ភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ ដែលជាកង្វល់ របស់ រាជរដ្ឋាភិបាល និងអនុវត្តន៍តាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ ចរាចរណ៍»នោះ នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ កម្លាំងនគរបាល ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ជាង២០នាក់ បានដាក់ ប៉ុស្តិ៍ត្រួតពិនិត្យ ជាតិអាល់កុល និងអប់រំច្បាប់ ចរាចរណ៍ ដល់ប្រជាពលរដ្ឋ ទាំងការធ្វើ ដំណើរតាមម៉ូតូ និងតាមរថយន្ត លើកំណាត់ផ្លូវ៥៩៨ ខាងជើង ស្ពានអាកាស ៧មករា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
យុទ្ធនាការ ចុះពង្រឹង ច្បាប់ចរាចរណ៍ ផ្លូវគោក និងត្រួតពិនិត្យ ជាតិអាល់កុល នៅតាម ដងផ្លូវខាងលើនេះ បានធ្វើឡើង អស់រយះពេលជាង១ម៉ោង ក្រោមការដឹកនាំ បញ្ជាផ្ទាល់ ពីសំណាក់ លោកវរសេនីយ៍ទោ ចីវ ហាក់ នាយការិយាល័យ ចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ប៉ែន ឃុន នាយរង ការិយាល័យ និងមន្រ្តីនគរបាល ចរាចរ មួយចំនួនទៀត ។
លោក ចីវ ហាក់ នាយការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្នុងរយះជាង១ម៉ោង នៃយុទ្ធនាការនេះ កម្លាំង នគរបាល របស់លោក បានត្រួតពិនិត្យលើ រថយន្ត ចំនួន៤៣គ្រឿង ក្នុងនោះ មានជាតិ អាល់កុល ចំនួន២នាក់ ម្នាក់០,៣៤មីល្លិក្រាម មួយលីត្រខ្យល់ និង ម្នាក់ទៀត ០,២៤មីល្លិក្រាម មួយលីត្រខ្យល់ និងម៉ូតូចំនួន ១៣៤២គ្រឿង អត់មាន ពាក់មួកសុវត្ថិភាពចំនួន២១៦គ្រឿង។
លោក ចីវ ហាក់ បាន ថ្លែងទៀតថា ក្រោយពីមានណែនាំ ពីសំណាក់ស្នងការ នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែន លើការពង្រឹង ច្បាប់ចរាចរណ៍ ផ្លូវគោក និងដើម្បីកាត់បន្ថយ អាត្រាគ្រោះថ្នាក់ ចរាចរណ៍ តាមដងផ្លូវនោះ លោក និងលោក ប៉ែន ឃុន បានដឹកនាំកម្លាំង នគរបាល ចុះមកដាក់គោលដៅ ត្រួតពិនិត្យ ករណីទាំងនេះ ដើម្បីចាប់ ផាកពិន័យ និងធ្វើការអប់រំ ដល់អ្នកដំណើរឆ្លងកាត់ ដែលមិនទាន់មាន គ្រប់លក្ខណៈ សម្បត្តិគ្រប់គ្រាន់ សម្រាប់ ទោចក្រយាន្ត និងយានយន្ត របស់ពួកគេ ។
លោក ប៉ែន ឃុន បានបញ្ជាក់ថា ក្នុងយុទ្ធនាការ រយះជាង១ម៉ោង នេះ គ្មានប្រជាពលរដ្ឋណាម្នាក់ បានបញ្ចេញឫកពារ និងប្រឆាំង ជាមួយ កម្លាំងសមត្ថកិច្ចនោះឡើយ នៅពេលចាប់ពួកគេ ដើម្បីផាកពិន័យ និងអប់រំ ផ្ទុយទៅវិញ មានតែចូលរួម ហើយព្រមស្តាប់តាម ការពិន័យ របស់នគរបាល។
លោក ប៉ែន ឃុន បានបន្តទៀតថា ឆ្លងតាមការ ចុះត្រួតពិនិត្យ ជាក់ស្តែង សម្រាប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ខាងលើនេះ ឃើញថា មានប្រជាពលរដ្ឋ ភាគច្រើនបំផុត បានយល់ដឹងនូវ ច្បាប់ចរាចរណ៍ផ្លូវគោក ដោយពួកគេ បើកម៉ូតូមានពាក់មួក សុវត្ថិភាព ដាក់កញ្ចក់ យ៉ាងត្រឹមត្រូវ ។
ដោយឡែក ប្រជាពលរដ្ឋវិញមួយចំនួន បានសម្តែង ការពេញចិត្ត នៅពេលដែលឃើញ សមត្ថកិច្ចចុះ ត្រួតពិនិត្យជាតិ អាល់កុល និងអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍បែបនេះ ពីព្រោះកន្លងមក ពួកគាត់ មានការបារម្ភជាខ្លាំង ព្រោះអ្នកបើកបរ ភាគច្រើន បានសេព គ្រឿងស្រវឹង និងបើកបរមិនសូវ គោរពច្បាប់ឡើយ ។
ពួកគាត់ក៏ សំណូមពរដល់ សមត្ថកិច្ចគួរតែបន្ត ដាក់ការត្រួតពិនិត្យ ឲ្យបានញឹកញាប់ និងបន្ថែម ម៉ោងត្រួតពិនិត្យ ដល់យប់ជ្រៅបន្តិចព្រោះថា នៅវេលាយប់ជ្រៅ ទើបអ្នកស៊ីផឹកចេញពីក្លឹបកំសាន្ត និងខារ៉ាអូខេជាដើម ៕