ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ ១៧គ្រួសារ បាននាំគ្នាឈរលើកបដានៅមុខផ្លូវ ដើម្បីទាមទារបញ្ឈប់ សកម្មភាព បូមខ្សាច់ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ នៅថ្ងៃទី១១ ធ្នូ ២០១២។
លោក ពំ លូត អាយុ ៥៨ឆ្នាំ តំណាងប្រជាពលរដ្ឋ ដែលរស់នៅភូមិស្វាយប៉ាក បាននិយាយឲ្យដឹងថា ពួកគេនៅ បន្តមានការភ័យខ្លាច រឿងបាក់ច្រាំងតាមដងទន្លេ ដោយសារការបូមខ្សាច់នៅតំបន់នោះ បន្ទាប់ពីពួកគេ បានរត់ ទៅប្តឹងអាជ្ញាធរជួយអន្តរាគមន៍។
លោកថា ១៧គ្រួសា តវ៉ានៅមុខផ្លូវលើកបដាទាមទារការបញ្ឈប់ ខណៈដែលគ្រួសារមួយចំនួនព្រមចាកចេញ ជាថ្នូរនឹងទឹកប្រាក់៥០០ដុល្លារ “ពួកខ្ញុំអត់ព្រមទេ នៅបន្តតវ៉ាទាល់តែមានដំណោះស្រាយ ហើយឥឡូវ ក្រុមហ៊ុន បន្តធ្វើសកម្មភាព”។
លោក ពំ លូត បន្ថែមថា ព្រមជាមួយគ្នានេះខាងអាជ្ញាធរ ក៏បានផ្តល់សំណងមក ឲ្យក្រុមប្រជាពលរដ្ឋដែរ ប៉ុន្តែ ភាគច្រើនពួកគេ មិនទទួលយកទេ ដោយសារ វាមានចំនួនតិចតួច។ ក្នុងចំណោមប្រជាពលរដ្ឋជាង ២០គ្រួសារ មានជិត ៥គ្រួសារប៉ុណ្ណោះ សុខចិត្តទទួលសំណង ដោយធ្វើការផ្លាស់ទី មិនទាមទារធ្វើការតវ៉ា រីឯគ្រួសារផ្សេង ទៀត បន្តទាមទារដោយនាំគ្នា ទៅដាក់បណ្តឹងអាជ្ញាធរ ហើយកាលពីសប្តាហ៍ទៅក្រុមអាជ្ញាធរ បានចុះទៅវាស់ វែងផ្ទះរបស់ពួកគេដើម្បីរកដំណោះស្រាយ។
សូមជម្រាបថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១២ ប្រជាពលរដ្ឋជិត ២០គ្រួសារ មានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពី មានសកម្មភាពបូមខ្សាច់នៅតំបន់នោះ ចាប់តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយសសរផ្ទះរបស់ពួកគេ បានចាប់ផ្តើម ប្រេះ៕