ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌដង្កោ និងកម្លាំងនគរបាល ខណ្ឌពោធិ៍ សែនជ័យ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបើកប្រតិបត្តិការ តាមចាប់ខ្លួន ជនសង្ស័យ ចំនួន៧នាក់ ដែលជាមុខសញ្ញាឆក់ តាមដងផ្លូវ ព្រមទាំង បទល្មើស ផ្សេងទៀត ក្នុងនោះ ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន នៅខណ្ឌដង្កោ និងបន្តទៅចាប់ខ្លួន ជនសង្ស័យចំនួន៦នាក់ផ្សេងទៀត នៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រោយពីការចាប់ខ្លួន ជនសង្ស័យ ទាំង ៧នាក់ កម្លាំងនគរបាល បានដកហូត ម៉ូតូចំនួន២គ្រឿងផងដែរ។ មន្រ្តី នគរបាល បានបន្តទៀតថា ក្រោយពីមាន ករណីឆក់ នៅក្នុងទឹកដី ខណ្ឌ ដង្កោរួចមក កម្លាំងនគរបាលខណ្ឌដង្កោ បានចេញបង្ក្រាបភ្លាមៗ និងចាប់ខ្លួន ជនសង្ស័យម្នាក់ ។
សេចក្តីរាយការណ៍ បានបន្តទៀតថា ក្រោយពីចាប់ខ្លួន ជនសង្ស័យរូបនេះ កម្លាំងនគរបាល ខណ្ឌដង្កោ បានសហការជាមួយ កម្លាំង នគរបាល ខណ្ឌពោធិ៍សែនជ័យ បានចេញ ពួនស្ទាក់ រហូតតាមចាប់បក្ខពួក ចំនួន៦នាក់ ផ្សេងទៀត ក្នុងនោះក៏ មានស្រីផងដែរ ។ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងនេះស្ថិត ក្រោមការសាកសួរ ពីមន្រ្តីនគរបាល ដើម្បីចាត់ការបន្តទៀត៕