តាកែវ ៖ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលាបឋមសិក្សា ហ៊ុន សែន ចារ ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្ត តាកែវ មានពិធីបើកបវេសនកាល និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សហ៊ុន សែន ចារ និងសិស្សានុសិស្ស ហ៊ុន សែន ៧ មករា ដែលពិធីនេះ ត្រូវបានរៀបចំ ស្ថិតក្រោមអធិបតីភាព លោក ណៅ ធួក ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ព្រមទាំងមានចូលរួមពីលោក មាស សីថុល លោកគ្រូ ព្រឹទ្ធាចារ្យ សុខ កូ និងព្រះចៅអធិការវត្តចារ នាង ថេម ។ លោក អែល សំអឿន នាយកសាលាបឋមសិក្សាហ៊ុន សែន ចារ បានឡើងរាយការណ៍ អំពីសមិទ្ធិផលសម្រេចបាន នាឆ្នាំសិក្សា២០១៣-២០១៤ និងទិសដៅត្រូវអនុវត្តឆ្នាំសិក្សា ២០១៤-២០១៥ ត្រៀមរៀបចំអភិវឌ្ឍន៍បន្ត និងបានថ្លែងអំណរគុណ ចំពោះលោក ណៅ ធួក ដែលជួយឧបត្ថម្ភ នូវ ការកសាងបន្ទប់ទឹក ចំនួន ៣ នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ចារ និងសាលាបឋមសិក្សា ហ៊ុន សែន ៧មករា។
លោក ណៅ ធួក បានមានប្រសាសន៍នៅក្នុងពិធីថា « ថ្ងៃបើកបវេសនកាលថ្មី នាថ្ងៃនេះគឺជាវេទិកា ដ៏សំខាន់មួយ សម្រាប់វិស័យអប់រំនៅកម្ពុជាយើង សម្រាប់ឆ្នាំសិក្សាថ្មី២០១៤-២០១៥ គឺជាថ្ងៃចាប់ផ្តើមឆ្នាំ សិក្សាថ្មី សម្រាប់សិស្សា នុសិស្ស ជាកុលបុត្រ កុលធីតា ជាទីស្រឡាញ់របស់យើគ្រប់គ្នា ហើយក៏ជាថ្ងៃដំបូងនៃជីវិតរៀនសូត្រ របស់កុមារ ដែល ទើបនឹងពេញវ័យ ត្រូវចូលរៀន » ។
លោក ណៅ ធួក បានមានប្រសាសន៍បន្ថែមទៀតថា ចាប់តំាងពីការរំដោះប្រទេសចេញពីរបបដ៏យង់ឃ្នង ប្រទេស កម្ពុជាបានបានចាប់ផ្តើមសាជាថ្មីឡើងវិញ ពីចំណុចសូន្យដោយឈរលើគោលការណ៍ អ្នកចេះច្រើនបង្រៀនអ្នកចេះ តិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ ។ ជាចុងក្រោយ លោក ណៅ ធួក បានសូមផ្តាំទៅដល់ប្អូន ជាសិស្សា នុសិស្ស ត្រូវខិតខំរៀនសូត្រ ហើយមិនត្រូវគេចសាលា និងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជាការសេពគ្រឿងញៀន បងតូចបងធំ ល្បែងស៊ីសង ភ្លេចការរៀនសូត្រឡើយ សូមប្អូនៗចាំថា « គ្នាននរណាចាស់ហួសរៀនទេ រៀនហើយ រៀនទៀត ប្រសិនបើយើងឈប់រៀននាថ្ងៃនេះ នោះយើងនឹងក្លាយទៅជាមនុស្សល្ងង់នៅថ្ងៃស្អែក »។
លោក មាស សីថុល លោកគ្រូព្រឹទ្ធាចារ្យ សុខ កូ និងព្រះចៅអធិការវត្តចារបានផ្តល់ សៀវភៅ ១៣៤០ក្បាល ប៊ិច ១៤២០ ឯកសណ្ឋានសិស្ស២៦សម្រាប់ សៀវភៅវចនានុក្រមចំនួន២ សៀវភៅប្រវត្តិសាស្រ្ត ចំនួន៤ក្បាល និងជូន ចំពោះលោកគ្រូ អ្នកគ្រូចំនួន ២០នាក់ ក្នុង១នាក់ៗថវិកា ៣ម៉ឺនរៀល ឧបត្ថម្ភថវិកា ដល់សិស្សានុសិស្សចំនួន ៦៧៨ នាក់ ក្នុងម្នាក់ៗទទួលបាន ៣ពាន់រៀល ឧបត្ថម្ភថវិកា ៤០០ដុល្លារ ដល់ សាលាបឋមសិក្សាហ៊ុន សែនចារ ដោយឡែក លោក មាស សីថុល និងលោកគ្រូព្រឹទ្ធាចារ្យ សុខ កូ បានឧបត្ថម្ភថវិកាមួយចំនួន ជូនប្រជាពលរដ្ឋដែលជាមាតា បិតា របស់សិស្សក្នុងពិធីនេះផងដែរ ៕