ភ្នំពេញ ៖ ប្រជាពលរដ្ឋ ទាំង៦គ្រួសារ ស្ថិត នៅជាប់សាកលវិទ្យាល័យ «កសិកម្មព្រែកលៀប» សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលអះអាងថា ជាម្ចាស់កម្មសិទ្ធ លើដីធ្លីជិត ១ហិកតា តាំងពីឆ្នាំ១៩៧៩មកនោះ បានបង្ហាញពីជំហរ ចុងក្រោយ របស់ពួកគាត់ ចំពោះការបិទផ្លូវជាតិ តែម្ដង បើសិនជាគ្មាន ដំណោះស្រាយ ពីសំណាក់ រាជរដ្ឋាភិបាល និងមន្ដ្រីពាក់ព័ន្ធនោះទេ ។
ជម្លោះដីធ្លីរបស់ ប្រជាពលរដ្ឋទាំង៦គ្រួសារ ដែលមានសមាជិក ជិត៤០នាក់ បានបន្ដ អូសបន្លាយអស់ រយៈពេល ជាច្រើន ឆ្នាំ មកហើយ ដោយជម្លោះ ដំបូងបានកើតឡើង នាអំឡុងឆ្នាំ២០០១ ជាមួយសាកលវិទ្យាល័យ «កសិកម្មព្រែក លៀប» លុះមកដល់ឆ្នាំ២០១៣ បន្ដកើតជម្លោះ ជាមួយក្រុមហ៊ុន ឯកជនឈ្មោះ «អេង កាំង» ក្រោយពីក្រុមហ៊ុនមួយនេះ បាន ទិញដី របស់សាកលវិទ្យាល័យ ។
សម្រាប់ជម្លោះដីធ្លី ដែលស្ទើរក្លាយជាជំងឺ មហារីកទៅហើយនោះ ប្រជាពលរដ្ឋទាំង៦ គ្រួសារ រួមមាន ឈ្មោះ អ៊ុង ផុន ,ហុង ចាន់ ឌឿន,ហុង ចាន់ធូ ,អ៊ុន តាន់,យ៉ាត សុខ, និង ឡោក ចាន់ថារ៉ា រស់នៅក្រុមទី១ ភូមិព្រែក លៀប សង្កាត់ព្រែក លៀប ខណ្ឌជ្រោយចង្វារ បានខិតខំស្វែងរក អន្ដរាគមន៍ជាច្រើនលើក ច្រើនសារចាប់តាំងពី ថ្នាក់អាជ្ញាធរ មូលដ្ឋាន រហូតទៅដល់ថ្នាក់ដឹកនាំ ខាងលើ ព្រមទាំង ស្ថាប័ន តុលាការទៀតផង ប៉ុន្ដែនៅមិនទាន់ មានដំណោះស្រាយ សម្រាប់ ពួកគាត់នៅ ឡើយនោះ បើទោះបីផ្ទៃដីផ្ទះសម្បែងជិត១ ហិកតានេះ ជាកម្មសិទ្ធរបស់ខ្លួនយ៉ាងពិត ប្រាកដតាំង ពីដើមរៀងមកនោះ ។
ប្រជាពលរដ្ឋ ទាំង៦គ្រួសារនេះ ធ្លាប់បាន មានគម្រោង ចង់តវ៉ាបិទផ្លូវជាតិ លេខ៦អា បង្ខំឱ្យថ្នាក់ដឹកនាំ និងអាជ្ញាធរ ពាក់ព័ន្ធចេញ មុខដោះស្រាយ បញ្ចប់បញ្ហា ប៉ុន្ដែត្រូវបានអភិបាល ខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ចេញទៅសម្រប សម្រួល គ្រប់ពេលវេលា ដើម្បីឱ្យពួកគាត់ស្ងប់ អារម្មណ៍ និងបន្តដោះស្រាយ ដោយសន្ដិវិធី ។
តំណាងប្រជាពលរដ្ឋ ទាំង៦គ្រួសារ លោក អ៊ុង ផុន អាយុជិត៦០ឆ្នាំ ជាអតីតទាហាន តស៊ូ ក្នុងសម័យសង្គ្រាម ហើយ បច្ចុប្បន្នស៊ី ឈ្នួលបើករថយន្ដឱ្យគេ ចិញ្ចឹមកូនៗ ទាំង៦ នាក់ បានបង្ហាញជំហរថា ដល់ដំណាក់កាលចុង ក្រោយ ដែល ជិតបែកទ្រូងនោះ មានតែនាំគ្នា ទាំងកូន ទាំងចៅ ទៅបិទផ្លូវតវ៉ា តែប៉ុណ្ណោះ ពីព្រោះការស្វែង រកដំណោះស្រាយ ពីសំណាក់ ក្រសួង ស្ថាប័ន និងអាជ្ញាធរ ពាក់ព័ន្ធ ព្រម ទាំងមន្ដ្រី តុលាការផងនោះ នៅមិនទាន់មាន ពន្លឺវិជ្ជមាន នៅឡើយទេ រហូតចុងក្រោយនេះ តុលាការបានចេញដីកា សម្រេចរក្សាការពារ មិនឱ្យពួកគាត់ផ្ទេរ បញ្ចាំ ជួល ឬលក់ដីភូមិ ឋាន និងផ្ទះសម្បែង របស់ពួកគាត់នោះឡើយ។
លោក អ៊ុង ផុន ដែលអះអាងថា ជាអ្នក គាំទ្រ គណបក្សប្រជាជន ដាច់ក្បាល ដាច់កន្ទុយ នោះ បានរៀបរាប់ឱ្យដឹងថា ពួកគាត់គឺជា ម្ចាស់កម្មសិទ្ធ និងរស់នៅលើដីខាងលើនេះ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយពេលនោះ ស្ថិតក្រោមការ គ្រប់គ្រង របស់អាជ្ញាធរ ស្រុកមុខកំពូល ខេត្ដកណ្ដាល ហើយអាជ្ញាធរបាន ចេញសេចក្ដីប្រកាស វាស់វែង និងបែងចែកដី លំនៅឋាន ជូនពួកគាត់ឱ្យ កាន់កាប់ និងប្រើ ប្រាស់តាំងពីឆ្នាំ១៩៨១ ដោយស្របច្បាប់ ។
ពេលនោះដែរ ទីតាំងសាលាជាតិ កសិកម្មព្រែក ជាទីតាំងរបស់សាលា ស្រុកមុខកំពូលពីឆ្នាំ ១៩៧៩ដល់ឆ្នាំ១៩៨៣ ។ អតីតទាហាន តស៊ូ និងឈប់ធ្វើទាហាន នៅអំឡុងឆ្នាំ៩០រូបនេះ បានរៀបរាប់ទៀត ថា ដល់ឆ្នាំ២០០២ សាលាជាតិ កសិកម្មព្រែក លៀប ក៏ចាប់ផ្ដើមបង្កើតទំនាស់ ដោយចោទ ប្រកាន់ពួកគាត់ ចំនួន៣គ្រួសារ ថាបានរំលោភ យកដី របស់សាលា ហើយបានដាក់ពាក្យ បណ្ដឹងទៅកាន់ តុលាការក្រុងភ្នំពេញ ប៉ុន្ដែក្រោយពីពិនិត្យមើល ឯកសារពាក់ព័ន្ធ និងស្រាវជ្រាវរួចមក តុលាការ បានបង្គាប់ឱ្យពួក គាត់បន្ដកាន់កាប់ដីដដែល ហើយសាលាក៏ បានបោះបង់ ចោលពាក្យបណ្ដឹងនេះទៀតផង។
តំណាងប្រជាពលរដ្ឋ រូបនេះ បានបញ្ជាក់ នៅក្នុងលិខិត ដែលបានផ្ញើជូន អភិបាលខណ្ឌឫស្សីកែវ (មិនទាន់ចែក ខណ្ឌ)ទៀតថា នៅ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ សាលាបាន វាស់ដីខាងលិចផ្លូវជាតិលេខ៦អា ដោយក្នុង គំនូសប្លង់វាស់នោះ មានការបំពានចូលដីកម្ម សិទ្ធរបស់ពួកគាត់ ទាំង៦គ្រួសារ ប៉ុន្ដែពួកគាត់ មិនបានដឹងច្បាស់ថា ការវាស់វែង តាមគំនូស ប្លង់ខាងលើ មានការចូលរួមពី អាជ្ញាធរពាក់ ព័ន្ធដែរឬទេ? ។
បន្ទាប់មក នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៣ មានក្រុមការងារមួយ ក្រុមបានធ្វើសកម្មភាព ចុះទៅវាស់វែងដី សាលា និងព្រំប្រទល់ដី របស់ពួកគាត់ ដែលមានសមាសភាព ក្រុម ភូមិបាលខណ្ឌ បុគ្គលិក តំណាង សាលាកសិកម្ម និងអាជ្ញាធរ មូលដ្ឋាន ដែលធ្វើពួកគាត់ ទាំង៦គ្រួសារ មានការព្រួយបារម្ភ ចំពោះការបំពានដីធ្លី ទើបនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ក៏ សម្រេចដាក់ពាក្យ បណ្ដឹងទប់ស្កាត់ ដើម្បីស្នើសុំធ្វើប្លង់ទៅអភិបាល ។
យោងតាមមន្ដ្រី សាលាខណ្ឌជ្រោយចង្វារ មួយរូប បានបញ្ជាក់ថា យោងតាមឯកសារ ពាក់ព័ន្ធ ដែលប្រជាពលរដ្ឋ ទាំង៦គ្រួសារមាន នៅក្នុងដៃពិតជាបង្ហាញថា ពួកគាត់គឺជាម្ចាស់ កម្មសិទ្ធដីធ្លី យ៉ាងពិតប្រាកដ ។
តំណាងប្រជាពលរដ្ឋ លោក អ៊ុង ផុន បាន បញ្ជាក់ថា ចំពោះបញ្ហា ជម្លោះដីធ្លីខាងលើនេះ អភិបាល ខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានទទួលស្គាល់ ពួកគាត់ជាម្ចាស់កម្មសិទ្ធ ដីយ៉ាងពិតប្រាកដ និងគាំទ្រ ស្វែងរកដំណោះ ស្រាយ និងស្ថិតនៅជាមួយពួកគាត់ គ្រប់ពេលវេលា ប៉ុន្ដែពួកគាត់នៅតែគិតថា បញ្ហានេះ មានតែប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែននោះទេ ដែលអាចជួយបញ្ចប់បញ្ហា ទាំងនេះបាន ។
ប្រជាពលរដ្ឋ ទាំងនេះ បានចោទប្រកាន់ ក្រុមហ៊ុន «អេងកាំង» ចំពោះការ រំលោភបំពាន ដីកម្មសិទ្ធស្របច្បាប់ របស់ ពួកគាត់ ហើយគ្មានដំណោះស្រាយណាមួយ ត្រូវបានរក ឃើញនៅឡើយទេ ហើយថ្នាក់ដឹកនាំខ្លះថែម ទាំងចូលរួម ជាមួយ ក្រុមហ៊ុន ធ្វើបាបប្រជាពលរដ្ឋ ខ្លួនឯងទៀតផង ដែលទាំងនេះហើយ ពួកគាត់គិតថា ជាសញ្ញាមួយ នាំឱ្យ ប្រជាប្រិយ ភាពរបស់បក្សកាន់អំណាច និងថ្នាក់ដឹកនាំធ្លាក់ចុះជាបណ្ដើរៗ ព្រោះតែ មន្ដ្រីថ្នាក់ក្រោម មួយក្ដាប់តូចនោះ៕