ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធាន កិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០គ្រួសារ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។
លោក នុត ពុធដារ៉ា បានពាំនាំការផ្តាំផ្ញើរសាក សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងជប្រធានកាកបាទក្រហមរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំង ១០គ្រួសារ ក្នុងសង្កាត់ព្រៃស ដែលនេះ មិនមែនជាលើកទី១ទេ សង្កាត់ព្រៃស បានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន កាកបាទក្រហមកម្ពុជា ដែលនេះបង្ហាញពី ការយកចិត្តទុកដាក់របស់សម្តេចប្រធាន ចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលជាជនក្រីក្រ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងជនងាយរងគ្រោះនានា នៅទូទាំងប្រទេស។
លោកអភិបាលក៏បានផ្តាំផ្ញើរដល់បងប្អូន ទាំងអស់ឲ្យថែរក្សាសុខភាពដោយសារ រដូវនេះជារដូវរងារ ហើយ អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព សូមឲ្យធ្វើលំហាត់ប្រាណ អនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត ដើម្បីមានអាយុយឺនយូរ ក្នុងការរង់ចាំមើលការរីកចម្រើនរបស់ប្រទេសជាតិយើងបន្តទៀត។
អំណោយដែលត្រូវបានចែកជូនក្នុងឱកាសនេះរួមមាន៖ អង្ករ ២៥ គីឡូក្រាម មី០១កេស ទឹកត្រី០១ យួរ ទឹកស៊ីអ៊ីវ០១ យួរឆ្នាំងបាយ ០១កំសៀវទឹក០១ចង្ក្រានហ្គាស០១ធុងជ័រ០១ ទឹកដោះគោ ០២ កំប៉ុង ទឹកក្រូច០៥ កំប៉ុងស្ករស០២ កញ្ចប់ធូបមូស០៣ ប្រអប់តែ០២ កញ្ចប់អំបិល០២ គីឡូក្រាម និងថវិកា១០ ម៉ឺនរៀល៕