ភ្នំពេញ៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានស្នើសុំលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យមើលឡើងវិញចំពោះ ការដំឡើងប្រាក់ឈ្នួល របស់កម្មករ-និយោជិត មុនបំណាច់ឆ្នាំ២០១២។
ឆ្លៀតឱកាសឆ្លើយនឹងសំណួរ របស់អ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតនៅថ្ងៃទី១១ ធ្នូ ២០១២ ស្តីពី ផលប៉ះពាល់ថ្នាក់ជាតិនៃ កំណែទម្រង់ប្រព័ន្ធ អនុសញ្ញារួមនៅកម្ពុជា នាសណ្ឋាគារ Imperial រាជធានីភ្នំពេញ អនុប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) លោក សួង ហ៊ួត បានស្នើ ក្រសួងការងារឲ្យដំឡើងប្រាក់ឈ្នួលពី៦១ដុល្លារ រហូតដល់១៥០ដុល្លារក្នុងមួយខែ ជូនដល់កម្មករ-កម្មការិនី។ លោកបានលើកឡើងថា បច្ចុប្បន្នមានតែ កម្ពុជាប៉ុណ្ណោះ ដែលមានប្រាក់ឈ្នួលកម្មករ ទាបជាងគេ ក្នុងចំណោមប្រទេសជា សមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (ASEAN)។
មិនខុសពីការស្នើសុំលើកមុនៗឡើយ ថ្នាក់ដឹកនាំសម្ព័ន្ធសហជីពរូបនេះ បានរៀបរាប់អំពីជីវភាពកម្មករ-កម្មការិនីដែលមានគម្លាតឆ្ងាយ ពីតម្លៃទំនិញ លើទីផ្សារបច្ចុប្បន្ន ហើយពួកគេត្រូវប្រឈមយ៉ាងខ្លាំង លើការចំណាយថ្លៃទឹក ភ្លើង រថយន្តឈ្នួល ផ្ទះ ម្ហូបអាហារ និងតម្រូវការផ្សេងៗប្រចាំថ្ងៃ ហើយលើសពីនោះទៅទៀត ចំពោះស្ត្រីមានផ្ទៃពោះវិញ គឺត្រូវចំណាយទៅលើថ្លៃទឹកដោះគោ ឲ្យកូនទៀតផងដែរ។
លោក សួង ហ៊ួត បានកត់សម្គាល់បន្ថែមថា «ករណីប្រាក់ឈ្នួលកម្រិតទាប ធ្វើឲ្យកម្មករ និយោជិតខ្វះអាហារូបត្ថម្ភ បណ្តាលឲ្យដួលសន្លប់ជាបន្តបន្ទាប់។ ម្យ៉ាងទៀត បញ្ហាប្រាក់ឈ្នួលទាបនេះ ជាកត្តាដែលជំរុញឲ្យពលករខ្មែរ ធ្វើចំណាកស្រុកទៅរកការងារ ធ្វើនៅក្រៅប្រទេស ជាពិសេសនោះ គឺប្រទេសម៉ាឡេស៊ី»។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឡើយ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធនឹងការសុំ ដំឡើងប្រាក់ខែកម្មករនេះ។
នៅតាមរោងចក្រក្នុងប្រទេសកម្ពុជា មានប្រហែល២៥០សហជីព ជាតួលេខថ្មី កម្មករមានប្រហែល៥០ម៉ឺននាក់ ក្នុងចំណោមនោះដែរមាន ៨០ភាគរយគឺជាស្ត្រី ហើយមាន២០ ភាគរយ គឺជាបុរស នេះបើយោងតាមក្រសួងការងារ៕