ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា បានបើកសវនាការ ជំនុំជម្រះ និង កាត់ទោស បុរសជាប់ចោទ ជនជាតិអេស្បាញម្នាក់ ពីបទឃាតកម្ម នឹងមរណភាព របស់ជនជាតិអង់គ្លេសម្នាក់ ដែលសពរបស់គាត់ ត្រូវបានគេប្រទះ ឃើញវិចខ្ចប់នៅក្នុងថង់ផ្លាស្ទិក ស្អុយ រលេះរលួយ ក្នុងបន្ទប់ជួលស្ថិតនៅ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០១៣។
លោកជួន សុរាសី ប្រធានចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនជាប់ចោទខាងលើ មានឈ្មោះ Blun Del Perez Ricardo ហៅ Ricky ភេទប្រុស អាយុ ៤០ឆ្នាំ ជាជនជាតិអេស្បាញ ។
នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ Blun Del Perez Ricardo ហៅ Ricky បានឆ្លើយបដិសេធ ចំពោះការ ចោទប្រកាន់ខាងលើនេះ ប៉ុន្តែគាត់បានទទួលស្គាល់ថា ជនរងគ្រោះពិតជាត្រូវបានស្លាប់ នៅក្នុងបន្ទប់ជួលរបស់ខ្លួនមែន ហើយខ្លួន ក៏បានយកសាកសពរបស់ជនរងគ្រោះ រុំខ្ចប់នៅក្នុងថង់ផ្លាស្ទិក លាក់ទុក នៅក្នុងបន្ទប់ របស់ខ្លួនមែន។ មូលហេតុដោយសារតែខ្លួន ខ្លាចគេចោទថា ខ្លួនជាឃាតករ សម្លាប់ជនរងគ្រោះ ម្យ៉ាងវិញទៀត ខ្លួន មករស់នៅ ក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ និង ពុំមានលិខិត ឆ្លងដែន នោះទេ។
តុលាការនឹងប្រកាសសាលក្រម នៃ សំណុំរឿងក្តីនេះ នៅរសៀល ថ្ងៃ ទី ១៧ ខែ ធ្នូ ២០១៤ ខាងមុខនេះ៕