ភ្នំពេញ៖ យោងសេចក្តីរាយការណ៍ បានឲ្យដឹងថា សង្ស័យរឿងគំនុំចាស់ សន្តិសុខយាមកាម នៅក្នុងអាគារមួយ ដែលកំពុងសាងសង់នៅទីទាំងផ្ទះលេខ៩អា ផ្លូវលេខ៣៨៩ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ត្រូវបានសន្តិសុខ កាប់សម្លាប់ជាច្រើនពូថៅ នៅម៉ោងប្រមាណ៦៖៥០ នាទី ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា នេះ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មេការសំណង់ លោក ជា សំខាន់ អាយុ៤៣ឆ្នាំ ត្រូវបាន មុក សារឿន ជាសន្តិសុខយាមកាមនៅទីនោះកាប់ជាច្រើនពូថៅបណ្តាលឲ្យស្លាប់ក្នុងថ្លក់ឈាម ដោយសាររឿង គំនុំចាស់ ហើយភ្លាមៗក្រោយកើតហេតុជនដៃដល់ក៏បានរត់គេចខ្លួនបាត់។
សូមបញ្ជាក់ផងដែរថា ក្រោយកើតហេតុក្រុមកម្មករ បាននាំរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកអន្តរាគមន៍ ធ្វើកោសល្យវិច័យសាកសព និងសាកសួរសាក្សី បន្ទាប់សមត្ថកិច្ចក៏បាន ប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕