ភ្នំពេញៈ ស្ដ្រីម្នាក់ ដែលទើបតែ សម្រាលកូន បាន២ខែ ត្រូវបាននគរបាល ប៉ុស្ដិ៍ទឹកថ្លា ចាប់ខ្លួន កាលពីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ នៅផ្ទះលេខ២៤៧ ក្រុមទី៨ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយតែស្ដ្រីរូបនេះ បានបន្លំលួចយកលុយ អ្នកលក់ឥវ៉ាន់ ចាប់ហួយ ហើយត្រូវម្ចាស់គេ ឃើញទាន់។
ស្រ្តីជនសង្ស័យ មានឈ្មោះ ចាន់ ស្រីនាង អាយុ៣០ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទើបតែសម្រាលកូន២ខែ។ ចំណែក អ្នកដែលអះអាងថា ជាជនរងគ្រោះ ម្ចាស់ផ្ទះកន្លែងកើតហេតុនោះ មានឈ្មោះ យូ វ៉ាន់ហោ អាយុ៤២ឆ្នាំ មានមុខរប ជាលក់ដូរគ្រឿងទេសគ្រប់មុខ។
លោក ប៉ែន ថុល ប្រធានប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា បានឱ្យដឹងថា មុនពេលកើតហេតុគេ ឃើញស្ដ្រី ជនសង្សស័យ ដើរចូលផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពអើតឡើមៗ ក្រោយមក បានដើរសម្តៅទៅធុង ដាក់លុយ ហើយលូកយកលុយ ពីធុងនោះ បម្រុងរត់គេ តែក៍ត្រូវម្ចាស់ផ្ទះ ឃើញទាន់ ចាប់ខ្លួនបានភ្លាមៗ ប្រគល់មកឱ្យសមត្ថកិច្ច តែម្តង។
លោកបានបន្តថា ក្រោយសមត្ថកិច្ចសាកសួរ ស្ដ្រីសង្ស័យ បានសារភាពថា រូបគេពិតជា មានបំណងលួច យកលុយពីធុង របស់ជនរងគ្រោះ ដែលជាអ្នកលក់ចាប់ហួយ ពិតប្រាកដមែន ដោយសារតែខ្លួន ក្រពេក គ្មានលុយចិញ្ចឹម និងទិញទឹកដោះគោឱ្យកូន ដែលទើបសម្រាលរួច ២ខែ ។
គេពុំដឹងថា ជោគវាសនា របស់ស្ត្រីកូនខ្ចីត្រឹម២ខែម្នាក់នេះ នឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែក្រោយពីសាក សួររួច ស្រ្តីរូបនេះ ត្រូវបានសមត្ថកិច្ច ឃុំខ្លួន ជាបណ្តោះអាសន្ន ។ ការសម្រេចយ៉ាងណានោះ គឺមានតុលាការ តែប៉ុណ្ណោះ ៕