កំពង់ធំ ៖ លោក អ៊ុត សំអន អភិបាលខេត្តកពង់ធំ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានផ្តួចផ្តើមធ្វើបុណ្យ អង្គកឋិនទាន មួយដើម្បីដង្ហែទៅវេរប្រគេន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តជីនិត ស្ថិត នៅឃុំកំពង់ថ្ម ស្រុកសន្ទុកខេត្តកំពង់ធំ ដើម្បីប្រមូលបានបច្ច័យ ទៅកសាងសមិទ្ធផលផ្សេងៗក្នុងទីអារាម ។ កម្មពិធីបុណ្យនេះ ចាប់ផ្តើមធ្វើពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ម៉ោង២រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បី សមាទានសីលនិមន្តព្រះសង្ឃចំរើន ព្រះបរិត្តនិងសំដែងធម៌ទេសនា នៅគេហដ្ឋាន លោក អ៊ុត សំអន នៅភូមិ បល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក អ៊ុត សំអន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បានប្រកបតែនឹង បរមសុខសិរីសួស្ដី ជ័យមង្គល និងពុទ្ធពរគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
សូមកុសល ដែលកើតឡើងអំពីអង្គកឋិនទាន នៅថ្ងៃនេះថ្វាយចំពោះដួង វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» សូមស្តេចទ្រង់ បានសម្រេចនូវរាជសម្បត្តិសួគ៌ទាំង ៦ជាន់ ។
លោក អ៊ុត សំអន បានឲ្យដឹងថា បច្ច័យចំនួន ៥៦.៨៨០.០០០រៀល ដែលបានមកពីអង្គកឋិនទានទាំងអស់ ក្នុងនោះដែរ បច្ច័យរបស់លោកអភិបាលខេត្តកំពង់ធំ ចំនួន ៤៥.៤៥៧.០០០រៀល ត្រូវបានវេរប្រគេនដល់ ព្រះចៅអធិការវត្ត និងគណៈកម្មការវត្តតម្កល់ទុក សម្រាប់កសាងសមិទ្ធផលនានា ក្នុងទីអារាម នេះជាបន្តទៀត រួមនឹងបរិក្ខារមួយចំនួនសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ក្នុងទីអារាមផងដែរ ៕