បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ លោក ប៊ុន សេង អនុប្រធាន ក្រុមការងារ ថ្នាក់ជាតិ និងជាប្រធាន ក្រុមការងារ ចុះជួយស្រុកសំឡូត ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស មុខងារសមាជិក ក្រុមការងារ ចុះជួយ មូលដ្ឋាន ភូមិឃុំ ទូទាំងស្រុកសំឡូត ។ ពិធីនេះ ក៏មានការអញ្ជើញ ចូលពីអស់លោក ប្រធាន ក្រុមការងារ នៅតាមបណ្តា ភូមិ ឃុំនានា សមាជិក សមាជិកា ក្រុមការងារ ក្នុងស្រុកសំឡូត ជាច្រើនរូបទៀត។
លោក អេង ហុង អភិបាលស្រុក បានធ្វើមតិស្វាគមន៍ និងប្រកាសសមាសភាព ក្រុមការងារចុះជួយ ភូមិ ឃុំ ទូទាំងស្រុកសំឡូត ដោយបានលើកបញ្ជាក់ថា ការចាត់តាំង បង្កើតក្រុមការងារ ចុះជួយបណ្តាមូលដ្ឋាន ភូមិឃុំទូទាំងស្រុកសំឡូត ដោយបានចែកចេញ ជាក្រុមក្នុងការបំពេញ សកម្មភាពការងារបក្សនិងការងារ ដឹកនាំពង្រឹង មូលដ្ឋាន ដោយរួមគ្នាអនុវត្ត តាមសេចក្តីណែនាំ និងគោលការណ៍ របស់ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ក្នុងនោះ ក៏បានលើកឡើងពី សកម្មភាពក្រុមការងារ ដែលត្រូវបំពេញបន្ថែម និងបញ្ចូលក្របខណ្ឌ ជាសមាជិកក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ។
លោក ប៊ុន សេង ក្នុងនាមក្រុមការងារ ចុះជួយស្រុកសំឡូត បានសំដែងការវាយតម្លៃខ្ពស់ និងកោតសសើរ ចំពោះសមាជិក ក្រុមការងារចុះជួយ មូលដ្ឋានភូមិឃុំ ក៏ដូចជា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សម្រេចបាន នូវរាល់សមិទ្ធិផល ជាច្រើនទៅតាម មូលដ្ឋានរបស់ខ្លួន។
លោក ប៊ុន សេង ក៏បានលើកឡើងទៀតថា សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន ក្រោយពីបានប្រកាស ក្រុមការងារចុះពង្រឹង មូលដ្ឋាន ភូមិឃុំ របស់ស្រុកសំឡូត ត្រូវបង្កើនការ យកចិត្តទុកដាក់ សិក្សាអនុវត្តឲ្យ បានគ្រប់ជ្រុងជ្រោយ រាល់សកម្មភាព របស់ក្រុមការងារ ស្តីពីតួនាទីភារកិច្ច របៀបរបបធ្វើការងារ របស់ក្រុមការងារ គណបក្សចុះមូលដ្ឋាន ក្នុងនោះក្រុមការងារនីមួយៗត្រូវម្ចាស់ការទទួលខុសត្រូវ លើការងាររៀបចំ កសាងផែនការពង្រឹង និងពង្រីកសមាជិក គណបក្ស គ្រប់គ្រង និងពង្រឹងក្រុមបក្ស ឲ្យបានរឹងមាំ ទាំងខាងនយោបាយ និងសតិអារម្មណ៍។
លោក ប៊ុន សេង បានធ្វើការផ្តាំផ្ញើ ដល់ក្រុមការងារ ទាំងអស់ ក្រោយពីទទួលបានសេចក្តីប្រកាសនេះ ត្រូវបង្កើនការ ត្រៀមលក្ខណៈចុះបំពេញការងារ ឲ្យបានល្អ និងឈានធ្វើជាម្ចាស់ការ គ្រប់គ្រងពង្រឹងក្រុមបក្ស សមាជិកបក្ស ឲ្យបានច្បាស់លាស់ ពិតប្រាកដ ដើម្បីធានាទទួលបានជោគជ័យ សម្រាប់លទ្ធផល នៃការបោះឆ្នោត អាណត្តិបន្តបន្ទាប់ទៀតផងដែរ៕