ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ហ៊ឹម ឆែម ទទួលស្គាល់ពីសារៈសំខាន់ នៃមហោស្រពរូបថតភ្នំពេញ ដោយលោកចាត់ទុកថា ជាព្រឹត្ដិការណ៍វប្បធម៌ ដ៏មានសារៈសំខាន់មួយដែលប្រារឰឡើង ក្នុងទីក្រុងនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីបើកមហោស្រព រូបថតភ្នំពេញកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ លោក ហ៊ឹម ឆែម បានបញ្ជាក់ថា មហោស្រពរូបថតភ្នំពេញ ជាកិច្ចសហប្រតបត្ដិការ រវាងប្រទេសបារាំងនិងកម្ពុជា ក្នុងក្របខ័ណ្ឌនៃសហប្រតិបត្ដិការ វប្បធម៌ និងសិល្បៈ។ ក្នុងរយៈពេលប្រាំឆ្នាំប៉ុណ្ណោះ យុវជនកម្ពុជាជាងមួយរយនាក់ បានទទួលការបណ្ដុះបណ្ដាលផ្នែក ថតរូបស្នាដៃជាង៤០ត្រូវបាន ដាក់តាំងនៅក្នុងមហោស្រព អ្នកដែលមានទេពកោសល្យ ជាងគេក្នុងចំណោមអ្នកទាំងនោះ ត្រូវបានដាក់តាំងបង្ហាញស្នាដៃខ្លួន ក្នុងពិព័រណ៍ជំនួបរូបថតដ៏សំខាន់បំផុត នៅប្រទេសបារាំង។
លោកបន្តថា សំរាប់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មហោស្រពនេះគឺជា ការបញ្ជាក់នូវជោគជ័យនៃលទ្ធភាព ដែលផ្ដល់ដោយសម្ព័ន្ធភាព ប្រកបដោយការត្រិះរិះដ៏ល្អ រវាងកម្លាំងនៃអត្ដសញ្ញាណវប្បធម៌ខ្មែរ និង បច្ចេកទេសសម័យថ្មីផ្នែកសិល្បៈ។ យោងទៅតាមទស្សនៈនយោបាយវប្បធម៌ និងការមើលឃើញជាអន្ដរជាតិ យុវសិល្បករខ្មែរជំនាន់ថ្មី ទាំងនេះគឺជាជោគជ័យដ៏ពិតប្រាកដមួយ។
លោកបញ្ជាក់ថា «មហោស្រពរូបថតភ្នំពេញ ថ្វីត្បិតតែមានអាយុនៅក្មេងខ្ចី ប៉ុន្ដែបានបង្ហាញដល់មហាជននូវ អត្ថប្រយោជន៍នៃការអភិវឌ្ឍន៍ ការបង្កើតស្នាដៃសិល្បៈបែប សម័យនៅប្រទេសកម្ពុជា»។
ភារធារីស្ថានទូតបារាំងនៅកម្ពុជា លោក Domini Que Mas បានថ្លែង ពិព័រណ៍រូបថតភ្នំពេញ បានរៀបចំឡើង ៥ឆ្នាំមកហើយ សម្រាប់ឆ្នាំ២០១២នេះ មានស្នាដៃរូបថតប្រមាណ ១២០០ សន្លឹករបស់អ្នកជំនាញថតរូបខ្មែរ និងបរទេស ២២នាក់ ត្រូវដាក់តាំងនៅ តាមទីសារធារណៈ និងតំបន់មួយចំនួន ១៦កន្លែង នៅក្នុងរាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី៨ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២។
លោកបញ្ជាក់ដែរថា «នៅឆ្នាំនេះកាន់តែមាន ចំនួនអ្នកថតរូប និងស្នាដៃកាន់តែច្រើន ដោយក្នុងនោះមាន អ្នកថតរូបល្បីៗ ចំនួន២២នាក់។ អ្នកថតរូបជនជាតិកម្ពុជា មានចំនួន១០នាក់ ក្រៅពីនេះគឺជាអ្នកថតរូបជំនាញល្បីៗ មកពីប្រទេស បារាំង, សហរដ្ឋអាមេរិក ,ចិន, ស្វីស, ថៃ,ឡាវ, ភូមា, វៀតណាម,គុយបា, អេស្ប៉ាញ ជាដើម។
នៅតាមតំបន់សំខាន់ៗ រូមមាននៅតាមដងផ្លូវ , សួនច្បារ ,សាលពិព័រណ៍, សាកលវិទ្យាល័យ និងតំបន់សំខាន់ៗ សរុប១៦កន្លែង នៅរាជធានីភ្នំពេញ។ លោកបន្ថែមថា ក្រៅពីតំបន់ទាំងនោះ ការដាក់តាំងបង្ហាញ និងចាក់បញ្ចាំងនូវស្នាដៃ រូបថតទាំងនេះក៏នឹង ប្រព្រឹត្តទៅ នៅតាមទូកទេសចរណ៍ ចំនួន៦គ្រឿង ដែលនឹងបណ្តែតខ្លួនចល័ត ចាប់ពីគល់ស្ពានជ្រោយចង្វារ រហូតដល់តំបន់ព្រះរមរាជវាំង។
សូមជម្រាបថា នៅថ្ងៃបើកពិព័រណ៍មហោស្រព រូបថតភ្នំពេញ នារសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ នឹងមានក្បួនម៉ូតូរ៉ឺម៉កកង់បី ប្រមាណ៤០គ្រឿង នាំមហាជនទៅទស្សនាពិព័រណ៍ មហោស្រពរូបថតភ្នំពេញ PPP ២០១២ នៅគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ៕