បាត់ដំបង៖ សាលាដំបូងខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤នេះ បានសម្រេចឃុំខ្លួន លោក យ៉ែម ជ្រិន គ្រូពេទ្យប្រចាំភូមិ ដែលសង្ស័យចម្លងអេដស៍ នៅឃុំរកា ជាបណ្តោះអាសន្នហើយ ដោយចោទប្រកាន់ ចំនួន៣ករណីធំៗ ។
លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានផ្តល់ព័ត៌មានឱ្យភ្នាក់ងារ ដើមអម្ពិល ប្រចាំខេត្តបាត់ដំបង តាមរយៈសារអេឡិចត្រូនិចមួយថា តុលាការបានចោទប្រកាន់លោក យ៉ែម ជ្រិន ៣ករណី ក្នុងនោះទី១ ប្រព្រឹត្តក្នុងចេតនា ចម្លងមេរោគអេដស៍ ទៅអ្នកដទៃ តាមមាត្រា ១៨, ៥០នៃច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាល មេរោគអេដស/ជំងឺអេដស៍, ទី២ពីបទ៖ ឃាតកម្ម ដោយ អំពើឃោរឃៅ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ និងទី៣ ពីបទ៖ បើកកន្លែងពិគ្រោះព្យាបាល ជំងឺដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
លោក យ៉ែម ជ្រិន គ្រូពេទ្យប្រចាំឃុំរកា ដែលអ្នកភូមិចោទថា ជាអ្នកចម្លងមេរោគអេដស៍ ដល់មនុស្សច្រើនជាង ១០០នាក់ តាមរយៈ ការប្រើប្រាស់ម្ជុលចាក់ថ្នាំរួមគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អស់រយៈពេលជាង ១សប្តាហ៍ ក្នុងគោលដៅ រក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក បន្ទាប់ពីលោកប្រគល់ខ្លួនឱ្យសមត្ថកិច្ច។ គ្រូពេទ្យសំណល់ពីសម័យសង្រ្គាមរូបនេះ ក៏ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់តុលាការកាលពីម្សិលមិញ ។
នៅចំពោះមុខព្រះរាជអាជ្ញា កាលពីម្សិលមិញ លោក យ៉ែម ជ្រិន បានសារភាពថា លោកធ្លាប់ប្រើម្ជុលតែមួយ ដើម្បីចាក់ថ្នាំឱ្យប្រជាពលរដ្ឋ នៅក្នុងឃុំរកា ដែលចម្លើយនេះ បានស្រដៀងគ្នទៅនឹងការផ្តល់ចម្លើយរបស់លោក ទៅឱ្យប៉ូលិសដែរ។
សូមបញ្ជាក់ថា តាមតួលេខមួយ ដែលបង្ហាញដោយនាយកវិទ្យាស្ថានប៉ាស្ទ័រ កាលពីចុងសប្តាហ៍មុននេះ បានឱ្យដឹងថា មានពលរដ្ឋឃុំរកា ប្រមាណ ១៤០នាក់ ត្រូវបានពិនិត្យឃើញថា មានផ្ទុកមេរោគអេដស៍ ។ អ្នកភូមិទាំងនេះ រស់នៅភូមិរកា ភូមិអំបែងថ្ងែ និង ភូមិតាហែន១ ស្ថិតនៅក្នុង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង៕