ភ្នំពេញ៖ ថ្នាំពេទ្យ និងគ្រឿងសំអាងក្លែងក្លាយទម្ងន់ជាង ៥តោន មានតម្លៃជាង ១លានដុល្លារ ដែលនាំចូលពីប្រ ទេសវៀតណាម មកចែកចាយក្នុងប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចដុតកម្ទេចចោល បន្ទាប់ពីប្រតិបត្តិការបង្រ្កាប បានជាច្រើនទីតាំងនៅក្នុងរាជធានីភ្នំពេញ។ ដើម្បីទប់ស្កាត់ចរាចរណ៍ផលិតផលក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព អាជ្ញាធរបានអំពាវនាវប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានពីបទល្មើសចរាចរណ៍ផលិត ផលក្លែងក្លាយ ព្រមទាំងប្រកាសផ្តល់រង្វាន់លើកទឹកចិត្តថែមទៀតផងសម្រាប់អ្នកផ្តល់ព័ត៌មាន។
ថ្នាំពេទ្យ និងផលិតផលគ្រឿងសំអាងក្លែងក្លាយប្រមាណជា ៤៦មុខ ដែលជាផលិតផលនាំទុក្ខទោសយ៉ាងធ្ងន់ធ្ងរ សម្រាប់សុខភាពប្រជាពលរដ្ឋកម្ពុជានោះ ត្រូវបានធ្វើការដុតកម្ទេចចោលនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅជិតទីលានចាក់សំរាម ក្នុងសង្កាត់ជើងឯង ខណ្ឌដង្កោ ដោយមានការអញ្ជើញចូលរួមពីសមត្ថកិច្ចចម្រុះរួម មាន៖ កម្លាំងនគរបាលប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្រ្តីគយ កាំកុងត្រូល និងមន្រ្តីសុខាភិបាលផងដែរ។
អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង បានប្រាប់ក្រុមអ្នកព័ត៌មាន ពេលកំពុងធ្វើពិធីដុតបំផ្លាញផលិតផលក្លែងក្លាយទាំងនេះថា ផលិតផលថ្នាំពេទ្យ និងគ្រឿងសំអាងក្លែងក្លាយ ត្រូវបានធ្វើការបង្រ្កាប និងរឹបអូស នៅក្នុងសង្កាត់អូរឡាំពិក និងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន បន្ទាប់ពី កម្លាំងជំនាញរបស់លោកតាមដានអស់រយៈពេលប្រមាណ៣ខែ។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា ផលិតផលថ្នាំពេទ្យ និងគ្រឿងសំអាងក្លែងក្លាយទាំងអស់នេះ ត្រូវបានក្រុម ជនល្មើសនាំចូលពីប្រទេសវៀតណាម តាមច្រកជ្រៃធំ ឆ្លងកាត់តាមខេត្តកណ្តាល ដោយបង្កប់នៅក្នុងរថយន្តដឹក បន្លែ ក្នុងមួយរថយន្តផ្ទុកពី៤០ ទៅ៥០កេស។
ប្រភេទថ្នាំពេទ្យក្លែងក្លាយ រួមមានប្រភេទស្តាមឡ បេកូហ្ស៊ីន ឡារ៉ូសស្កូប៊ីន អង់តេវីក និងថ្នាំបន្តក់ភ្នែក។ ថ្នាំ ក្លែង ក្លាយទាំងនេះ ត្រូវបានមន្រ្តីជំនាញអះអាងថា បង្កទុក្ខទោសយ៉ាងធ្ងន់ធ្ងរសម្រាប់សុខភាពប្រជាពលរដ្ឋកម្ពុជា។
ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបញ្ជាក់ថា រាល់ផលិតផលក្លែងក្លាយចរាចរណ៍ ក្នុង ប្រទេសកម្ពុជា វានឹងបង្កទុក្ខទោសយ៉ាងខ្លាំង ដល់សុខភាព ប្រាជ្ញាស្មារតីរបស់ប្រជាពលរដ្ឋកម្ពុជា។ ហើយការ ប្រើប្រាស់ឱសថក្លែងក្លាយ វាមិនត្រឹមតែ មិនជួយឲ្យជំងឺឲ្យបានប្រសើរនោះទេ តែវាបែរជាបង្កឲ្យជំងឺកាន់តែរីក រាលដាលធ្ងន់ធ្ងរថែមទៀត។
ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ឯក មៀច សុផាន់ណា បានបញ្ជាក់ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាចរាចរណ៍ផលិតផលក្លែងក្លាយទាំងអស់នេះ។ «រាជរដ្ឋាភិ បាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់សុខមាលភាពប្រជាជនកម្ពុជា។ ដូច្នេះចង់ឲ្យប្រ ជាពលរដ្ឋយើងមានកម្លាំងមាំមួន យើងត្រូវតែប្រើថ្នាំដែលពិតប្រាកដ មានគុណភាពដើមពិតប្រាកដ។ បើអាហារ ជាអាហារគ្មានសារធាតុគីមី ជាអាហារបង្កើតឡើងតាមធម្មជាតិពិតៗ»។
លោកឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ដែលមានតួនាទីជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃដែរនោះ បានមានប្រសាសន៍បន្តថា ថ្នាំពេទ្យ ចំណីអាហារ និងអាហារបំប៉ននានានោះ មានផលលំបាកក្នុងការបង្រ្កាប ដោយសារតែជនល្មើសបានលួចចរាចរណ៍ជាមួយផលិតផលនានានៅតាមទីផ្សារ។
ឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនេះ លោក មៀច សុផាន់ណា បានទទូចឲ្យមានការ ចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការផ្តល់ដំណឹងពីទីតាំង ឬកន្លែងចែកចាយផលិតផលក្លែងក្លាយទាំងអស់ នោះ។ បើតាមលោក មៀច សុផាន់ណា ប្រជាពលរដ្ឋផ្តល់ដំណឹងពីការចរាចរណ៍ផលិតផលក្លែងក្លាយនឹងទទួល បានរង្វាន់លើកទឹកចិត្តពីអាជ្ញាធរ ហើយអាចមានទទួលស្គាល់ជាពលរដ្ឋគំរូពីរាជរដ្ឋាភិបាលថែមទៀតផង។
អគ្គស្នងការងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ ឯក ជា សុមេធី បានធ្វើការអំពាវនាវដល់កម្លាំងសមត្ថកិច្ចជំនាញនៅតាមច្រកព្រំដែន ជួយទប់ស្កាត់ការនាំចូល ផលិតផលក្លែងក្លាយ។ «យើងខ្ញុំសូមអំពាវនាវទៅដល់សមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធ ដែលមានទីស្នាក់ការប្រចាំ ការតាមច្រកទ្វារអន្តរជាតិទាំងអស់ សូមមេត្តាជួយសហការគ្នា ជួយទប់ស្កាត់នូវផលិតផលក្លែងក្លាយនេះ ចៀស វាងផលិតផលក្លែងក្លាយនេះ ហូរចូលមកដល់ប្រទេសកម្ពុជានាំឲ្យមានផលលំបាកក្នុងការបង្រ្កាប និងបង្កមហន្ត រាយដល់សុខភាពរបស់ប្រជាពលរដ្ឋ»។
លោកឧត្តមសេនីយ៍ ជា សុមេធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមុនទិញផលិតផលដូចជាថ្នាំពេទ្យ ចំណីអាហារ វេចខ្ចប់ និងគ្រឿងកំប៉ុងនានា ត្រូវពិនិត្យកាលបរិច្ឆេទ និង ពាណិជ្ជសញ្ញាផលិតផល ឲ្យបានច្បាស់លាស់មុននឹង ទិញយកទៅប្រើប្រាស់។
លោកឧត្តមសេនីយ៍ ឡុង ស្រេង បានបញ្ជាក់ថា ផលិតផលចំណីអាហារពោរពេញដោយសារធាតុគីមី មានចំនួន ច្រើនលើសលុបនៅក្នុងប្រទេសកម្ពុជា មានដូចជា ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកប៉េងប៉ោះ និងទឹកផ្លែឈើជាដើម។ បើ តាមលោកឧត្តមសេនីយ៍ ឡុង ស្រេង សូម្បីតែកាហ្វេ ក៏មានជាតិគីមីដែរ។
លោកឧត្តមសេនីយ៍ ដែលធ្លាប់បានដឹកនាំកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសផលិតផលក្លែងក្លាយជាច្រើន ករណីក្នុងរាជធានីភ្នំពេញនោះ បានប្រកាសប្តេជ្ញាចិត្តថា រូបលោកនឹងបង្រ្កាបរហូតទាល់តែអស់ដរាបណាមាន ផលិតផលក្លែងក្លាយចរាចរណ៍នៅកម្ពុជា។ «ខ្ញុំនឹងបន្តស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាបទាល់តែអស់ ការចរាចរណ៍ ឱសថក្លែងក្លាយនៅលើទឹកដីកម្ពុជា។ យើងឃើញហើយសព្វថ្ងៃនេះ ម្ហូបអាហារ ពោរពេញដោយសារធាតុគិមី មានចំនួនលើសលុបក្នុងម្ហូបអាហារ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកប៉េងប៉ោះ ទឹកផ្លែឈើសុទ្ធសឹងប្រើសារធាតុគីមី សូម្បី កាហ្វេឥឡូវប្រើប្រាស់គីមីដែរ ចឹងពួកខ្ញុំត្រូវតែបន្តស៊ើបអង្កេត និងធ្វើការបង្រ្កាប»។
ទោះបីជាថ្នាំពេទ្យ និងផលិតផលក្លែងក្លាយនៅកម្ពុជា មិនទាន់បានធ្វើការបង្រ្កាបទាំងស្រុងយ៉ាងណាក្តី តែលោក ឧត្តមសេនីយ៍ ឡុង ស្រេង បានបញ្ជាក់ចំនួនឱសថក្លែងក្លាយនេះ មានការធ្លាក់ចុះច្រើន ខណៈដែលឆ្នាំ ២០១១ កន្លងទៅមានចំនួនរហូតដល់ទៅ ៥០តោននាំចូលពីប្រទេសចិន។
លោកឧត្តមសេនីយ៍ បានបន្តឲ្យដឹងថា នៅឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនជនល្មើស ជួញដូរឱសថ និងផលិតផលក្លែងក្លាយចំនួន៨នាក់។ ចំពោះអ្នកជួញដូរឱសថក្លែងក្លាយ នឹងត្រូវប្រឈមមុខការ ជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានទៅ ២៥លានរៀល៕
ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម
លោកឧត្តមសេនីយ៍ ឯក ជា សុមេធី អគ្គស្នងការងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច