ភ្នំពេញ : ក្រុមកីឡាករអុំទូកទាំងអស់ បានប្តេជ្ញាចិត្ត ដណ្តើមយកជ័យជំនះ ក្នុងពិធីប្រណាំងទូក រយ:ពេល៣ថ្ងៃ នៅ មុខព្រះបរមរាជវាំង ដើម្បីកិត្តិយសខ្លួនឯង និងដើម្បីមុខមាត់កិត្តិយស របស់សាលាខណ្ឌមានជ័យផងដែរ ។
សម្រែកប្តេជ្ញាចិត្ត របស់ក្រុមកីឡាករ ចំណុះទូកទាំងអស់បែបនេះ ខណ:លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងសហការី ចុះជួប សំណេះសំណាល ជាមួយកីឡាករអុំទូក នៅក្នុងវត្ត ចាក់អង្រែលើ ដែលមាន ឈ្មោះ សំហេង សែនជ័យ បារមីចាក់អង្រែ មានចំណុះ ៧៥នាក់ និងវត្តចាក់អង្រែ ក្រោម ឈ្មោះ នាគខៀវមានជ័យ មានចំណុះ ៨៥ នាក់ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
លោក ពេជ្រ កែវមុនី បានមានប្រសាសន៍ថា អំណោយទាំងនេះ គឺជាទឹកចិត្តស្រឡាញ់ លើកស្ទួយលើវិស័យ កីឡា ពិសេសការប្រកួតប្រណាំងទូកង ដែលជាប្រពៃណីខ្មែរ តែងតែប្រារព្ឋធ្វើឡើង រៀងរហូតមកនោះ ។ លោកអភិបាល ខណ្ឌ ក៏បានផ្តាំផ្ញើដល់កីឡាករទូកទាំងអស់ ត្រូវតែគោរពវិន័យ ស្តាប់តាមការណែនាំរបស់អ្នកគ្រប់គ្រង មានសីលធម៌ ល្អ ខំធ្វើការហ្វឹកហាត់អោយបានខ្លាំងក្លាថែមទៀត ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌមានជ័យ បានសំណូមពរដល់គណ:កម្មការគ្រប់គ្រងទូក និងកីឡាករចំណុះទូក ទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការគោរពវិន័យ និងបទបញ្ជា ក្នុងការប្រណាំងទូក រួមទាំងការថែទាំសុខភាព ដើម្បី ឈានទៅដណ្តើមយកជ័យជំនះ ដើម្បីកិត្តិយសខណ្ឌ សង្កាត់របស់យើង និងរួមចំណែកញាំងអោយព្រះរាជពិធី បុណ្យ អុំទូករយ:ពេល ៣ថ្ងៃនេះ មានសេចក្តីសុខ សប្បាយរីករាយទាំងអស់គ្នា ។
ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់ជាស្បៀងអាហារ ដល់កីឡាករចំណុះទូកទាំង ២នេះ និងដើម្បីលើកទឹកចិត្ត ដល់កីឡាករទូក ដែលកំពុងហ្វឹកហាត់ ត្រៀមប្រកួត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នាថ្ងៃទី៥-៦-៧ ខែវិច្ឆិកា ស្អែកនេះ លោក ពេជ្រ កែវមុនី បាននាំយកអំណោយ ផ្តល់ជូនដល់ទូកទាំង ២នេះ រួមមាន សម្រាប់ក្រុមកីឡាករ ចំនួន ៨៥ នាក់ ថវិកាម្នាក់ៗ ១០ម៉ឺនរៀល មី ១កេស និងអង្ករ ២៥គីឡូក្រាម ។ ដោយ សម្រាប់គណ:កម្មការ គ្រប់គ្រងទូក រួមមានថវិកា ៦លានរៀល អង្ករ ២៥០គីឡូក្រាម, សាច់ប៉ាត់តេ ៥០គីឡូក្រាម, ទឹកសុទ្ឋ ៥០យួរ, បារី ១ប៊ិច, ទឹកត្រី ៥យួរ, ទឹកស៊ីអុីវ ៥យួរ, សាច់ជ្រូកមួយចំហៀង, ទឹកដោះគោ ១៩កំប៉ុង និង ស្ករស ២០កញ្ចប់ ជូនដល់ក្រុមកីឡាករទូក ដែលកំពុងហ្វឹកហាត់ នៅតាមដងទន្លេបាសាក់ ៕