ភ្នំពេញៈ នៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៤នេះ នៅរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មានពិធីប្រកាសស្តីពីការ តែងតាំងមន្រ្តីរាជការ របស់រដ្ឋបាលជលផល ដែលពិធីនេះ ត្រូវបានរៀបចំ ក្រោមអធិបតី ភាពលោកបណ្ឌិត ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល និងលោក ថៃ វុទ្ធី ប្រធាននាយកដ្ឋានបុគ្គលិក និង អភិវឌ្ឍន៍ធនធានមនុស្ស ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។
លោក សន ថាន់ ប្រធាននាយកដ្ឋានរដ្ឋបាលបានអានប្រកាសរបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លេខ ៥១៤ ប្រក.កសក ចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៤ ស្តីពីការតែងតាំងមន្រ្តីរាជការ គឺបានសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូន ១ លោក ប្រាក់ ធុយ ជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ សហគមន៍នេសាទ ២ លោក ម៉ម សុខដារ៉ា ជាប្រធាននាយក ដ្ឋានមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ៣ នូ សារី ជានាយរងខណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀង និងការប្រកាសតែងតាំង លេខ៤៨២ប្រក.កសក ចុះថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីការតែងតាំង មន្រ្តីរាជការគឺ បានសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូនលោក កើត គា ប្រធានការិយាល័យ វិវាទកម្មនៃនាយកដ្ឋាន កិច្ចការរដ្ឋបាល និងនីតិកម្ម ក្នុងនោះប្រកាសទាំងឡាយ ណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះត្រូវចាត់ទុកជានិរាកណ៍។
បន្ទាប់ពីការប្តេជ្ងាចិត្តរបស់មន្ត្រី ទើបត្រូវបានតែងតាំងថ្មីរួចមក លោកបណ្ឌិត ណៅ ធួក បានមានប្រសាសន៍ចាត់ទុក ការតែងតាំង តំឡើងឋានៈមន្រ្តីរាជការ គឺជាការងារធម្មតា ក្នុងគោលបំណង កែទម្រង់រចនា សម្ព័ន្ធដឹកនាំ និងគ្រប់គ្រង ឲ្យកាន់តែប្រសើរឡើងថែមទៀត ដោយផ្អែកលើសហសក្ខន្តិកះ មន្រ្តី រាជការស៊ីវិល។ លោកបណ្ឌិត ណៅ ធួក បានសំណូមពរ សូមឲ្យមន្រីទើបត្រូវបានតែងតាំង ថ្មីខិតខំរៀនសូត្រ បង្កើតសមត្ថភាព និងខិតខំបំពេញភារកិច្ច ទៅតាមមុខវិជ្ជាជីវៈរបស់ខ្លួន និងតួនាទីដែលអង្គភាព ប្រគល់ជូនជាពិសេសត្រូវរក្សាសាមគ្គីឲ្យបានល្អព្រោះថា សាមគ្គីភាព ជាកត្តានាំមកនូវភាពជោគជ័យ ហើយក្នុងខណៈនោះដែរ គណៈអធិបតីក៏បានអញ្ជើញ ប្រគល់ប្រកាសជូនសាម៉ីខ្លួន នៅតាមអង្គភាពនីមួយៗ៕