ដោយ ៖ នាយខ្វែក
ភ្នំពេញ ៖ « ប្រាក់ខែចាយមិនគ្រប់, សក្តិក្រិន, មួយប៉ុស្តិ៍មានគ្នាបួនដប់នាក់ មូលដ្ឋានប៉ុណ្ណាប៉ុណ្ណី យាមកន្លែងណា ចោលកន្លែងណា, ពេលមានករណីកើតឡើងថ្នាក់លើបន្ទោសថ្នាក់ក្រោម ពេលបង្រ្កាបករណីបានថ្នាក់លើអ្នកទទួល ប័ណ្ណសរសើរ...» ។ល។
ខាងលើនេះ គឺសុទ្ធតែជាប្រធានបទ ស្ថិតនៅក្នុងខួរក្បាល និងក្នុងសតិអារម្មណ៍របស់មន្រ្តីសមត្ថកិច្ច នៅតាមមូលដ្ឋាន ជាពិសេសនៅរាជធានីភ្នំពេញតែម្តង ដែលជាដើមចមនាំឲ្យកើតមានទម្លាប់ « មេស្រែកបញ្ជាតាមអាយឌី អា «ក» ចុះ ប្រចាំការតាមគោលដៅ ឬនៅ ? បាទមេចុះដល់ហើយមេ ! តាមពិតមនុស្សកំពុងអង្គុយផឹកស្រាថ្នាំ ឬស្រាបៀរថូតាម តៀមស្រាសោះ ។ អា « ខ » ចុះល្បាតតាមដងផ្លូវ ឬនៅ ? បាទមេកំពុងជិះល្បាតហើយ តែតាមពិតកំពុងតែឆ្លៀតជួយ កិនទឹកអំពៅឲ្យប្រពន្ធលក់ដើម្បីក្រពះគ្រួសារសោះ ! អា « គ » ចោរឆក់ក្បែរគោលដៅអ្ហែងសោះ ម៉ិចដេញមិនទាន់ ! បាទមេវាជិះសុទ្ធតែ អាសង់ ០១៤ លឿនណាស់ ម៉ូតូខ្ញុំត្រឹមអាសង់កូរ៉េកញ្ចាស់ដេញម៉ិចទាន់វា ! អា « ឃ » ករណីកើតយូរហើយ ម្តេចមិន ឃើញឡើងអាយឌីរាយការណ៍ភ្លាមៗមក ! បាទ មេអាយឌីខូចថ្មហើយអត់ទាន់មានលុយទិញផង...។ល។
ខាងលើនេះ សុទ្ធតែមាននៅក្នុងអង្គភាពសមត្ថកិច្ចនៅតាមមូលដ្ឋាន ជាពិសេសថ្នាក់ប៉ុស្តិ៍ និងថ្នាក់ខណ្ឌតែម្តង ដោយគេមិន រាប់បញ្ចូលពីអង្គភាពខ្លះ មេបញ្ជាកូនចៅមិនស្តាប់ ប្រើទៅកើត កូនចៅនាំគ្នាទៅលិច ប្រើកូនចៅទៅឆ្វេងនាំគ្នាទៅស្តាំផងនោះទេ ដោយសារតែមេៗទាំងអស់នោះ ចូលចិត្តស៊ីដាច់កូនចៅនៅនឹងមុខៗ មិនចែកគ្នាឲ្យរស់ផង ។
បច្ចុប្បន្ននេះ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គេសង្កេតឃើញថា សមត្ថកិច្ចមូលដ្ឋានដែលរួមមាន នគរបាលប៉ុស្តិ៍ នគរបាល និងអាវុធហត្ថខណ្ឌមានការងារមមាញឹក និងហត់នឿយជាងគេ បើទោះបីជាការងារមមាញឹក និងភាពហត់នឿយខាងលើនេះ ជាថ្នូរធ្វើឲ្យទីក្រុងមានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ជាងកាលពីបួនដប់ឆ្នាំមុនក៏ដោយ ។
តាមការត្អូញត្អែររបស់សមត្ថកិច្ច ក៏ដូចជាការស្តាប់លឺតាមអាយឌី របស់នគរបាលពេលនិយាយគ្នាគឺសមត្ថកិច្ចនៅតាម មូលដ្ឋានរវល់ស្ទើររកពេលសម្រាកគ្មាន ដោយទី១ ពេលថ្ងៃ, ថ្ងៃខ្លះត្រូវការពារគណៈប្រតិភូ ហើយភាគច្រើនការពារ ប្រជាពលរដ្ឋ កម្មករធ្វើបាតុកម្ម អ្នកធំៗមានរវល់កម្មវិធី សមត្ថកិច្ចមូលដ្ឋានត្រូវទៅការពារពីដើមដល់ចប់ ពេលយប់ត្រូវចេញល្បាតប្រចាំការតាមគោដៅរៀងៗខ្លួន ឬត្រៀមចំណុចខ្ពស់ប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ។
សមត្ថកិច្ចខ្លះដល់តែការងារមមាញឹកពេក ប្រាក់ខែតិចគ្មានចំណូលក្រៅ រកពេលទៅផ្ទះគ្មាន តែងតែនាំគ្នាស្រែក « កូន ចង់ភ្លេចមុខហើយ ! ប្រពន្ធចង់លែងក្បាលចោលហើយ ព្រោះគិតតែការងារគ្មានលុយចូលផ្ទះ គ្មានពេលទំនេរជួយរកស៊ីប្រពន្ធ-កូន » ជាដើម ។
តាមពិតក្នុងនាមជាសមត្ថកិច្ច កាតព្វកិច្ចដែលថ្នាក់លើប្រគល់ជូនត្រូវតែបំពេញឲ្យខាងតែបានជាដាច់ខាត ភារកិច្ចដែលថ្នាក់លើដាក់ឲ្យអនុវត្ត ត្រូវតែធ្វើឲ្យបានសម្រេច ។ ប៉ុន្តែ ទន្ទឹមនោះថ្នាក់លើក៏គួរតែគិតពីកម្លាំង គិតពីសម្ភារៈ មធ្យោបាយ គិតពីកម្រិតជីវភាពសមត្ថកិច្ចនៅតាមមូលដ្ឋានផងដែរ ។ ប៉ុស្តិ៍ខ្លះកម្លាំងមានមិនដល់ ១០នាក់ ឬជាង ១០នាក់ប៉ុណ្ណោះ ខណៈដែនដីមូលដ្ឋានធំ ហើយមានតំបន់ស្មុគស្មាញច្រើន ប៉ុន្តែប៉ុស្តិ៍ខ្លះមេប៉ុស្តិ៍គិតតែប្រយោជន៍ខ្លួនឯង មិនចែករំលែកឲ្យកូនចៅបានរស់ ខណ្ឌខ្លះថ្នាក់អធិការ អធិការរងគាបសេដ្ឋកិច្ចតាមប៉ុស្តិ៍ដូចចំហៀវសំណកយកខ្លាញ់ តើឲ្យគ្នាមានកម្លាំង មានទឹកចិត្តឯណានឹងខិតខំបម្រើការងារជូនសង្គមនោះ បើទោះបីបច្ចុប្បន្ននេះរូបភាពនៃការកាត់ប្រាក់ខែ និងការលាក់ ទុកឈ្មោះមន្រ្តីខ្មោចដើម្បីបើកប្រាក់ខែយកធ្វើឲ្យអង្គភាពខ្វះខាតកម្លាំងប្រើ ត្រូវបានកាត់បន្ថយក៏ដោយនោះ ។
តាមមតិភាគច្រើនដែលបានលើកឡើង សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចនៅតាមមូលដ្ឋានគួរត្រូវបានថ្នាក់លើយកចិត្ត ទុកដាក់ឲ្យបានខ្ពស់ទាំងចំនួនកងកម្លាំង ក៏ដូចការផ្គត់ផ្គង់សម្ភារៈសម្រាប់បម្រើការងារ និងបំពេញភារកិច្ចក៏ដូចជាការ លើកទឹកចិត្តលើផ្នែកជីវភាពជាដើម ។ វប្បធម៌ទំយើបុគ្គល « ឯកឧត្តមអគ្គ ឯកឧត្តម អគ្គរង ឬលោកឧត្តមសេនីយ៍ស្នងការផ្តល់ អំណោយអាវភ្លៀង កញ្ចែ អាវពន្លឺចរាចរដល់នគរបាលចរាចរ ឬផ្តល់អំណោយខោអាវ អាយកូម ឬ ម៉ូតូដល់នគរបាលខណ្ឌនេះ ឬ ប៉ុស្តិ៍នោះសម្រាប់បំពេញភារកិច្ច គួរត្រូវបានបញ្ចប់ហើយ » ។ ក្នុងនាមមន្រ្តីសមត្ថកិច្ចដែលត្រូវបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ត្រូវមានសម្ភារៈជំនាញអ្វីខ្លះ ? បើនគរបាលចរាចរត្រូវមានឯកសណ្ឋានសម្គាល់ មានកញ្ចែផ្លុំ មានអាវ ចំណាំងផ្លាតពេលបំពេញការងារពេលយប់ មានអាវភ្លៀងជាប់ខ្លួន នៅក្នុងរដូវភ្លៀង សមត្ថកិច្ចព្រហ្មទណ្ឌ ឬមន្រ្តីមូលដ្ឋានពេលចេញល្បាតត្រូវមានមធ្យោបាយ ប្រេងសាំងចាក់យានជំនិះ អាវុធ វិទ្យុទាក់ទង ហើយបើករណីគ្រោះថ្នាក់ត្រូវមានអាវ ការពារគ្រាប់ដែលសម្ភារៈទាំងអស់នេះ ថ្នាក់លើមិនគួរប្រើពាក្យ « អំណោយ » នោះទេ គួរតែប្រើពាក្យ « សម្ភារៈថ្នាក់លើបំពាក់ជូនមន្រ្តីសមត្ថកិច្ចថ្នាក់ក្រោម ដើម្បីទុកបម្រើការងារជូនអង្គភាពឲ្យមានប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់ ។
ការគិតគូរលើជីវភាពគឺជាចំណុចចាំបាច់បំផុត ក្នុងការធ្វើឲ្យការងារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋានមាន ប្រសិទ្ធិភាពខ្ពស់ ។
ករណីឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ គឺជាចន្លោះប្រហោងផ្នែកសន្តិសុខនៅតាមមូលដ្ឋានមួយ ។ ចំណុច កើតហេតុគឺនៅតាមដងមហាវិថីព្រះសីហនុ ដែលម៉ោងកើតហេតុគឺជាម៉ោងមមាញឹក មនុស្សធ្វើដំណើរ និងឈប់ទិញ ផ្លែឈើច្រើនហើយកន្លែងកើតហេតុក៏ជាចំណុចសំខាន់មួយដែរ គួរតែមានសមត្ថកិច្ចមូលដ្ឋានដាក់គោលដៅប្រចាំការ ការពារសន្តិសុខ ។ ប៉ុន្តែ ពេលកើតហេតុនៅទីនោះមិនមានកម្លាំងសមត្ថកិច្ច ដាក់គោលដៅឡើយ ដែលទំនងប៉ុស្តិ៍ខ្វះ កម្លាំងព្រោះថ្ងៃសៅរ៍នៅក្នុងមូលដ្ឋានអាចមានកម្មវិធីការ បុណ្យច្រើន កម្លាំងមូលដ្ឋានអាចបញ្ជូនទៅការពារជាថ្នូរ ទទួលបានសរគុណខ្លះៗ ។ ប៉ុន្តែ បើគេក្រលេកទៅមើលអង្គភាព មិនមែនជាជំនាញសមត្ថកិច្ចការពារសន្តិសុខព្រហ្មទណ្ឌនៅស្នងការក្រុង ឬក្រសួងមហាផ្ទៃវិញ អង្គភាពខ្លះមានតែឈ្មោះ ដេកចាំបើកប្រាក់ខែ តែគ្មានមន្រ្តីទៅធ្វើការ អង្គភាពខ្លះ មន្រ្តីទៅចុះបញ្ជីវត្តមានហើយចេញទៅរកស៊ីក្រៅបាត់ ហើយមន្រ្តីទាំងអស់នោះភាគច្រើនមានប្រាក់ខែខ្ពស់ទៀតផង ព្រោះសុទ្ធតែសក្តិធំៗ ។ ចំណែកសមត្ថកិច្ចមូលដ្ឋានវិញ សក្តិតូច ប្រាក់ខែតិច គ្នាតិច តែការងារច្រើន ។ ដូច្នេះដើម្បីប្រសិទ្ធិភាពការងារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋានបានល្អ ថ្នាក់លើគួរតែយកចិត្តទុកដាក់លើជីវភាព និងបំពេញបន្ថែមចំនួនកម្លាំងនោះ សន្តិសុខ សុវត្ថិភាពនៅតាមមូលដ្ឋាន កាន់តែមានសុវត្ថិភាព និងប្រសិទ្ធិភាពជាងនេះជាក់ជាមិនខាន ៕