធំឡើងទម្លាប់របស់វាក៏ត្រូវបង្ខំម្តាយឪពុកឲ្យរកនេះ ឲ្យរកនោះ រកមិនចេះចប់ តាំងពីសម្លៀកបំពាក់គ្រឿងអលង្ការ រហូតដល់រថយន្តល្អៗទំនើបៗ។ ម៉ែឪខ្លះចេះតែទ្រោលទៅ ហើយម៉ែឪខ្លះទ្រោលទៅពុំរួច ក៏តាំងកាច់ពត់ក្មេង នោះមកវិញ។ ពេលពត់នោះហើយ ម៉ែឪ ១០០ភាគរយថ្ងូររហ៊ឹះ គ្រវីក្បាលតតាត់ ដកដង្ហើមធំប្រាប់គេប្រាប់ឯងថា ហ៊ឹះ...អាកូនខ្ញុំ មីកូនខ្ញុំវាធ្វើឲ្យខ្ញុំលំបាកដល់ហើយ ទារនេះទារនោះរហូត ហើយរៀនសូត្រអ្វីៗ មិនកើតសោះ ឃើញតែពួកម៉ាក ទៅណេះទៅណោះ ព្រូចុះព្រូឡើង! ហើយគាត់ចង់ឲ្យ គេជួយដោះស្រាយ។

-គប្បីម៉ឺងម៉ាត់ឲ្យបានយូរអង្វែង. នៅសង្គម ឬប្រទេសណាក៏ដោយ លុះត្រាអ្នកកាន់អំណាចនោះ ប្រយ័ត្នប្រយែងខាងផ្លូវច្បាប់ គោរពច្បាប់ទៅផងទើបបានចម្រើន ច្បាប់នោះឯងមានប្រសិទ្ធភាព។ ដូចជាគ្រួសារនិមួយៗទាល់តែមេគ្រួសារនោះពូកែម៉ឺងម៉ាត់ ទើបគ្រួសារនោះបានត្រឹមត្រូវទៅតាមគន្លងល្អ មិនមែនរង់ចាំតែ សមាជិកគ្រួសារនោះគោរពតាមតែឱវាទខ្លួនជាមេនោះទេ។ យ៉ាងណាមិញប្រទេសជាតិនីមួយៗក៏ដូច្នោះដែរ គួរណាស់រក្សាអំណាចឲ្យ ស្ថិតនៅក្នុងគន្លងច្បាប់ទៀងទាត់ ម៉ឺងម៉ាត់ ទើបប្រជាពលរដ្ឋបានសុខសាន្តទៅកើត តែកាលណាមិនគោរពច្បាប់ ធ្វើតាមតែតណ្ហារបស់ខ្លួន នោះប្រទេសជាតិទៅមុខពុំរួចទេ នៅតែវិលវល់ដូចបែបចាស់ ដដែលជាដដែល។ ម៉្យាងទៀត បើយើងតឹងម៉ឺងម៉ាត់ពីដំបូងយ៉ាងណា យើងត្រូវតឹង ត្រូវម៉ឺងម៉ាត់ឲ្យរហូតទៅ កុំតឹងម៉ឺងម៉ាត់តែមួយឆាប រួចធូរស្ពែតនោះ។

-ការមន្ទិះសង្ស័យ. អ្នកដឹកនាំរដ្ឋខ្មែរ តាំងតែពីដើមមកចូលចិត្តសង្ស័យគ្នាទៅវិញទៅមក។ ការសង្ស័យនេះចេញផលជាការកាប់សម្លាប់គ្នាឥតត្រាប្រណី។ អ្នកដែលកំពុង កាន់អំណាច រមែងតែងតែមិនទុកចិត្តចំពោះអ្នកដែលធ្លាប់រួមការងារជាមួយដោយចេះតែក្រែងថា តិចលោអានេះវាដណ្ដើមអំណាចអញទៅ! តិចលោអីចេះ តិចលោអីចោះ! ច្រើនប្រការ។ ជូនមានអាម៉ីអាថោងចាក់រុកបន្តិចផងនោះ ក៏តាំងជឿមែនទែន, ដល់មកត្រង់ណេះក៏តាំងរកលេសចោទប្រកាន់សហការីនោះ ឬមិត្តនោះ ឲ្យគ្នាទៅជាអាក្រក់ ដើម្បី យកទៅសម្លាប់ចោលទទេទៅ។ ផលវិបាកដែលកើតឡើងដោយការចេះតែសង្ស័យគ្នានេះ ជួនកាលនាំឲ្យកើតសង្គ្រាម ក្នុងស្រុកដ៏ធំទៅផង ក៏មាន។

-គួរឧស្សាហ៍កត់ត្រាព្រឹត្តិការណ៍ផ្សេងៗ. តាមធម្មតា ឯកសារ និងព្រឹត្តិការណ៍ទាំងឡាយនៃសកលលោក និងប្រទេសជាតិ រមែងមានតម្កល់ទុកនៅបណ្ណាល័យជាតិ។ បណ្ណាល័យជាតិជាឃ្លាំងឯកសារដ៏ធំ។ ប៉ុន្តែចំពោះបណ្ណាល័យជាតិយើងវិញ បើមានអ្នកនិពន្ធណាត្រូវការស្រាវជ្រាវរកឯកសារណាមួយនោះពិបាករកណាស់ ហើយជួនកាលរកពុំមានផង ជាពិសេសថ្ងៃខែឆ្នាំនៃព្រឹត្តិការណ៍ជំនាន់មុនៗរកគ្មានសោះតែ ម្ដង ពីព្រោះគ្មាននរណានឹង រវល់កត់ត្រាទុកសោះ។ ប្រការមួយទៀត មកពីអ្នកខ្លះទៅពិនិត្យឯកសារ ឬ អានសៀវភៅមុនណាមួយ ឃើញរឿងត្រង់ដែលខ្លួន ត្រូវការខ្ជិលចម្លង ក៏តាំងលួចហែកត្រង់វគ្គនោះ មួយដុំចេញមកជាសម្បត្តិ ផ្ទាល់ខ្លួនតែម្តង។ គំនិតនេះចង្រៃធំ ព្រោះបានបំបាត់ឯកសារមួយទទេ មិនឲ្យអ្នកដទៃទៀត បានដឹងផង។

គួរបញ្ជាក់ថា រាល់គំនិត ទស្សនៈ ដែលបានលើកឡើងខាងលើរបស់លោក ប៉ុណ្ណ ចន្ទម៉ុល នេះ គឺសុទ្ធតែលោកបានជួបប្រទះ ឃើញ ដឹងឮ ជាពិសេសបានចូលរួម ជួយទប់ស្កាត់ អប់រំ ណែនាំ ទូន្មាន ឲ្យអ្នកប្រព្រឹត្តិអំពើខុសឆ្គងនោះបញ្ឈប់សកម្មភាពទៀតផង រួចបើចង់ជ្រាបនូវព្រឹត្តិការណ៍ ឬហេតុការណ៍ នោះពិស្តារ សូមអានសៀវភៅ របស់លោក។ ដូច្នេះយើងទាំងអស់គ្នាគិតមើលថា អំឡុងទសវត្សរ៍ ឆ្នាំ១៩៤០-១៩៥០ ដែលលោក ប៉ុណ្ណ ចន្ទម៉ុល តស៊ូក្នុងឆាកនយោបាយ ក្នុងសង្គមខ្មែរ គឺបានមើលឃើញចិត្តគំនិតមនុស្សខ្មែរមិនមានការផ្លាស់ប្តូរទម្លាប់អាក្រក់ដែលមានពីមុននោះចេញទេ គឺធ្វើដូចមនុស្សខ្មែរជំនាន់មុនដដែល។ រហូត ដល់ឆ្នាំ១៩៧៣ ដែលលោកបានបោះពុម្ពសៀវភៅ «ចរិតខ្មែរ» ក៏មនុស្សខ្មែរជំនាន់ឆ្នាំ១៩៧៣នោះ មិនបានផ្លាស់ប្ដូរទៀត ចុះគិតពីឆ្នាំ១៩៧៣ មកដល់បច្ចុប្បន្ននេះ (២០១៤) តើមនុស្សខ្មែរ នៅតែរក្សាចរិតអាក្រក់នេះតទៅទៀត ឬក៏មានការផ្លាស់ប្តូរខ្លះដែរ? ចម្លើយនៃសំណួរនោះ ទុកឲ្យជនរួមជាតិគិតពិចារណា រកចម្លើយដោយ ខ្លួនឯងទៅចុះ បើគិតពីឆ្នាំ១៩៤០ មកដល់ឆ្នាំ២០១៤ គឺមានរយៈពេល ៧៤ឆ្នាំ ហើយបើគិតពីសម័យក្រោយអង្គរមកទៀត មានរយៈពេលជាច្រើនរយឆ្នាំ តើមនុស្សខ្មែរបានរៀនសូត្រ អ្វីខ្លះពីប្រវត្តិសាស្ត្រ របស់ខ្លួនដើម្បីស្ដារ និងកសាងប្រទេសជាតិ ពិសេសក្នុងសម័យទំនើបនេះតែម្តង ឬនៅតែអន់ថយដដែលជាដដែល?

អារម្ភកថា របស់លោក ប៊ុណ្ណ ចន្ទម៉ុល នៅក្នុងសៀវភៅ «ចរិតខ្មែរ» បានបញ្ជាក់ថា ការសរសេរសៀវភៅនេះឡើង ក៏មានគំនិតពុំខុសឆ្ងាយប៉ុន្មានអំពី «គុកនយោបាយ» ជាស្នាដៃទី១របស់លោកដែរ គឺមានបំណងធំចង់ឲ្យខេមរជនមានស្មារតីភ្ញាក់រលឹកភ្លឺថ្លាឲ្យកាន់តែច្បាស់ឡើង យល់បញ្ហាសង្គមជាតិ យល់ផលប្រយោជន៍រួម យល់ចំណោទកសាងជាតិទាន់ពេលវេលា។ «ចរិតខ្មែរ» ស្តាប់ទៅ ដូចជាអ្នកនិពន្ធ មានគំនិតរិះគន់បន្តុះបង្អាប់តែខ្មែរគ្នាឯង ប៉ុន្តែតាមការពិត គឺនិយាយឲ្យឃើញ នូវទិដ្ឋិមានៈ រើសអើងរបស់ខ្មែរមួយផ្នែក ដែលបណ្ដាលឲ្យកើតផលអាក្រក់ដល់សង្គម និងបក្ស។ លោក ប៊ុណ្ណ ចន្ទម៉ុល បន្តថា យើងត្រូវតែប្រយ័ត្ន និងអប់រំ កុំឲ្យមានទិដ្ឋភាពរបៀបនេះទៀត។  ចំណែកយើងទាំងពីរនាក់ ដែលខំលើកយកទស្សនៈ របស់លោក ប៊ុណ្ណ ចន្ទម៉ុល មកផ្សាយតាមគេហទំព័រ ដើមអម្ពិលដោយ សង្ខេបនេះ ក៏មានចិត្តគំនិតមិនខុសពីលោក ប៊ុណ្ណ ចន្ទម៉ុល ដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>