ភ្នំពេញ៖ មន្រ្តីកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) នៅថ្ងៃសុក្រទី ១៤ ខែធ្នូ ឆ្នាំ ២០១២នេះ នៅមិនទាន់មានការសម្រេច ក្នុងការផ្លាស់ប្តូរនាយក ព័ត៌មានកម្មវិធី "សមធម៌" តាមការស្នើរបស់រដ្ឋមន្រ្តី ក្រសួងព័ត៌មាននៅឡើយទេ បន្ទាប់ពីកម្មវិធីដែលពេញនិយម ត្រូវបានផ្អាកចាប់តាំងពី ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១២ មកនោះ។
ក្នុងសារឆ្លើយតបទៅនឹង សំនួររបស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មន្រ្តីជាន់ខ្ពស់ UNDP ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ឱ្យដឹងថា "ការពន្យាពេលនូវការ ផ្សាយកម្មវិធីសមធម៌ គឺជាការផ្តល់ឱកាសមួយដើម្បី វាយតំលៃឡើងវិញនូវកម្មវិធី និងការការណត់នូវកម្មវិធីថ្មីៗ បន្ថែមទៀតហើយ និងកំណត់នូវកម្មវត្ថុថ្មីៗឡើងវិញ ដើម្បីសម្របខ្លួនទៅនិង បរិយាកាសរីកចំរើនឆាប់រហ័សផ្នែកព័ត៌មាននៅកម្ពុជា។
លិខិតរបស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ បានឱ្យដឹងថា ក្រសួងព័ត៌មាន បានទទួលលិខិតបន្ទាន់មួយ ពីក្រសួងបរិស្ថាន មាន ៥ ទំព័រ ស្តីពីភាពមិនអាចទទួលយក បាននូវការផ្សាយរូបភាព និងខ្លឹមសារមិនពិត របស់កម្មវិធីសមធម៌ ប្រចាំសប្តាហ៍ ក្នុងកម្មវិធី ទី២៥៤ ផ្សាយនៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្ន២០១២ ស្តីអំពី ការវិនិយោគ កសិ-ឧស្សាហកម្ម ក្នុងឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី ដែលបានបង្កឲ្យមានការបាត់បង់ ជំនឿពីទូរទស្សនិកជន ចំពោះទូរទស្សន៍ជាតិកម្ពុជា ជាពិសេសការជឿទុកចិត្ត លើក្រសួងព័ត៌មាន ក្នុងជំហរ "ព័ត៌មានពិត និងទុកចិត្តបាន" ចំពោះការផ្សាយកម្មវិធីសមធម៌ ប្រចាំសប្តាហ៍ ដោយកម្មវិធីនេះ បានយករូបភាពពីកន្លែងផ្សេង បន្លំដាក់ជារូបភាពនៅក្នុង ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី ព្រមទាំងយកផែនទីឈ្មួញលក់ដី មកបោកប្រាស់ជាផែនទីផ្លូវការ ព្រមទាំងការធ្វើអត្ថាធិប្បាយ ផ្សេងទៀតដោយគ្មានមូលដ្ឋាន -ល-និង-ល-។
លិខិតរបស់លោករដ្ឋមន្រ្តី បានលើកឡើងថា "បន្ទាប់ពីបានធ្វើការសាកសួរ ដោយលម្អិតជាមួយមន្ត្រីនានា ដែលសហការផលិតកម្មវិធី ពីកំហុសឆ្គង ដែលមិនអាចទទួលយកបាននេះ យើងរកឃើញថា គឺបណ្តាលមកពីកត្តាអត្តនោម័តិ លើការសម្រេចចិត្តដោយបំពាន មិនសហការល្អពី សំណាក់មន្ត្រីបរទេស ដែលភាគី UNDP បានចាត់មកជាមន្ត្រីនិពន្ធនាយក ក្នុងកម្មវិធីសមធម៌ប្រចាំសប្តាហ៍ គឺលោក Federico Ed Rodriguez។ ក្នុងករណីនេះ ក្រសួងព័ត៌មានសម្រេចបញ្ឈប់ មិនធ្វើកិច្ចសហការការងារ ជាមួយលោក Federico Ed Rodriguez ជាជំនាញការសារព័ត៌មាន មកពី UNDP ទៀតឡើយ"។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បានគូសបញ្ជាក់ថា "ព្រមជាមួយនេះ ក្រសួងព័ត៌មាន ក៏សូមផ្អាកការចាក់ផ្សាយ ជាបណ្តោះអាសន្ន កម្មវីធីសមធម៌ប្រចាំសប្តាហ៍ តាមទូរទស្សន៍ជាតិកម្ពុជាផងដែរ ចាប់តាំងពីថ្ងៃនេះតទៅ រង់ចាំរហូតដល់ UNDP បញ្ជូនមនុស្សដែលមាន សមត្ថភាពវិជ្ជាជីវៈគ្រប់គ្រាន់ និងមានស្មារតីសហការ ក្នុងកិច្ចការងារមកជំនួស កន្លែងការងាររបស់លោក Federico Ed Rodriguez"។
ជាមួយនឹងការស្នើសុំឱ្យ ផ្លាស់ប្តូរនាយកព័ត៌មាន មន្រ្តី UNDP បានត្រឹមតែសុំជួបជាមួយ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ តែប៉ុណ្ណោះ។ មន្រ្តី UNDP មានប្រសាសន៍ថា "UNDPបានស្នើឲ្យក្រសួងព័ត៌មាន បើកកិច្ចប្រជុំដើម្បីពិភាក្សា អំពីអនាគតកម្មវិធីសមធម៌"។
មន្រ្តី UNDP បានថ្លែងឯកភាពថា ការផ្សាយនៃកម្មវិធីសមធម៌ប្រចាំសប្តាហ៍ ត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅពាក់កណ្តាល ខែវិច្ឆិកា បន្ទាប់ពីសេចក្តីសម្រេច រួមមួយរវាង ក្រសួងព័ត៌មាន និង កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ UNDP។ ក៏ប៉ុន្តែ បានថ្លែងថា ការផ្អាកបណ្តោះអាសន្ននោះ ធ្វើឡើងតាមការស្នើ ដោយក្រសួងទាក់ទង (ក្រសួងបរិស្ថាន) ទៅនឹង ការផ្សាយព័ត៌មានមួយ កាលពីចុងខែកញ្ញាកន្លងទៅនេះ។
មន្រ្តី UNDP ចាត់ទុកថា ចំពោះព័ត៌មាននោះដែរ គឺ បាន បង្កប់នូវបញ្ហារសើបមួយ ដែលបានកើតឡើង ប៉ុន្តែមិនបានបង្ហាញ យ៉ាងច្បាស់តែម្តងនៅ ក្នុង ការផ្សាយនោះទេ។ កម្មវិធីសមធម៌ប្រចាំសប្តាហ៍ នោះដែរ បានបង្កើតឡើងរយៈពេល ១០ ឆ្នាំ កន្លងមកហើយ ក្រោមការបង្កើត ភាពជាដៃគូរវាង ក្រសួងព័ត៌មាន និង អង្គការ UNDP៕