សៀមរាប ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុង ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារសិក្សា ១ខ្នង ស្មើនឹង ៥បន្ទប់ ដែលជាអំណោយរបស់ លោកស្រី មីស៊ូកុ អ៊ូជីមូរ៉ា តាមរយៈអង្គការ-សមាគមជប៉ុន មិនរកប្រាក់កម្រៃ ដើម្បីជួយដល់សហគមកម្ពុជា លើវិស័យអប់រំសិក្សាធិការ និងសុខភាព ហៅកាត់ថា ស្ហិក (SCHEC) នៅក្នុងអនុវិទ្យាល័យដានរ៉ុន ក្នុងឃុំដានរ៉ុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
លោក ខូណូ អាតស៊ឺស៊ី ប្រធាន សមាគម SCHEC និង លោកស្រី មីស៊ូកុ អ៊ូជីមូរ៉ា ម្ចាស់អំណោយ បានមានប្រសាសន៍ថា លោក និងលោកស្រី មានសេចក្តីរីករាយខ្លាំងណាស់ ដែលបានឃើញសមិទ្ធផលថ្មីនេះ បានកើតឡើងដូចក្តីបំណង ស្ថិតនៅក្នុងសហគមន៍ មួយដែលកំពុងត្រូវការវានោះ។
លោកស្រី មីស៊ូកុ អ៊ូជីមូរ៉ា បានថ្លែងបន្តថា អាគារសិក្សានេះគឺជាមរតករបស់កូនស្រីរបស់អ្នកស្រីឈ្មោះ ហ៊ីតូម៉ី ដែលចូលចិត្តការសិក្សា តែអកុសលនាងបានស្លាប់ នូវក្នុងវ័យ២៩ឆ្នាំ។ លោកស្រីសង្ឃឹមថាអគារសិក្សានេះនឹង ផ្តល់ក្តីសង្ឃឹម និងបម្រើផលប្រយោជន៍ ជាថ្នាលបណ្តុះបណ្តាលចំណេះវិជ្ជា ជូនកូនចៅប្រជាពលរដ្ឋកម្ពុជា ដើម្បីស្វែងរកឲ្យឃើញនូវអនាគតមួយដ៏ល្អប្រសើរ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិស្រប ទៅនឹងបំណងប្រាថ្នារបស់ ហ៊ីតូមី ដែលចង់ឲ្យមនុស្សជាតិ និងពិភពលោកមានការរីកចម្រើន និងសន្តិភាព ។
លោកឧកញ៉ា សៀង ណាំ មានប្រសាសន៍ឲ្យដឹងថា នេះគឺជាអគារទី២ ហើយដែល លោកស្រីមីស៊ូកុ អ៊ូជីមូរ៉ា បានធ្វើអំណោយជាអគារសិក្សា ដល់មូលដ្ឋានជនបទក្នុងខេត្តសៀមរាប តាមរយៈសមាគម ស្ហិក (SCHEC) ។ លោកបានបញ្ជាក់បន្ថែមថា រយៈពេល ១៣ឆ្នាំកន្លងនេះបន្ទាប់ពីបង្កើតឡើងនូវសមាគមស្ហិក (SCHEC) ដែលមានលោក តាហ្គុយជិ យូស៊ីតាកា អ្នកថតរូបឲ្យទស្សនាវដ្តីក្រុងតូក្យូ ជាអ្នកស្ថាបនិក និងរូបលោកផ្តាល់ ជាប្រធានកិត្តិយសនោះ សមាគមនេះបានជួយឧបត្ថម្ភយាំងធំធេងដល់ខេត្តសៀមរាប ក្នុងនោះរួមមានអាគារ សិក្សាចំនួន ២២ខ្នង ស្មើនឹង ១១២បន្ទប់ ក្នុងនោះ បានបង្កើតជាអនុទ្យាល័យបានចំនួន ៥កន្លែង ។ កសាង និង ផ្តល់អណ្តូងទឹកស្អាតបានចំនួន ២.៥០០អណ្តូង ។
ទន្ទឹមនេះ រាល់លើកនៃការធ្វើដំណើរពីប្រទេសជប៉ុន ដើម្បីសម្ពោធអាគារសិក្សា និងប្រគល់អណ្តូងទឹក ជូនប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់នៅក្នុងខេត្តសៀមរាប សមាគមតែងតែបានដឹកនាំក្រុមទន្តពេទ្យជាច្រើននាក់ ចុះជួយពិនិត្យព្យាបាលជម្ងឺមាត់ធ្មេញ ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃផងដែរ ។
ជាមួយនោះដែរ ក្នុងនាមជាតំណាងរាស្រ្ត មណ្ឌលសៀមរាប លោកឧកញ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកស្រី ស៊ូកុ អ៊ូជីមូរ៉ា ដែលបានផ្តល់នូវអាគារសិក្សា ១ខ្នង ស្មើនឹង ៥បន្ទប់ នៅក្នុងអនុវិទ្យាល័យដានរ៉ុន នេះ ដើម្បីជាប្រយោជន៏សម្រាប់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ក្នុងឃុំដានរ៉ុន ក៏ដូចជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៏វិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកឧកញ៉ា សៀង ណាំ បាននាំយកអំណោយជូនប្រជាពលរដ្ឋ បានចូលរួម ក្នុងពិធីសម្ភោធអាគារសិក្សានេះ ចំនួន ៣៤០នាក់ ដែលម្នាក់ៗ ជូនសារ៉ុង១ សិស្សានុសិស្ស ចំនួន ៧៨០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរ ២ក្បាល ប៉ិច២បន្ទាត់១ និង ប្រាក់ ២ពាន់រៀល ។ លោកគ្រូ អ្នកគ្រូ ២៩នាក់ ក្នុងម្នាក់ៗជូនប្រាក់ ២ម៉ឺនរៀល កម្លាំងការពារ ៤០ម៉ឹន និងឧបត្តម្ភការរៀបចំពិធី ចំនួន ៤លានរៀល ៕