កំពង់ឆ្នាំង៖ លោកគ្រូម្នាក់ បង្រៀននៅសាលា បឋមសិក្សាភូមិចាស់ ក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ប្រហែល៨៖៣០នាទី យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២ បានដុត ផ្ទះរបស់ខ្លួន ឆេះខ្ទេចតែម្តង ដែលតាមសេចក្តី រាយការណ៍បានឲ្យដឹងថា ជនសង្ស័យរូបនេះ ទំនឹងខឹង ម្តាយរបស់ខ្លួន។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ផ្ទះរបស់ខ្លួនដែលនៅ ជាមួយម្តាយ ហើយបាន ដុតចោលនេះ គឺស្ថិតនៅភូមិចំបក់កន្ទ្រាយ ឃុំតាំងក្រសាំង ស្រុកទឹកផុស។ សេចក្តី រាយការណ៍ បានបន្តទៀតថា លោកគ្រូបង្រៀន ដែលដុតផ្ទះខ្លួនឯងនេះ មានឈ្មោះ ស្រ៊ន សុខុម អាយុ៣២ឆ្នាំ និងម្តាយមានឈ្មោះ ស៊ាក ឃីម អាយុ៤៨ឆ្នាំ ដែលបច្ចប្បន្ន អ្នកទាំងពីរ រស់នៅជាមួយគ្នា។ ក្រោយដុត ផ្ទះរបស់ខ្លួន ជននេះ បានគេចខ្លួន ទៅផ្សារព្រៃខ្មែរបាត់ទៅ។
មិនទាន់ដឹងទំហំ នៃការបាត់បង់ទ្រព្យសម្បត្តិ នៅឡើយទេ ប៉ុន្តែប្រភពព័ត៌មាន ពីអ្នកជិតខាង បានឲ្យដឹងថា លុយជាង២លានរៀល ត្រូវបានខាតបង់ដោយសារ អគ្គិភ័យខាងលើនេះ៕