ភ្នំពេញៈ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលភ្លាមៗ នូវការលើកឡើងរបស់ លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានសម្តែងការ ព្រួយបារម្ភខ្លាំងអំពីវប្បធម៌ និទណ្ឌភាព និងសេរីភាពក្នុងការ បញ្ចេញមតិនៅកម្ពុជា។
ក្នុងសិទ្នសីទសារព័ត៌មានមួយ មុនការបញ្ចប់ដំណើរបំពេញ បេសកកម្មរបស់ខ្លួនលើកទី៦នៅកម្ពុជា នាទីស្នាក់ការឧត្តមស្នងការ អង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ នេះលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី បានថ្លែងថា លោកនៅតែមានការព្រួយបារម្ភ ជាខ្លាំងអំពីវប្បធម៌និទណ្ឌភាពនៅកម្ពុជា និងបញ្ជីដ៍វែងនៃបទឧក្រិដ្ឋ ដែលក្នុងនោះមិនមាន ជនល្មើសណាមួយត្រូវបាននាំខ្លួន មកតុលាការដើម្បីផ្តន្ទាទោសឡើយ។ លោកបន្តទៀតថា និទណ្ឌភាពគឺជាមេរោគដែលស៊ីរូងសង្គម ធ្វើឲ្យសារធារណៈជនបាត់បង់ ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ នៅក្នុងប្រទេសមួយ ដែលមិនត្រឹមតែប្រព័ន្ធតុលាការប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងស្ថាប័ននគរបាល និងភ្នាក់ងារប្រតិបត្តិច្បាប់ផ្សេងៗផងដែរ។
ជាមួយគ្នានេះ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងក៏បានថ្លែងតបវិញថា ការព្រួយបារម្ភរបស់ លោក ស៊ូប៊ែឌី ខុសពីការពិតជាក់ស្តែង នៅក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ កំពុងប្រឹងប្រែងធ្វើយ៉ាងម៉េច ដើម្បីឲ្យមានតុល្យភាព ធ្វើយ៉ាងម៉េចដើម្បីឲ្យមាន សុខដុមរមាជាមួយគ្នាក្នុងការអភិវឌ្ឍន៍ នៃការគោរពសិទ្ធិគ្នាទៅវិញទៅមក ។ លោក បន្តទៀតថា រាជរដ្ឋាភិបាលមានជំនឿ ជាក់ច្បាស់ក្នុងសមិទ្ធផល ដែលបានធ្វើក្នុងករណីគោរពសិទ្ធិមនុស្ស និងការពង្រឹងប្រព័ន្ធយុត្តិធម៌ ដែលមិនអនុញ្ញាត្តិឲ្យជនណា គេចចេញពីសំណាញ់ច្បាប់បានឡើយ។
អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ក៍បានថ្លែងទៀតថា “ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំង អំពីសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា មានករណីមួយចំនួនទាក់ទងនឹង ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញដល់អ្នក ដែលបំពេញការងារក្នុងវិស័យព័ត៌មាន និងតស៊ូមតិផ្នែកសិទ្ធិមនុស្ស ត្រូវបានរាយការណ៍មកខ្ញុំ ហើយការប្រើប្រាស់ច្បាប់ស្តីពី ការញុះញង់ ហួសហេតុហាក់បីដូចជា ធ្វើឲ្យប្រជាពលរដ្ឋដាក់សម្ពាធ លើខ្លួនដោយខ្លួនឯង” ។
លោក ផៃ ស៊ីផាន ក៏បានឆ្លើយតបថា ចំពោះព្រួយបារម្ភ អំពី សេរីភាពបញ្ចេញមតិ និងការគំរាមកំហែង ផ្នែកព័ត៌មាន របស់លោក ប្រាសាទ ស៊ូប៊ែឌី គឺជាការយល់បច្រឡំ ព្រោះក្នុងព្រះរាជាណាចក្រកម្ពុជា សេរីភាពខាងព័ត៌មាននេះ នាំមុខគេនៅក្នុងអាស៊ាន ឆ្នាំមុននេះ សារព័ត៌មានរបស់ថៃ គេបានវាយតម្លៃខ្ពស់ចំពោះសិទ្ធិសេរីភាព សារព័ត៌មានរបស់កម្ពុជា នេះគឺជាការបារម្ភខុស ទិសដៅរបស់លោក ស៊ូប៊ែឌី។
យ៉ាងណាក៏ដោយ នៅក្នុងការថ្លែងការណ៍របស់លោក ស៊ូប៊ែឌី ក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា មានគោលនយោបាយមួយ ច្បាស់លាស់រួចហើយ ក្នុងការបន្តដំណើរនៅលើផ្លូវមួយ ទៅកាន់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋពិតប្រាកដ និងការគោរពសិទ្ធិមនុស្ស កាន់តែរឹងមាំឡើងថែមទៀត ។ លោកមានជំនឿយ៉ាងមុតមាំថា បញ្ហាសិទ្ធិមនុស្សទាំងឡាយ ដែលបានលើកឡើងនៅក្នុងរបាយការណ៍ លោកយល់ថា មិនយូរមិនឆាប់ គង់តែចាំបាច់ត្រូវដោះស្រាយ នៅពេលណាមួយជាមិនខាន៕
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (ស្ដាំ)