ភ្នំពេញ៖ លោក Steve Kraus នាយកប្រតិបត្តិអង្គការ UNAIDS ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិកបានថ្លែងថា អង្គការសហប្រជាជាតិមានការសប្បាយរីករាយយ៉ាង ខ្លាំងចំពោះរាល់សកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាសកម្មភាព ប្រាកដនិយមហើយសកម្មភាពអស់ទាំង នោះសុទ្ធតែចូលរួមចំណែកដល់ការ គាំទ្រលើបញ្ហាសិទ្ធមនុស្សផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃសុក្រនេះ។
ប្រភពដដែលរាយការណ៍ថា ការកោតសរសើរនោះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី០៥ ធ្នូ ឆ្នាំ២០១៤ ដោយលោក Steve Kraus សម្តែងនូវការចូលរួមអបអរសាទរយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការ UNAIDS ជាមួយរាជរដ្ឋាភិបាល កម្ពុជានោះ ។ លោកនាយកប្រតិបត្តិមានប្រសាសន៍ថា “សម្តេចតេជោនាយក រដ្ឋមន្រ្តីគឺឈរជាមួយប្រជាជន និងឈរជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដែលធ្វើឱ្យប្រជាជនកម្ពុជា និងអង្គការសហប្រជាជាតិ មានការសប្បាយរីរាយយ៉ាងខ្លាំង ដោយសារគឺរាល់សកម្មភាពរបស់សម្តេច គឺជាសកម្មភាពដែលប្រាកដនិយម ហើយសកម្មភាពអស់ទាំងនោះសុទ្ធតែ ចូលរួមចំណែកដល់ការគាំទ្រលើបញ្ហាសិទ្ធមនុស្សទៀតផង” ។
លោក Steve Kraus សកម្មភាពដែលសម្តេចតេជោ បានចូលរួមគឺត្រូវ បានទទួលស្គាល់ និងមើលឃើញអំពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ី ហ្វិក និងបណ្តាប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិទាំងមូលផង ដែរ ។ តាមរយៈនេះលោក Steve Kraus សូមគោរពយ៉ាងស្មោះចំពោះការ ប្រឹងប្រែង និងសូមសម្តែងនូវការអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ដែលទទួលបាន ពោលគឺក្នុងចំណោមប្រជាជនកម្ពុជាផ្ទុកមេរោគអេដស៍ និង ជំងឺអេដស៍ប្រមាណ៧០% បានចូលមកទទួលនូវការព្យាបាល ហើយការឆ្លងរាលដាលនៃជំងឺអេដស៍ក៏ត្រូវបានកាត់បន្ថយយ៉ាងច្រើន ។
តាមរយៈនេះលោកនាយកបានស្នើសុំដល់កម្ពុជា ក្នុងការចែករំលែកនូវ បទពិសោធន៍ដ៏ល្អទាំងនោះ នៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងបាងកកប្រ ទេសថៃ និងនៅប្រទេសហ្វីលីពីននៅពេលខាងមុខ ។ ជាមួយគ្នានេះលោក Steve Kraus ក៏បានផ្ញើនូវសេចក្តីគោរពយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមចំណែកយ៉ាង សកម្មក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលពាក់ព័ន្ធទៅនឹងជំងឺអេដស៍ ហ៊ីវក៏ដូចជាបញ្ហាគ្រឿងញៀនផងដែរ។
នៅក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការ ចែករំលែកបទពិសោធន៍នៅប្រទេសថៃ និងហ្វីលីពីននោះ សម្តេចនិងអនុញ្ញាត ឱ្យលោក អៀង ម៉ូលី និងលោក ម៉ម ប៊ុនហេង ចូលរួមហើយចំពោះជោគជ័យ ដែលកម្ពុជាទទួលបាននោះគឺដោយសារការចូលរួមពីលើដល់ ក្រោម មានន័យថា ពីក្បាលរហូតដល់ចុងជើង ពោលគឺប្រជាជនកម្ពុជាបាន ចូលរួមទាំងស្ថានីយទូរទស្សន៍ វិទ្យុ ពិធីករ អ្នកសម្តែង និងតួអង្គសម្តែង តាម រយៈព័ត៌មាន ទស្សនាវដ្តី ខារ៉ាអូខេ ទាំងនោះគឺជាកត្តាចូលរួមចំណែកទាំង មូល ដែលធ្វើឱ្យកម្ពុជាទទួលបានជោគជ័យក្នុងកម្មវិធីប្រយុទ្ធប្រឆាំង ទៅនឹង ជំងឺអេដស៍-ហ៊ីវនោះ។
សម្តេចតេជោ បន្តថា សម្តេចពិតជាមោទន ភាពណាស់ចំពោះកម្ពុជា បើទោះបីជាមាននិន្នាការនយោបាយខុសគ្នាក៏ដោយ ប៉ុន្តែនៅពេលមានបញ្ហា កម្ពុជាបានចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា ។ តាមរយៈនេះកម្ពុជានឹងខិតខំធ្វើយ៉ាងណាឱ្យការឆ្លងរាលដាល នៃជំងឺអេដស៍ –ហ៊ីវឱ្យមានការធ្លាក់ចុះទៅដល់ចំណុចសូន្យតែម្តង ។ សម្តេចតេជោក៏បាន ស្នើដល់អង្គការជាដៃគូរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងអង្គការ UNAIDS បន្តជួយដល់កម្ពុជា ដើម្បីធ្វើយ៉ាងណាឈានទៅដល់ការលុបបំបាត់ នៃការ ឆ្លងរីករាលដាលនៃជំងឺអេដស៍-ហ៊ីវនៅកម្ពុជា ។
ជាការឆ្លើយតបចំពោះប្រសាសន៍របស់សម្តេចតេជោ លោក Steve Kraus បានបញ្ជាក់ថានឹងបន្តជួយដល់កម្ពុជា និងបន្តជួយផ្តល់នូវអ្វីៗទាំងអស់ ក្នុងការទទួលបាននូវថ្នាំ ដែលមានគុណភាពល្អៗ និងមានតម្លៃសមរម្យទៀត ផង៕