ភ្នំពេញ ៖ ស្រ្តីគ្រូទាយ មន្តអាគម អោមអាម ជំនាញខាងបោកម្នាក់ ត្រូវបាន កម្លាំង នគរបាល ព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ចាប់ខ្លួន ក្រោយពីស្រ្តី ឆបោករូបនេះ បានរត់គេច ខ្លួនពីខេត្តតាកែវ ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌដង្កោ បានថ្លែងឲ្យដឹងថា ស្រ្តីសង្ស័យរូបនេះ ត្រូវបាន ប្រជាពលរដ្ឋ នៅខេត្តតាកែវ ប្តឹងទៅសមត្ថកិច្ច ក្រោយពីស្រ្តីរូបនេះ បានប្រើ រូបភាព ធ្វើជាគ្រូទាយ មន្តអាគមអោមអាម ហើយពេលដែលជនរងគ្រោះ ទៅមើលម្តងៗ ជនសង្ស័យបានប្រាប់ទៅ ជនរងគ្រោះឲ្យដោះគ្រឿងអលង្កា ដាក់នៅក្នុង ធុងអង្ករ លុះស្អែក នឹងក្លាយ ជាមាសពេជ្យ មានតម្លៃ កាន់តែច្រើន ។
ដោយសារល្បិចកលនេះ ជនរងគ្រោះ មានការសង្ស័យ ក៏សុំមកយកក្រវិល ពាក់ទៅការគេ ស្រាប់តែមិនឃើញ ជនសង្ស័យនៅផ្ទះ ពោលបាន ជិះរថយន្តតាក់ស៊ី មកភ្នំពេញបាត់ ។ ភ្លាមៗនោះ ជនរងគ្រោះ បានប្តឹងទៅ សមត្ថកិច្ចមូលដ្ឋាន រួចហើយសមត្ថកិច្ចនៅទីនោះ បានទាក់ទងមកនគរបាល ខណ្ឌដង្កោ ដើម្បីស្ទាក់ចាប់ខ្លួន។
មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយធ្វើ ការស្ទាក់ និងតាមដានរួចមក កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនស្រ្តី សង្ស័យរូបនេះតែម្តង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ បច្ចប្បន្នស្រ្តីសង្ស័យ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ប្រគល់ទៅឲ្យនគរបាល ខេត្តតាកែវ ដើម្បីចាត់ ការបន្តតាមផ្លូវច្បាប់៕