ភ្នំពេញ ៖ អគ្គនាយក មកពីក្រុមហ៊ុន អន្តរជាតិធំៗចំនួនពីរ ដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាល បានជំរុញឲ្យថ្នាក់ដឹកនាំ ក្រុមហ៊ុន ផ្សេងៗ ទៀត អនុវត្តដូចគ្នា ក្នុងអំឡុងកិច្ចប្រជុំមួយ កាលពីថ្ងៃសុក្រកន្លងទៅ ក្រោមអធិបតីភាពថ្នាក់ ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ។
អគ្គនាយក ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (ក្រុមហ៊ុនកូកា-កូឡា) លោក Paul Popelier និងអគ្គនាយក ប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា ឡាយហ្វ៍ អឹសួរិនស៍ លោក Pankaj Banerjee បានថ្លែងនៅ ក្នុងអង្គប្រជុំរបស់សភាពាណិជ្ជកម្មអន្តរជាតិ កម្ពុជា (IBC) ថា ការចុះ MoU នេះគឺជាការបោះ ជំហានយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ។
ប្រធានក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈកូកា-កូឡា នៅកម្ពជា លោក Popelier បានឲ្យដឹងថា “សម្រាប់វិនិយោគិនបរទេសដែលកំពុងសំឡឹងចង់ចូលមកធ្វើអាជីវកម្មនៅក្នុងទីផ្សារកម្ពុជា ការមាន ច្បាប់ប្រឆាំងអំពើពុករលួយដែលមានប្រសិទ្ធភាព គឺជាបញ្ហាចម្បង ។ តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយ វាជារឿងសំខាន់ដែលយើងធ្វើអ្វីតាមដែលអាចធ្វើបាន ដើម្បីអប់រំ ប្រជាពលរដ្ឋពីការខាតបង់ផ្នែកសេដ្ឋកិច្ច ដោយសារតែអំពើពុករលួយ ។
ចំណែកឯលោក Pankaj Banerjee ដែលបានចុះ MoU ក្នុងនាមក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមាន ប្រសាសន៍ថា “យើងជាក្រុមហ៊ុនថ្មីនៅកម្ពុជា ប៉ុន្តែ យើងមានការប្ដេជ្ញាចិត្តក្នុង ការសហការជាដៃគូ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតបរិយាកាសអាជីវកម្មដែលមានប្រសិទ្ធភាពជាងមុន ។ វាជាការសំខាន់ដែលយើងប្រើប្រាស់ប្រវត្តិការណ៍របស់យើង ដែលមានការគោរពពេញ លេញចំពោះវិធាន ការ ប្រឆាំងអំពើពុករលួយដ៏តឹងរ៉ឹងបំផុត ដើម្បីជាការជួយលើកកម្ពស់ ការយល់ដឹងលើបញ្ហា អំពើពុករលួយនៅក្នុងអង្គប្រជុំបែបនេះ” ។
គណៈប្រតិភូដែលបានចូលរួមនៅក្នុងកិច្ចប្រជុំ IBC កាលពីថ្ងៃសុក្រនោះ ក៏បានឮដែរថា មានក្រុមហ៊ុន ០៦ ផ្សេងទៀត ដែលគ្រោងនឹងចុះ MoU ជាមួយនឹងអង្គភាពប្រឆាំងអំពើរលួយ នៅថ្ងៃទី ០៩ ធ្នូនេះ ដែលត្រូវជាទិវា ប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ របស់អង្គការសហប្រជាជាតិ ។
អង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ ជំនួសឲ្យ “អង្គភាព កម្ចាត់អំពើពុករលួយ” ដែលបានដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ។ អង្គភាពនេះត្រូវបានពង្រឹងបន្ថែមទៀតនៅខែមេសា ២០១០ នៅពេលដែលកម្ពុជា បានអនុម័ត ច្បាប់ប្រឆាំងអំពើពុករលួយដាច់ដោយឡែកជាលើកដំបូង ។
ប្រធានACU លោក ឱម យ៉ិនទៀង បានថ្លែងថា “ការមានក្រុមហ៊ុនដូចជាព្រូដិនសល និងកូកា-កូឡា ជាដៃគូ គឺជាទ្រព្យ ដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា” ។
លោកក៏បានថ្លែងអំណរគុណដល់ IBC ដែលបានដើរតួនាទីក្នុងការ ទាក់ទងជាមួយនឹង ក្រុមហ៊ុនបរទេស ឲ្យចូលរួមជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ ។
លោក ឱម យ៉ិនទៀង ក៏បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញា ចិត្តទាំងស្រុងក្នុងការ ប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងគ្រប់វិស័យទាំងអស់ នៃសេដ្ឋកិច្ចរបស់ប្រទេស ។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយអាចទទួលជោគជ័យទៅបាន ប្រសិនបើក្រុមហ៊ុនអន្តរជាតិសំខាន់ៗ ចាប់ដៃគូជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ” ៕