កណ្តាល ៖ ប្រជាពលរដ្ឋ ៣១គ្រួសារ រស់នៅក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដែលរងផលប៉ះពាល់ ដោយការពង្រីកផ្លូវជាតិលេខ៥ បានដាក់លិខិត ទៅអាជ្ញាធរសាជាថ្មី ដើម្បីសុំកិច្ចអន្តរាគមន៍ ពីលោក ផៃ ប៊ុន ឈឿន អភិបាលនៃគណ:អភិបាលខេត្តកណ្តាល អនុញ្ញាតឲ្យពួកគាត់ បានរំកិលផ្ទះទៅក្រោយ ដែលជាដីទំនេរបស់រដ្ឋ ។
សូមរំលឹកថា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៤ អាជ្ញាធរខេត្តកណ្តាលបានចេញ ស.ជ.ណ លេខ១០៦៨ ដោយបានសម្រេចឲ្យ ប្រជាពលរដ្ឋ ទាំង៣១គ្រួសារ ដែលទទួលរងនូវការប៉ះពាល់ ដោយសារការពង្រីកផ្លូវជាតិលេខ៥ រំកិលផ្ទះទៅក្រោយ ដោយគិតចម្ងាយពីអក្ស ផ្លូវជាតិលេខ៥ ប្រវែង៣៦ម៉ែត្រស្នើៗគ្នា ។
លោក រ៉េត រ៉ាន់ តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា យោងតាមការសម្រេចនេះ យើងខ្ញុំជាប្រជាពលរដ្ឋ ទាំងអស់ឯកភាព និងព្រមទទួលយកការសម្រេច របស់អាជ្ញាធរខេត្តកណ្តាល តាមរយ:លិខិត លេខ១០៦៨ ស.ជ.ណ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ចុះហត្ថលេខាដោយលោក រុយ ឈុនលី នាយករដ្ឋបាលសាលាខេត្ត ក្នុងការថតទៅក្រោយ ក៏ប៉ុន្តែ ដីចំនួន៣៦ម៉ែត្រ ដែលអាជ្ញាធរឲ្យនោះ នៅសល់តែ៦ម៉ែត្រប៉ុណ្ណោះ ពីព្រោះ ដី ៣០ម៉ែត្រជាដី ដែលត្រូវពង្រីកផ្លូវ និងចិញ្ចើម ចំណែក ដីចំនួន៦ម៉ែត្រដែលអាជ្ញាធរខេត្តសម្រចឲ្យ នោះមិនអាចឲ្យពួកយើងខ្ញុំ សាងសងលំនៅឋានបានទេ ព្រោះវាខ្លីពេក ដូច្នេះហើយទើបពួកគាត់ ជាប្រជាពលរដ្ឋ ទាំង៣១គ្រួសារ ដាក់ពាក្យជាថ្មីទៅលោក ផៃ ប៊ុន ឈឿន អភិបាលនៃគណៈ
អភិបាលខេត្តកណ្តាល សុំកិច្ចអន្តរាគមន៍ជាថ្មី ដើម្បីអនុញ្ញាតឲ្យពួកគាត់បានខ្ចីដី ដែលសល់ជាប់និងជើងទំនប់ ប្រមាណជា៤ទៅ៥ម៉ែត្របន្ថែម ដើម្បីសាងសង់លំនៅឋាន ឲ្យបានសមរម្យ និងមានសោភ័ណភាព ស្របទៅតាមគោលនយោបាយ ចតុកោណ របស់រាជរដ្ឋាភិបាល កម្ពុចា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តំណាងរូបនេះបានឲ្យបន្តថា ដីដែលយើងខ្ញុំ សុំខ្ចី នោះជាដីសាធារណ:របស់រដ្ឋ ហើយជាដីទំនេ មិនប៉ះពាល់និង ដល់ដី ក្រុមហ៊ុន ឬដី សហគមន៍នោះបឹងកញ្ចាំនោះឡើយ ។ ពួកគាត់បានរស់នៅ និងអាស្រ័យផល ជិត៣០ឆ្នាំមកហើយ និងដោយមានលិខិតផ្ទេរសិទ្ធិ កាន់កាប់ពីអាជ្ញាធរឃុំ ស្រុក ទៀតផង។ ប៉ុន្តែកន្លងមក នៅពេលពួកយើងខ្ញុំ រំកិលទៅក្រោយ ដើម្បីកុំឲ្យរាំងស្ទះដល់ការពង្រីកផ្លូវ ជាតិលេខ៥ ត្រូវបានខាងសហគមន៍ រារាំងមិនអនុញ្ញាត ឲ្យពួកគាត់រំកិលឡើយ ដោយគេអះអាងថា ជាដីរបស់សហគមន៍ អ្នកប្រើប្រាស់ទឹក ប៉ុន្តែតាមការពិត ដីនោះមិនមានការប៉ះពាល់ ដូចអ្វីដែលសហគមន៍លើកឡើងឡើយ។
លោក រ៉េត រ៉ាន់ តំណាងឲ្យប្រជាពលរដ្ឋ បានសំណូមពរទៅដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ផៃ ប៊ុន ឈឿន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មេត្តា អន្តរាគមន៍អនុញ្ញាតឲ្យពួកគាត់បានខ្ចី ដី ដែលសល់ជាប់និងជើងទំនប់ ប្រមាណជា៤ទៅ៥ម៉ែត្របន្ថែម ដើម្បីសាងសង់លំនៅឋាន ឲ្យបានសមរម្យ និងមានសោភ័ណភាព។ ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ផៃ ប៊ុន ឈឿន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល នឹងអនុញ្ញាតឲ្យពួកគាត់បានរំកិលផ្ទះទៅក្រោយ ព្រោះទីណាមានទុក្ខលំបាក ទីនោះមានសម្តេចតេជោជួយ ដើម្បីឲ្យពួកយើងខ្ញុំបានសង់លំនៅឋានរស់នៅ៕