Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តែងតាំង មេធាវីការពារក្តី ២រូប តំណាងឲ្យ ជនសង្ស័យ ១រូប ក្នុងសំណុំរឿង ០០៣

$
0
0

ភ្នំពេញ៖ សាលាក្តីខ្មែរក្រហម បានសម្រេចតែងតាំង មេធាវីការពារក្តីជនជាតិខ្មែរ និងបរទេសចំនួនពីររូប តំណាងឲ្យជនសង្ស័យមួយរូបក្នុង សំណុំរឿង០០៣។

យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅសា មញថា សាលាក្តីខ្មែរក្រហម ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២នេះបានឲ្យដឹងថា ផ្នែកគាំពារការការពារក្តី (DSS) នៃអង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានតែងតាំងលោក អាង ឧត្តម ជាសហមេធាវីកម្ពុជា និងលោក Michael G.Karnavas ជាសហមេធាវីបរទេស ដើម្បីតំណាងជនសង្ស័យ មួយរូប ដែលមានឈ្មោះនៅក្នុងដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរទីពីរ ដែលសហព្រះរាជអាជ្ញាអន្តរជាតិ បានដាក់ទៅការិយាល័យ សហចៅ ក្រមស៊ើបអង្កេត កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៨។ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរទីពីរនេះ គឺជាផ្នែកមួយនៃសំណុំឯកសារ ក្នុងសំណុំរឿង ០០៣។ អត្តសញ្ញាណរបស់ជនសង្ស័យ ដែលមានឈ្មោះ នៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរទីពីរនេះ នៅតែត្រូវបានរក្សាទុកជាសម្ងាត់។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា លោក អាង ឧត្តម និងលោក Michael G.Karnavas គឺជាមេធាវីការពារក្តីដ៏មានបទពិសោធន៍ ក្នុងរឿង ព្រហ្មទណ្ឌ និងកំពុងបំពេញការងារនៅ អ.វ.ត.ក នាពេលបច្ចុប្បន្ន។ នៅ អ.វ.ត.ក ពួកគាត់តំណាងលោក អៀង សារី ដែលជាជនជាប់ចោទមួយរូប ក្នុងសំណុំរឿង០០២។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា នេះគឺជាលើកដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រនៃ អ.វ.ត.ក ដែលផ្នែកគាំពារការការពារក្តី បានតែងតាំងមេធាវី ដើម្បីតំណាងជនសង្ស័យ ឬជនជាប់ចោទជាច្រើនរូប ក្នុងពេលដំណាលគ្នា។ នៅក្នុងការតែងតាំងនេះ ផ្នែកគាំពារការការពារក្តី បានពិនិត្យពិចារណា ទៅលើជម្រើសរបស់ជនសង្ស័យ បទពិសោធន៍ទូទៅរបស់មេធាវី ក្នុងវិស័យច្បាប់មនុស្សធម៌ និងឧក្រិដ្ឋកម្មអន្តរជាតិ, កម្រិតនៃការយល់ដឹងរបស់ពួក គាត់ អំពីវិធានជាមូលដ្ឋាន, ទម្លាប់អនុវត្តន៍ និងនីតិវិធីនៅ អ.វ.ត.ក, ចំណេះដឹងរបស់ពួកគាត់អំពីបរិបទប្រវត្តិសាស្ត្រ និងនយោបាយនៃរបប កម្ពុជាប្រជាធិបតេយ្យ និងលិខិតបដិសេធ អំពីទំនាស់ផលប្រយោជន៍ទាំងអស់ជាធរមាន។ អង្គភាពគាំពារការការពារក្តី ក៏បានពិនិត្យពិចារណា អំពី អំណឹះអំណាងរបស់ជនសង្ស័យ អំពីភាពក្រីក្រផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles