Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

CNRP ស្នើ CPP ឲ្យ​បង្កើត​ប័ណ្ណ​បោះឆ្នោត​ថ្មី​សម្រាប់​ប្រជា​ពលរដ្ឋ

$
0
0

ភ្នំពេញ៖ ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ (CNRP) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤នេះ បានស្នើក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ធ្វើប័ណ្ណបោះឆ្នោតថ្មីដល់ប្រជាពលរដ្ឋ បន្ថែមពីលើអត្តសញ្ញាណប័ណ្ណមួយទៀត

ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា ស្តីពីវិសោធនកម្មសេចក្តីព្រាងច្បាប់បោះឆ្នោត នាវិមានរដ្ឋសភា ប្រធានក្រុមការងារ និងជាសមាជិក រដ្ឋសភាមកពី គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានមានប្រសាសន៍ថា CPP ចង់ឲ្យប្រជាពលរដ្ឋទាំងអស់ យកអត្តសញ្ញាណប័ណ្ណបោះឆ្នោតតែម្តង ព្រោះអត្តសញ្ញាណប័ណ្ណយកទៅចុះឈ្មោះ អីចឹងមានវា ហើយអាចយកទៅបោះឆ្នោតបាន។

លោកបន្តថា “ប៉ុន្តែខាងគណបក្សសង្គ្រោះជាតិ ចង់ធ្វើប័ណ្ណបោះឆ្នោតមួយទៀត ដូចសម័យអ៊ុនតាក់។ អីចឹងប័ណ្ណបោះឆ្នោតនេះ ស្រង់ទិន្នន័យពីអត្តសញ្ញាណប័ណ្ណ វាអាចខុសតិចតួចពីការស្រង់ហ្នឹង ដល់ពេលទៅពិនិត្យឃើញខុស អត់បានបោះ ឆ្នោតទៀតហើយ អីចឹងបានគណបក្សប្រជាជន ចង់យកតែអត្តសញ្ញាណប័ណ្ណហ្នឹង”។

លោក ប៊ិន ឈិន បានបញ្ជាក់ថា «បើបាត់អត្តសញ្ញាណប័ណ្ណយើង មានដំណោះស្រាយ ប៉ុន្តែដំណោះស្រាយ ក៏នៅមិនទាន់បានឯកភាពគ្នានោះដែរ»។
ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភាមកពី CNRP លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា ទិន្នន័យ ដែលត្រូវដាក់ក្នុងបញ្ជីបោះឆ្នោតហ្នឹង តើត្រូវយកមូលដ្ឋានអ្វីខ្លះ? អីចឹងក្រុមការងារទាំងពីរ បានកំណត់ថា មានឈ្មោះ, ថ្ងៃខែឆ្នាំកំណើត, មានទីកន្លែងកំណើត, អាស័យដ្ឋានបច្ចុប្បន្ន និងការកំណត់អត្ត សញ្ញាណអ្នកបោះឆ្នោតម្នាក់ៗ។

លោកបានបញ្ជាក់ថា “ប៉ុន្តែ នៅក្នុងហ្នឹង យើងមិនទាន់បានឯកភាព គ្នាទៅលើការកំណត់អត្តសញ្ញាណ ដោយសារនៅក្នុងពង្រាងនេះ គឺថាចង់ការកំណត់អត្តសញ្ញាណរបស់ អ្នកបោះឆ្នោតម្នាក់ៗនេះ ដើម្បីឲ្យទៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ជាអ្នកសម្រេច”។

លោកគួយ ប៊ុនរឿន បានបន្ថែមថា CNRP សូមឲ្យពិចារណា ដើម្បីចែងឲ្យច្បាស់ ថាតើការកំណត់អត្តសញ្ញាណហ្នឹង ដើម្បីជៀសវាងមិនឲ្យមានបញ្ហា ជាពិសេស ងាយស្រួលក្នុងការទប់ស្កាត់ មិនឲ្យមានការលួចបន្លំ បញ្ជីអ្នកបោះឆ្នោត ឬមិនមានភាពមិនប្រក្រតី ណាមួយដូចបញ្ជីមុន បានន័យថា យើងត្រូវកំណត់ជាក់ស្តែងឲ្យច្បាស់ គឺមានស្នាមផ្តិតមេដាយ, ដាក់រូបថត និងការកំណត់លេខកូដរបស់អ្នកបោះឆ្នោតម្នាក់ៗ។

ក្រុមការងារការងារទាំងពីរ ក៏បានបញ្ជាក់ថា នៅពេលចប់ការពិភាក្សាវិសោធនកម្មស្តីពី សេចក្តីព្រាងច្បាប់បោះឆ្នោតនេះ នឹងមានការរៀបចំសិក្ខាសាលាមួយ បង្ហាញពីសេចក្តីព្រាងច្បាប់ និងទទួលមតិនានាពីសាធារណជន ចំពោះសេចក្តីព្រាងច្បាប់ទាំងពីរ គឺច្បាប់ គ.ជ.ប និងច្បាប់បោះឆ្នោត។

សូមបញ្ជាក់ថា កិច្ចពិភាក្សាសេចក្តីព្រាងច្បាប់បោះឆ្នោតនេះ បានមកដល់ជំពូកទី៦ហើយ ប៉ុន្តែមិនទាន់បានយល់ស្របគ្នាគ្រប់ជំពូកនោះទេ គឺនៅសល់ជំពូកទី២ ដែលនិយាយពីការកំណត់អាសនៈ និងជំពូកទី៥ និយាយពីការកំណត់មណ្ឌលបោះឆ្នោត មិនទាន់បានត្រូវគ្នានោះទេ និងកិច្ចពិភាក្សានេះ នឹងបន្តនៅថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០១៤ខាងមុខបន្តទៀត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>