ភ្នំពេញ៖ ការរើសអើង គឺជាកត្កាចម្បង ដែលធ្វើក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានធ្លាក់ខ្លួន ទៅប្រកបមុខរបររកស៊ីផ្លូវភេទ ដែលជាមុខរបរមួយ ងាយទទួលរងគ្រោះថ្នាក់ ក្នុងការឆ្លងមេរោគអេដស៍ ដោយសារតែមានការរើសអើង មិនព្រមឲ្យពួកគេចូលទៅបំរើការងារ។
លោក ឈឹម វល័ក្ខ តំណាងក្រុមបុរសតែងខ្លួន ជាស្រីរកស៊ីផ្លូវភេទ បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែត ស្តីពីពួកយើងខុសគ្នាទាំងអស់ តែមានសិទ្ធិដូចគ្នា នៅចំថ្ងៃសិទ្ធិមនុស្ស១០ធ្នូ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២នេះ ថា ការរើសអើងផ្លូវភេទ ពីសំណាក់សហគមន៍រស់នៅ ព្រមទាំង ស្ថាប័នរដ្ឋ និងឯកជនមួយចំនួន បានធ្វើឲ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានធ្លាក់ខ្លួនប្រកបមុខរបររកស៊ីផ្លូវភេទ ដែលធ្វើឲ្យពួកគេងាយប្រឈម នឹងឆ្លងមេរោគអេដស៍។
លោកបន្តថា «គាត់ (បុរសតែងជាស្រី) មានតែព្យាយាមធ្វើម៉េច តុបតែងខ្លួនគាត់ កែច្នៃខ្លួនគាត់ ដើម្បីធ្វើឲ្យគាត់ក្លាយខ្លួន ជាមនុស្សស្រីពិតប្រាកដ ឬក៏អាចត្រឹមថា ទុកសក់វែង ស្លៀកពាក់ជាស្រី តែងខ្លួនឲ្យស្អាត ដើម្បីរកស៊ីផ្លូវភេទតែប៉ុណ្ណោះ។ ពីព្រោះគាត់ សូម្បីការងារក៏មិនអាចទទួលយក បានទាំងរដ្ឋ ទាំងឯកជន ការលក់ដូរពេលខ្លះក៏មានការម៉ាក់ងាយ ការរើសអើងពីសហគមន៍»។
ការលើកឡើងរបស់លោក ឈឹម វល័ក្ខ តំណាងក្រុមបុរសតែងខ្លួនជាស្រីរកស៊ីផ្លូវភេទ ត្រូវបានទទួលនូវការគាំទ្រទាំងស្រុងពីលោក នួន ស៊ីដារ៉ា នាយកប្រតិបត្តិអង្គការកញ្ញា ដែលជាអង្គការដែលផ្តោតទៅលើសិទ្ធិមនុស្ស និន្នាការភេទ និងអត្តសញ្ញាណភេទ។
លោក នួន ស៊ីដារ៉ា នាយកប្រតិបត្តិអង្គការកញ្ញា បានមានប្រសាសន៍ថា ដូចដែលយើងបានដឹងហើយថា ការរើសអើងនៅក្នុងសាលារៀន ក៏ដូចជា នៅក្នុងសង្គមបានជំរុញឲ្យពួកគេសិក្សាបានកំរិតទាប។ អញ្ចឹងហើយមុខរបរដែលពួកគេធ្វើភាគច្រើន គឺមានតែទាក់ទងនឹងការរកស៊ី ប្រកបមុខរបរផ្លូវភេទ។
លោកបន្តថា «អ្វីដែលយើងចង់បាននោះ គឺចង់ឲ្យគាត់ចាកផុតពីភាព ដែលប្រកបរបរជាអ្នកប្រកបរបរផ្លូវភេទ តាមរយៈការបណ្តុះបណ្តាលជំនាញ តាមរយៈការចូលរួមនៅក្នុងសង្គម ការធ្វើការនៅក្នុងសង្គម តាមស្ថាប័ននានា អង្គការ ឬក៏ក្រុមហ៊ុន»។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា តែងតែទទួលរងនូវការរើសអើងប្រឆាំង ដែលជំរុញឲ្យមានការបោះបង់ការសិក្សា កំណត់ឱកាស ការងារ និងកង្វះខាតនៅក្នុងវិស័យសុខភាព និងសេវាសង្គមផ្សេងៗ។ សម្រាប់បុរសស្រឡាញ់បុរស និងស្រីស្រស់ ឬក៏អ្នកដែលស្រឡាញ់ភេទដូចគ្នា នៅតំបន់ជនបទ និងអ្នកដែលធ្វើការ នៅក្នុងកន្លែងកំសាន្តសប្បាយនានា តែងតែទទួលរងនូវការមាក់ងាយ ច្រើនជាងអ្នកស្រឡាញ់ភេទដូចគ្នា នៅតំបន់ជនបទ៕