ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមជា មួយនឹងគណៈកម្មការអាចារ្យ និងព្រះសង្ឃវត្តពូនភ្នំ និង វត្តភ្នៀត ដើម្បីរៀបចំពិធីក្រុងពាលីសែនព្រេន ដល់ម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខសេចក្តីចំរើន ទៅតាមទំនៀបទំលាប របស់ខ្មែរយើងតាំងពីបុរាណមក ដើម្បីរំកិលទូកងចុះទឹកទៅចូលរួមក្នុងពិធីបុណ្យជាតិអ៊ុំទូក អកអំបុក ។
ពិធីនេះមានការចូលរួមពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក សេង គន្ធ អភិបាលរង លោក ឃឹម ស៊ុនសូដា អភិបាលរងរួម និងមន្ត្រីជុំវិញការិយាល័យខណ្ឌផងដែរ។
គណៈកម្មការវត្តពូនភ្នំ គ្រប់គ្រងទូកងនោះបានឲ្យដឹងថា ទូកង ដែលកំពុងរៀបចំពិធីក្រុងពាលី រំកិលចុះទឹក នាពេលនេះ មានឈ្មោះថា នាគរាជសែនជ័យ ដែលបានស្ថាបនាឡើង នៅឆ្នាំ១៩៩៥ មានបណ្តោយ ស្មើរនិង៣៧.៧ម៉ែត្រ និងមានចំណុះកីឡាករ៧៧នាក់ ក្នុងនោះដែរកីឡាករត្រៀមចំនួន១០នាក់ ហើយ ធ្លាប់ បានចូលរួមប្រកួតប្រជែងក្នុងពិធីបុណ្យជាតិចំនួន៥លើកហើយទទួលបានលេខ២ ជារៀងរាល់ឆ្នាំ។ ចំណែកឯគណៈកម្មការគ្រប់គ្រងទូកងវត្តភ្នៀត បានឲ្យដឹងដែរថា ទូកងដែលទៅចូលប្រកួតប្រជែង ក្នុងពិធីបុណ្យអុំទូកអកអំបុកនាពេលខាងមុខនេះ មានឈ្មោះថាភ្នៀត សិម្ពលីសែនជ័យ បារមីមានរិទ្ធិ បានស្ថាបនាឡើង នៅឆ្នាំ១៩៩៨ ដែលមានបណ្តោយ៣៤ម៉ែត្រ ចំណុះកីឡាករ៨០នាក់ និងកីឡាករ បំរុងនោះមាន៣០នាក់ ហើយធ្លាប់បានចូលរួម ប្រកួតប្រជែងទូទាំង ប្រទេសក្នុងពិធីបុណ្យអុំទូក អកអំបុក ចំនួន១១ លើកហើយទទួលបានលេខ២ ចំនួន១០លើក និងលេខ៣ មួយលើកផងដែរ ។
គណៈកម្មការវត្តបានបន្តថា កាលពីអំឡុងឆ្នាំ៨០វត្តភ្នៀតនេះ មានទូកងចំនួន៣ គឺឈ្មោះ ខ្លែងក្លាហាន, សំរិទ្ធិមានបាន និងអកវាសនាមហារិទ្ធិ ទូកទាំងបីរនេះ គឺប្រកួតប្រជែង មិនដែលទទួលបានលេខ២ម្តង ណាទេ គឺទទួលបានលេខ១ ជារៀងរាល់ឆ្នាំ ដូច្នេះឆ្នាំនេះទូកងវត្តភ្នៀត នឹងទទួលបានលេខ១ ក្នុងការ ប្រកួតប្រជែងជាមិនខាន។
ជាមួយគ្នានោះដែរលោក ហែម ដារិទ្ធិ បានមានប្រសាសន៍ ដោយផ្តាំផ្ញើដល់កីឡាករទូកងទាំងអស់ត្រូវតែមានស្មារតីខ្ពស់ ក្នុងការប្រកួតប្រជែង និងខំប្រឹងបឲ្យអស់ ពីលទ្ធភាពកម្លាំងកាយចិត្ត ដើម្បីនាំយក ជោគជ័យ១០០ភាគរយ ជូនខណ្ឌពោធិ៍សែនជ័យយើងវិញ ។ ក្នុងនោះដែរក្រុមការងារ ចុះជួយដល់ សង្កាត់ស្នោ បានប្រកាសដោយលើកទឹកចិត្ត ដល់បងប្អូនកីឡាករទូកង វត្តភ្នៀត ទាំងអស់ប្រសិន បើទូកយើងទទួលបានលេខ១ ក្នុងការប្រកួតនោះលោកនិង ឧបត្ថម្ភចំនួន១០លានរៀល ហើយប្រសិន បានត្រឹមលេខ២នោះ គឺលោកឧបត្ថម្ភចំនួន៥លានរៀល ប៉ុន្តែប្រសិនបើពុំមាន ចំណាត់ថ្នាក់នោះគឺ លោកនិងឧបត្ថមចំនួន៣លានរៀលផងដែរ ។
ជាចុងបញ្ចប់ លោក ហែម ដារិទ្ធិ បានចែកអំណោយដល់ កីឡាករទាំងអស់ដោយម្នាក់ៗ ទទួលបានសារុង ២និងថវិកាចំនួន៤ម៉ឺនរៀលផងដែរ ៕