ភ្នំពេញ ៖ ក្រុម Com-premier បានរៀបចំវេទិកា ទំនាក់ទំនងសាធារណៈ ប្រកបដោយ ប្រសិទ្ធភាព នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រាជធានីភ្នំពេញ ដើម្បីរៃអង្គាសប្រាក់ ជួយកុមារក្រីក្រស្នាក់ នៅក្នុងអង្គការភាពញញឹមនៃកុមារ (PSE)។
ក្នុងឱកាសនោះ លោក ម៉េង ប៉ូគន្ធ ស្ថាបនិកក្រុម Com-Premier បានឲ្យដឹងថា ដោយ ឃើញនូវភាពជោគជ័យ កាលពីវេទិកាមុន ក្រុមរបស់លោកបានខិតខំប្រឹងប្រែង ផ្ដួចផ្ដើម បើកវេទិកាស្រដៀងគ្នានេះ ក្នុងគោលបំណង ផ្ដល់ឱកាសឲ្យយុវជន ក៏ដូចជាអ្នកដែលមាន អាជីពទំនាក់ទំនងនឹងការងារទំនាក់ទំនង បានចូលរួមស្ដាប់ ដោយសេរី ពីវាគ្មិនកិត្តិយស ដែលមានបទពិសោធន៍ទាំងទ្រឹស្ដី និងការអនុវត្តន៍ នៅក្នុងវិស័យនេះអស់ រយៈពេលជាង ១០ឆ្នាំមកហើយ។
លោកបន្ដថា “វេទិកានេះ ក៏នឹងផ្ដល់ឱកាសឲ្យក្រុមរបស់លោក រៃអង្គាសប្រាក់ ពីអ្នកឧបត្ថម្ភ កម្មវិធី ក៏ដូចជា សប្បុរសជននានា ដើម្បីទិញកង់ជាច្រើន គ្រឿងជូន ទៅដល់កុមារក្រីក្រ ដែលកំពុងតែជួបការខ្វះខាត នៅ អង្គការភាពញញឹមនៃកុមារ (PSE)”។
សម្រាប់លោក ម៉េង ប៉ូគន្ធ បានបញ្ជាក់ថា ព្រឹត្តិការណ៍នាថ្ងៃអាទិត្យខាងមុខ នឹងក្លាយជាចំណេះ ថ្មីមួយទៀត សម្រាប់អ្នកចូលរួមទាំងអស់ និងក៏ក្លាយជាភាពជោគជ័យថ្មីផងដែរ សម្រាប់ក្រុម Com-Premier ។
ជាមួយគ្នានោះ លោក ក៏បានអំពាវនាវឲ្យអ្នកចាប់អារម្មណ៍វេទិកានេះ បន្ដចុះឈ្មោះចូលរួម ឲ្យបានកុះករបន្ថែម ទៀត ព្រោះវេទិកានេះមិនតំរូវឲ្យអ្នកចូលរូមបង់ប្រាក់ឡើយ ផ្ទុយទៅវិញ ការចូលរូមរបស់ពូកគេ និងក្លាយទៅ ជាការចូលរូមចំណែកក្នុងសង្គមទៅវិញទេ៕