ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម បានថ្លែងថា ប្រទេសកម្ពុជាបានចាប់អារម្មណ៍ ទៅលើគម្រោងសាងសង់ផ្ទះ នៅ ក្នុងប្រទេសថៃ សម្រាប់បំពេញតម្រូវការ របស់ប្រជាពលរដ្ឋ បន្ទាប់ពីលោកបានទៅ ទស្សនកិច្ច នៅកន្លែងសាងសង់ ផ្ទះក្នុងប្រទេសថៃ។
ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចជំនួបរវាងផ្ទាល់ ជាមួយ ឧបនាយករដ្ឋ មន្ត្រីថៃ លោក យុងយុទ្ធ យុទ្ធិវង្ស ទទួលបន្ទុកក្រសួងអភិវឌ្ឍសង្គម និងសុវត្ថិភាព មនុស្សអស់រយៈពេល៤៥នាទី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤។
យោងតាមសារព័ត៌មាន ដឹណេស៊ីន របស់ថៃ បានឲ្យដឹងថា ក្នុងកិច្ចជំនួបនោះ បានផ្តោត សំខាន់លើគម្រោងសាងសង់ផ្ទះ បែបសម័យថ្មីសម្រាប់ប្រជាជនថៃ នៅទីប្រជុំជនរបស់ថៃ ដូច្នេះកម្ពុជាបាន ចាប់អារម្មណ៍ជាខ្លាំងលើគម្រោងនេះ ដើម្បីយកមកអនុវត្តនៅកម្ពុជា។ ក្នុងកិច្ចដំណើរទស្សនកិច្ចនេះ ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ ផ្នែកវិស័យដីធ្លីជាមួយគ្នា ទៅវិញទៅមក។
ដំណើរទស្សនកិច្ចនោះ ក្រៅពីជួបជាមួយ សំណេះសំណាល ជាមួយឧបនាយករដ្ឋមន្ត្រីថៃ លោក យុងយុទ្ធ យុទ្ធិវង្ស លោក អ៊ឹម ឈុនលឹម នឹង ជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គមថៃ និងជួបជាមួយស្ថាប័នសំខាន់ចំនួន ៣ទៀត ដែល ទទួលបន្ទុកលំនៅឋាន ទី១. អាជ្ញាធរជាតិ លំនៅឋាន របស់ថៃ, ទី២. វិទ្យាស្ថានអភិវឌ្ឍសហគមន៍ និងទី៣. ជួបជាមួយធនាគារ លំនៅឋាន របស់ថៃ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម បានដឹកនាំប្រតិភូកម្ពុជាមួយក្រុម ទៅកាន់ប្រទេសថៃ រយៈពេល ៤ថ្ងៃ ចាប់ពី ថ្ងៃទី២៣ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ផ្នែក វិស័យដីធ្លីជាមួយគ្នា ទៅវិញទៅមក៕