Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកសង្ឃមួយអង្គ នៅវត្តប្រជុំសាគរ ត្រូវនេន ៤អង្គព្រួតវាយ ខណៈហាមផឹកស្រា

$
0
0

ភ្នំពេញ ៖ លោកសង្ឃមួយអង្គ ដែលជាគ្រូសូត្រ នៅវត្តប្រជុំសាគរ ហៅវត្តថ្មី ត្រូវបានលោកនេន ដែលគង់នៅវត្តជា មួយគ្នាចំនួន ៤-៥អង្គ ព្រួតគ្នាវាយបណ្តាលឲ្យរងរបួស ខណៈ ដែលលោកសង្ឃរងគ្រោះខាងលើនេះ ឃើញលោក នេន នាំគ្នាទិញស្រាបៀយកមកផឹក ក៏បានធ្វើការហាមឃាត់ ។

ហេតុការណ៍ លោកនេនព្រួតគ្នាវាយលោកសង្ឃខាងលើ បានកើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៤ ម្សិល មិញនេះ នៅក្នុងវត្តប្រជុំសាគរ ហៅវត្តថ្មី ដែលមានទីតាំងនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ព្រះសង្ឃដែលរងគ្រោះ នៅក្នុងករណីព្រួតវាយពីលោកនេន និងព្រះចៅអធិការវត្តខាងលើនេះ ត្រូវបានគេស្គាល់ព្រះ នាម គង់ សុផាត ព្រះជន្មជាង ៣០ ព្រះវស្សា និងបួសគង់នៅវត្តប្រជុំសាគរខាងលើនេះជាយូរឆ្នាំមកហើយ ។ ចំណែក លោកនេនដែលជាភាគីបង្ក មិនត្រូវបានគេស្គាល់ព្រះនាមនោះឡើយ ដោយគ្រាន់តែគេដឹងថា មានព្រះជន្មវ័យក្មេងៗ ខ្លះត្រូវជាចៅ ខ្លះត្រូវជាសាច់ញាតិរបស់ព្រះចៅអធិការវត្ត ដែលគេស្គាល់ព្រះនាម ណាត ។ ក្នុងនោះព្រះចៅអធិការ ព្រះនាម ណាត ក៏ត្រូវបានគេចោទថា ជាអ្នកចូលរួមវាយតប់ខាងលើនេះផងដែរ ។

យោងតាមសេចក្តីរាយការណ៍ ពីព្រះសង្ឃរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ព្រះអង្គបានឃើញលោក នេន ៣-៤អង្គនាំគ្នាទិញស្រាបៀយកមកអង្គុយផឹកនៅក្នុងកុដិ ។ ពេលឃើញដូច្នេះព្រះសង្ឃ គង់ សុផាត ក៏បានធ្វើ ការហាមឃាត់ ដោយមានសង្ឃដីកាថា បើចង់ផឹកដោះស្បង់ចីវរចេញទៅ ។ គ្រាន់តែព្រះសង្ឃ គង់ សុផាត មានសង្ឃ ដីកាដូចេ្នះ ស្រាប់តែលោកនេនទាំងអស់ បានចាប់ផ្តើមរករឿង និងទៅទូលព្រះចៅអធិការ ហើយនាំគ្នាព្រួតទៅវាយ លោកសង្ឃ គង់ សុផាត តែម្តងទៅ បណ្តាលឲ្យរងរបួសពកព្រះភ័ក្រ្តជាច្រើនកន្លែង ។ ក្រោយពីលោកនេន និងព្រះ ចៅអធិការវត្ត នាំគ្នាព្រួតវាយលោកសង្ឃព្រះនាម គង់ សុផាត រួចហើយ បានធ្វើឲ្យផ្អើលដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ទៅចោមរោមពេញវត្ត ដោយទាមទារឲ្យគណៈកម្មការវត្ត និងមន្រ្តីអាជ្ញាធរចាត់វិធានការដោះស្រាយករណីនេះ ដោយ ទាមទារឲ្យផ្សឹកលោកនេន និងបណ្តេញព្រះចៅអធិការចេញពីវត្ត ។ ខណៈដែលពុទ្ធបរិស័ទធ្វើការចោមរោមនាំគ្នា គាំទ្រព្រះសង្ឃ គង់ សុផាត នោះ ក្រុមលោកនេនបង្ក បានមានសង្ឃដីកាថា ព្រះសង្ឃ គង់ សុផាត ចោទក្រុមលោក នេនខុសពីការពិត តាមពិតអ្នកទិញស្រាបៀយកមកផឹកក្នុងវត្ត មិនមែនជាលោកនេននោះទេ គឺជាកូនសិស្សលោកតែ ប៉ុណ្ណោះ តែព្រះសង្ឃរងគ្រោះនៅតែមានសង្ឃដីកាការពារ ការអះអាងរបស់ខ្លួនថា លោកនេនទាំងនោះពិតជានាំគ្នា ទិញស្រាបៀយកមកផឹក នៅក្នុងកុដិពិតប្រាកដមែន ។ ចំណែកព្រះចៅអធិការវត្ត ខណៈដែលមានពុទ្ធបរិស័ទចំណុះ ជើងវត្តរាប់សិបនាក់ មកធ្វើការតវ៉ា និងសរសេរបដាលើកទាមទាររកយុត្តិធម៌ឲ្យព្រះសង្ឃរងគ្រោះ លោកចៅអធិការ បានចូលទៅគង់នៅក្នុងកុដិបិទទ្វារជិត ទោះជាពុទ្ធបរិស័ទស្រែកឲ្យចេញមកជួបតទល់គ្នា ក៏មិនព្រមបើកទ្វារចេញមក ដែរ ។

យុវជនម្នាក់ឈ្មោះ ជា ដរា ដែលបានឃើញហេតុការណ៍ និងបានចូលរួមក្នុងការតវ៉ា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅក្នុងបរិវេណវត្តប្រជុំសាគរឲ្យដឹងថា នៅព្រឹកមិញនេះ ក្រុមសង្ឃ ៥អង្គ ក្នុងនោះមានចៅអធិការវត្តមួយ អង្គផងនោះ បាននាំគ្នាវាយទាត់ធាក់ទៅលើព្រះសង្ឃមួយអង្គទៀត ខណៈដែលសង្ឃនោះមិនបានធ្វើអ្វីខុស ។ លោក ជា ដរា បានបន្ថែមថា ដោយសារតែឃើញទង្វើប្រាសចាកពីព្រះពុទ្ធសាសនា របស់ក្រុមព្រះសង្ឃ មិនគោរពធម៌វិន័យ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ប្រហែលជា ៤០០នាក់ បាននាំគ្នាតវ៉ានៅមុខវត្តចំពោះសកម្មភាពមិនគប្បីរបស់ព្រះ សង្ឃទាំងនោះ ដោយការតវ៉ាទាមទារនេះ គឺមានបំណងសំខាន់ដើម្បីឲ្យក្រសួងធម្មការ និងសាសនា ព្រមទាំងគណៈ សង្ឃ ឲ្យទម្លាក់តួនាទីរបស់ព្រះចៅអធិការ និងចាប់ផ្សឹកព្រះសង្ឃ ៤អង្គ ហើយដាក់ទោសព្រហ្មទណ្ឌទៅតាមច្បាប់ ។ ពុទ្ធបរិស័ទដែលចូលរួមតវ៉ា បាននាំគ្នាអះអាងថា បើគ្មានចំណាត់ការនោះទេ ពួកគាត់នឹងនាំគ្នាទៅតវ៉ានៅមុខក្រសួង ធម្មការ នៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ស្អែកនេះហើយ ។

ពុទ្ធបរិស័ទមួយរូប ដែលដឹងរឿងរ៉ាវជាច្រើន នៅក្នុងវត្តប្រជុំសាគរ ហៅវត្តថ្មីនេះ បានអះអាងឲ្យដឹងថា វត្តប្រជុំសាគរ នេះ តាំងពីលោក ណាត មកកាន់ជាព្រះចៅអធិការវត្ត ជំនួសព្រះចៅអធិការមុន ដែលចូលទីវង្គត់ទៅនោះ គឺការដឹកនាំ កសាងវត្តគឺដំណើរការទៅមុខតិចតួចប៉ុណ្ណោះ ខណៈដែលចំណូលត្រូវបានគេមើលឃើញថា មានចំនួនច្រើន ។ ដោយសារតែការមើលឃើញពីការដឹកនាំរបស់ព្រះចៅអធិការ និងគណៈកម្មការវត្តមានភាពមិនប្រក្រតី ដូច្នេះហើយ ទើប២-៣ឆ្នាំចុងក្រោយនេះ ពុទ្ធបរិស័ទចំណុះជើងវត្ត ហាក់ដូចជានាំគ្នាអស់ជំនឿលែងសូវទៅធ្វើបុណ្យទាននៅក្នុង វត្តប្រជុំសាគរខាងលើនេះ គឺនៅសល់តែពុទ្ធបរិស័ទពីចម្ងាយៗតែប៉ុណ្ណោះ ដែលមិនបានដឹងរឿង តែ១-២ឆ្នាំ ចុង ក្រោយនេះ ពុទ្ធបរិស័ទដែលជាអ្នកចម្ងាយៗ ដូចជាមន្រ្តីធំៗ អ្នកមានៗជាដើមដែលកន្លងមកនាំគ្នាមកធ្វើបុណ្យទាន ដូចជារដូវកឋិន នាំគ្នាហែកឋិនចូល រដូវភ្ជុំបិណ្ឌសម្រុកនាំគ្នាមកកាន់បិណ្ឌនោះ ក៏ហាក់ដូចជាស្ងាត់គឺនៅសល់តែប្រជា ពលរដ្ឋតិចតួចប៉ុណ្ណោះ ។

ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំមុន រដូវបុណ្យភ្ជុំ រដូវបុណ្យកឋិនទានម្តងៗ មានឯកឧត្តម ដូចជា រដ្ឋមន្រ្តីក្រសួងអប់រំ អភិបាលរាជធានី និងអ្នកមានមុខ មានមាត់ លុយកាក់ ជាច្រើនទៀត នាំគ្នាមកកាន់បិណ្ឌ មកហែកឋិនទានចូលបាន បច្ច័យមួយឆ្នាំៗរាប់ម៉ឺនដុល្លារ តែមួយឆ្នាំពីរចុងក្រោយនេះ រដូវភ្ជុំបិណ្យគេមិនឃើញមានឯកឧត្តមៗ មកកាន់បិណ្ឌដូច កន្លងមកនោះទេ សូម្បីតែបុណ្យកឋិនទាន ក៏មិនមានឯកឧត្តម ឬក៏អ្នកមានមុខ មានមាត់ហែកឋិនទានចូលមកដែរ គឺ
ធ្វើត្រឹមតែពុទ្ធបរិស័ទចំណុះជើងវត្តតែប៉ុណ្ណោះ ។ ការដែលឯកឧត្តម ក៏ដូចជាអ្នកមានមុខមានមាត់ លែងសូវមកធ្វើ បុណ្យធ្វើទាននៅវត្តប្រជុំសាគរនេះ ដោយសារតែពួកគាត់បានដឹងរឿងរ៉ាវមិនប្រក្រតី នៃការដឹកនាំទីអារាមនេះ ជា ពិសេសបញ្ហាលុយកាក់តែម្តង ។ ក្នុងនោះសូម្បីតែព្រះសង្ឃចាស់ៗ ដែលគង់នៅក្នុងវត្តនេះពីមុនមក ក៏មិនអាចគង់ នៅចុះជាមួយនឹងព្រះចៅអធិការនេះដែរ ហើយបាននាំគ្នាចាកចេញពីវត្តនេះ ទៅរកវត្តផ្សេងៗគង់នៅគឺនៅសល់តែ ព្រះសង្ឃ គង់ សុផាត មួយអង្គប៉ុណ្ណោះ ដែលបន្តគង់នៅក្នុងវត្ត តែព្រះចៅអធិការឲ្យទៅគង់នៅក្នុងកុដិដាច់ពីគេ ហើយព្រះចៅអធិការបានយកចៅៗ សាច់ញាតិដែលមានវ័យក្មេងៗ រួមទាំងកូនតូចរបស់ស្រ្តីជាអ្នករកស៊ីអ៊ុតសក់នៅ ក្នុងសង្កាត់ជ្រោយចង្វារម្នាក់ ឲ្យមកបួសគង់នៅក្នុងវត្តនេះ ដែលធ្វើឲ្យពុទ្ធបរិស័ទចំណុះជើងវត្តទើសភ្នែកយ៉ាងខ្លាំង ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ដើមអម្ពិលមិនអាចសុំទូលព្រះចៅអធិការវត្ត ដើម្បីមានសង្ឃដីកាបកស្រាយបាន ឡើយ ព្រោះតែព្រះចៅអធិការពេលកើតហេតុគង់នៅតែក្នុងកុដិ មិនព្រមចេញ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>