Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិចារណកថាៈ កិច្ចសហប្រតិបត្តិការ តាមព្រំដែន រវាងកម្ពុជា-ថៃ ជាបញ្ហាសំខាន់បំផុត

$
0
0

ក្នុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីថៃ មកកាន់ប្រទេសកម្ពុជា រយៈពេល២ថ្ងៃ បានផ្តោតសំខាន់ ទៅលើ បញ្ហាជាច្រើន ក្នុងនោះក៏មានទាក់ទងទៅ នឹងបញ្ហាកសាងសន្តិភាព នៅតាមតំបន់ព្រំដែនផងដែរ ។ នៅក្នុងជំនួបរយៈ ពេលជាង២ម៉ោង កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ រវាងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆាបានពិភាក្សា ជុំវិញបញ្ហាពង្រីក កិច្ចសហ ប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្ម និងការ កសាង សន្តិភាពតាមតំបន់ព្រំដែន ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា ចាត់វិធានការ បញ្ឈប់ការបាញ់សម្លាប់ប្រជា ពលរដ្ឋខ្មែរ ដែលចូលទៅកាប់ឈើខុស ច្បាប់ក្នុងប្រទេសថៃ ដើម្បីកាត់បន្ថយ និងការចងគំនុំ របស់ប្រជាពលរដ្ឋខ្មែរ ។

ទាក់ទងនឹងបញ្ហាខាងលើនេះ អ្នកតាមដានស្ថានភាព ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ កម្ពុជាថៃ បាន លើកឡើងថា សំណើ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលស្នើ ឲ្យនាយករដ្ឋមន្រ្តីថៃចាត់វិធាន ការបញ្ឈប់ការបាញ់ សម្លាប់ប្រជាពលរដ្ឋខ្មែរ តំបន់ព្រំដែននោះគឺ ជារឿងដ៏សំខាន់បំផុត ។ ដោយហេតុថា រយៈពេល២ឆ្នាំ ចុងក្រោយនេះទាហានថៃ ឈរជើងនៅតាមតំបន់ ព្រំដែនតាមបណ្តាខេត្តជាប់ព្រំប្រទល់ជាមួយប្រទេសកម្ពុជាដូចជាខេត្ត ស៊ីសាកេត និងខេត្តសុរិន្ទជាដើម បានបាញ់ប្រជាពលរដ្ឋខ្មែរបណ្តាលឲ្យសា្លប់ និងរងរបួសជាច្រើននាក់ដោយចោទ ប្រកាន់ថាប្រជាពល រដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ចូលទៅ កាប់ឈើគ្រញូងលើទឹកដីថៃ ។ ដូច្នេះរាជរដ្ឋាភិបាលថៃដែលមាន លោក ប្រាយុទ្ធ ចាន់អូឆា គួរពិចារណាឡើងវិញនូវបញ្ហានេះ ហើយត្រូវចាត់វិធានការទប់ស្កាត់ កុំឲ្យទាហានថៃ ដែលឈរ ជើងនៅតាមតំបន់ព្រំដែនប្រើកាំភ្លើងបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរតាមអំពើចិត្តតទៅទៀត ហើយ ត្រូវចាត់វិធានការតាម ច្បាប់នៅពេល ដែលប្រជាពលរដ្ឋខ្មែរ ឆ្លងដែនចូលកាប់ឈើ គ្រញូងលើទឹក ដីថៃ ។

សូមបញ្ជាក់ថា ពេលចាប់ផ្តើមកិច្ចពិភាក្សា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បានថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានអញ្ជើញរូបលោក និងទទួល ស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ ដំណើរលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជា ។ លោក ប្រាយុទ្ធ ចាន់អូឆា បានថ្លែង កោតសរសើរសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកនយោបាយជើងចាស់ និងចាស់ទុំ មួយរូបនៅក្នុងតំបន់អាស៊ី ។ លោក ប្រាយុទ្ធ ចាន់អូឆាបាន បង្ហាញនៅគោល ជំហររបស់ខ្លួន ដែលចង់ បង្កើន កិច្ចសហការជាមួយកម្ពុជាឲ្យបានកាន់តែខ្លាំងក្លាថែមទៀតលើវិស័យសេដ្ឋកិច្ច តាមរយៈបង្កើត តំបន់សេដ្ឋកិច្ចតាមបន្ទាប់ព្រំដែន ជាពិសេសអភិវឌ្ឍន៍ នៅតាមតំបន់ព្រំដែន ដូចជានៅខេត្តស្រះកែវ ជាប់ព្រំប្រទល់ជាមួយកម្ពុជា និងបណ្តាខេត្តផ្សេងៗទៀត  ។ ជំហររបស់នាយករដ្ឋមន្រ្តីថៃ បែបនេះគឺ ជារឿងប្រសើរបំផុត ប៉ុន្តែអ្វីដែលជាកត្តាសំខាន់ មិនអាចខ្វះបានគឺកិច្ចសហប្រតិបត្តិការ ពង្រឹងសនិ្តសុខ នៅតាមព្រំដែនដើម្បីសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅ និងប្រកប របរទទួលទានតាមតំបន់ព្រំដែន ។

ជាការឆ្លើយតបសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញឲ្យមានការដោះស្រាយ ដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងល្អ ខិតខំដោះស្រាយខ្សែ បន្ទាត់ ព្រំដែន ឲ្យទៅជាព្រំ ដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។ សម្តេចប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានជំរុញឲ្យពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យ ផ្សេងៗទៀតឲ្យអស់សក្តានុពល រួមមានដូចជា ការតភ្ជាប់ ផ្លូវថ្នល់ ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងបណ្តាញ អគ្គិសនី ព្រមទាំងការបើកច្រកព្រំដែន និងការបង្កើតផ្សារនៅ តាមតំបន់ព្រំដែន ។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ការប្រយុទ្ធ ប្រឆាំងឧក្រិដ្ឋកម្ម ការជួញដូរ មនុស្ស ការជូញដូរគ្រឿងញៀន និងការកាប់ឈើជាដើម ហើយភាគីថៃត្រូវចូលរួមសហការ ដោះស្រាយ គ្រោះធម្មជាតិដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ ។

សំណើដ៏សំខាន់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺស្នើឲ្យនាយករដ្ឋមន្រ្តីថៃ ចាត់វិធានការកុំឲ្យ មានការ បាញ់ សម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលចូលទៅកាប់ឈើខុស ច្បាប់នៅក្នុងទឹកដីថៃ ហើយដើម្បីដោះស្រាយ បញ្ហានេះ ក្រសួងការ បរទេសកម្ពុជាបានបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍ថ្នាក់ជាតិមួយដើម្បីត្រួតពិនិត្យ និងល្បាតលើបញ្ហានេះ ដោយឡែក ភាគីថៃមិនទាន់បង្កើតនៅឡើយទេ ។ ទាក់ទងទៅនឹងសំណើ ដ៏សំខាន់ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាដូចខាងលើនេះ មជ្ឈដ្ឋាននានាសង្ឃឹមថា នាយករដ្ឋមន្រ្តីថៃ ត្រូវចាត់វិធានការ ទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យទាហានថៃ ដែលឈរជើងតាម តំបន់ព្រំដែនបាញ់ សម្លាប់ ប្រជាពលរដ្ឋខ្មែរ យ៉ាងសាហាវ ព្រៃផ្សៃតទៅទៀត ។ ជាពិសេសភាគីទាំងពីរកម្ពុជា-ថៃ អាចពង្រឹងកិច្ច សហប្រតិបត្តិការដើម្បីសន្តិសុខ សន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែន ហើយប្រែក្លាយតំបន់ព្រំដែន ក្លាយ ទៅជាទីផ្សារសេដ្ឋកិច្ច ពាណិជ្ជកម្មយ៉ាងរស់រវើកប្រកប ដោយភាព រីកចម្រើនជាមិនខាន ៕


Viewing all articles
Browse latest Browse all 8042

Trending Articles