*ឃាតកជាអ្នកស៊ីឈ្នួល ខណៈអ្នកជួល មានគំនុំជាមួយជនរងគ្រោះ រឿងផលប្រយោជន៍ជំនួញ
ភ្នំពេញ ៖ ឃាតក ដែលជាអ្នកបោកគ្រាប់បែក ចូលទៅផ្ទះអ្នករកស៊ីគួកជេរដីមួយកន្លែង នៅក្នុងសង្កាត់ឃ្មួញ កាលពី ជាង ២ខែមុន បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួស ៣នាក់នោះ ឥឡូវត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងចាប់ខ្លួនបានហើយ តែបក្ខពួកម្នាក់ និងអ្នកជួលនៅពីក្រោយខ្នង បានដឹងខ្លួន ហើយនាំគ្នារត់គេចខ្លួនបាត់អស់ ។
ការឃាត់ខ្លួនជនសង្ស័យជាឃាតក បោកគ្រាប់បែកចូលផ្ទះអ្នកស្រុកខាងលើនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេ បញ្ជាការកងរាជអាវុធហត្ថរាជធានី ចុះបង្រ្កាបបានកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៤ កន្លងទៅនេះ ស្ថិតនៅចំណុច ផ្ទះជួល ក្នុងភូមិអណ្តូង ៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្រោយពីធ្វើការស្រាវជ្រាវ អស់រយៈពេលជាយូរខែរួចមក។
ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួនខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ នួន សំរិទ្ធ ហៅ ម៉ាប់ ភេទប្រុស អាយុ ២៧ឆ្នាំ រួមទាំងដកហូតម៉ូតូមួយគ្រឿង ម៉ាក ប៊េស ពណ៌ក្រហម ដែលជាមធ្យោបាយជិះធ្វើសកម្មភាព គប់គ្រាប់បែក ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា សកម្មភាពបោកគ្រាប់បែកខាងលើនេះ គឺពួក គេមានគ្នាចំនួន ២នាក់ ដោយម្នាក់ទៀត ឈ្មោះ លីន ហើយពួកគេទាំង ២នាក់ គឺជាអ្នកស៊ីឈ្នួលតែប៉ុណ្ណោះ ដោយ អ្នកជួលបានធ្វើការសន្យាឲ្យម៉ូតូម៉ាក អេសអិល ចំនួនមួយគ្រឿង និងប្រាក់ចំនួន ៤០០ដុល្លារ សម្រាប់ការធ្វើសកម្ម ភាពបោកគ្រាប់បែកដាក់ជនរងគ្រោះបានសម្រេច ។
ជនសង្ស័យឈ្មោះ នួន សំរិទ្ធ បានសារភាពបន្តថា បច្ចុប្បន្នម៉ូតូម៉ាក អេសអិល ដែលអ្នកជួលប្រគល់ឲ្យនោះ ត្រូវបក្ខ ពួករបស់ខ្លួនឈ្មោះ លីន យកជិះរត់គេចខ្លួនបាត់ទៅហើយ ។ ដោយឡែកពាក់ព័ន្ធទៅនឹងជននៅពីក្រោយខ្នងដែលជាអ្នកជួលជនល្មើសឲ្យធ្វើសកម្មភាពនោះ មិនត្រូវបានសមត្ថកិច្ច បង្ហើបប្រាប់ពីអត្តសញ្ញាណនៅឡើយនោះទេ ដោយ គ្រាន់តែធ្វើការអះអាងថា ករណីខាងលើនេះ គឺពាក់ព័ន្ធទៅនឹងគំនុំ ច្រណែនឈ្នានីសគ្នាក្នុងមុខរបរ ទំនងជាពាក់ព័ន្ធ ទៅនឹងការរកស៊ីទិញ-លក់ និងគួកជេរដីធ្លីតែម្តង ។
សូមបញ្ជាក់ថា កាលពីម៉ោង ៧ល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ជនសង្ស័យ ២នាក់ បានជិះម៉ូតូទៅបោក គ្រាប់បែក ផ្ទុះ សម្លាប់មនុស្សម្នាក់ និងរបួស៣នាក់ (ក្មេងចាស់) នៅក្នុងផ្ទះល្វែងមួយកន្លែង ក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ខណៈជនរងគ្រោះកំពុងអង្គុយហូបបាយ ។
សាក្សី និងសមត្ថកិច្ចអះអាងថា ជនល្មើសមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ដែលខ្លះថា ប៊េស និងខ្លះទៀតថា វីវ៉ា ពណ៌ក្រហម បានធ្វើសកម្មភាពបោកគ្រាប់បែកចូលទៅក្នុងផ្ទះ ខណៈជនរងគ្រោះកំពុងអង្គុយហូបបាយរួមគ្នា ។
ប្រភពព័ត៌មាន ពីមន្ដ្រីនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងរបួសមានចំនួន ៦ នាក់ ក្នុង នោះស្រីម្នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតសម្រាប់មនុស្សធំ និងមន្ទីរពេទ្យគន្ធបុបា្ផសម្រាប់កុមារ តូចៗ ប៉ុន្ដែមួយសន្ទុះក្រោយមក ក្មេងប្រុសម្នាក់ អាយុ១១ឆ្នាំ បានស្លាប់ ពេលកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។
មន្ដ្រីនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ជនរងគ្រោះទាំង៦នាក់ ដែលស្លាប់ និងរងរបួសធ្ងន់ស្រាល នោះ រួម មានទី១ ឈ្មោះ ស៊ន ស៊ិន អាយុ ៥៨ឆ្នាំ ជាមេគ្រួសារ មុខរបរស៊ីទិញ និងលក់ដី ស្នាក់នៅចំណុច កើតហេតុ ផ្ទះសង់ ថ្មី លេខ២១៥ រងរបួសត្រង់ក្បាលពោះ និងកែងជើង ទី២ ឈ្មោះសាំ ភស្ដ័ អាយុ ២០ឆ្នាំ មុខរបរជាកម្មករ របស់ម្ចាស់ ផ្ទះ រងរបួសត្រង់ក្បាលជង្គង់ទាំងពីរ ទី៣ ឈ្មោះ ដូន សុខ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រងរបួស ត្រង់ថ្ងាស និងកែង ជើង ទី៤ ឈ្មោះស៊ន តារា អាយុ១១ឆ្នាំ រងរបួសជើងទាំង២នាក់ ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធ បុបា្ផ ទី៥ ឈ្មោះ តារារិទ្ធ ខាន់លន់ អាយុ ១២ឆ្នាំ រងរបួសជើងទាំង២ និងទី៦ ឈ្មោះ ហាក់ ប៉េងលាង ភេទស្រី អាយុ ៤០ឆ្នាំ ស្នាក់ នៅចំណុចកើតហេតុ រងរបួសស្រាលត្រង់ម្រាមដៃ ។ ក្រៅពីរងរបួសទៅលើម្ចាស់ផ្ទះមួយគ្រួសារនេះ សម្ភារៈមួយចំនួន រួមទាំង ម៉ូតូ មួយ គ្រឿង និងរថយន្ដពីរគ្រឿងក៏រងការខូចខាតផងដែរ ៕