Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តែងតាំង លោក ម៉ៅ ភិរុណ ជាអភិបាល ខេត្តកណ្តាល ជំនួសលោក ផៃ ប៊ុនឈឿន ដែលដំឡើងជា អនុរដ្ឋលេខាធិការ

$
0
0

- តែងតាំង ប្រធាននាយកដ្ឋាន កណ្តាល ២នាក់ និងប្រធាន នាយកដ្ឋានម្នាក់ ជាអគ្គស្នងការរង នគរបាលជាតិ

ភ្នំពេញ ៖ ប្រភពព័ត៌មាន ដែលអាចទទួល យកបាន បានឲ្យដឹងថា លោក ផៃ ប៊ុនឈឿន អភិបាលខេត្ត កណ្តាល ដែល ទើបឡើងកាន់តំណែង បានប្រមាណជាង ១ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលធ្វើការផ្លាស់ប្តូរ  ហើយតែងតាំង លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ចូលកាន់ជាអភិបាលខេត្តកណ្តាលជំនួសវិញ ។

ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា បើគ្មានការប្រែប្រួលទេ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ នឹងមានធ្វើ ពិធីប្រកាសផ្លាស់ប្តូរ តំណែងអភិបាលខេត្តកណ្តាលខាងលើនេះហើយ ។ ក្នុងនោះគេដឹងថា លោក ម៉ៅ ភិរុណ អតីត អភិបាលខេត្តកណ្តាល និងបច្ចុប្បន្នមានតួនាទីជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ត្រូវបាន ថ្នាក់លើសម្រេចធ្វើការតែងតាំង ជាអភិបាលខេត្តកណ្តាល ជំនួសកៅអីលោក ផៃ ប៊ុនឈឿន ដែលត្រូវបាន ផ្លាស់ទៅធ្វើជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ដោយឡែក សម្រាប់តំណែងប្រធាន ក្រុមប្រឹក្សា ខេត្ត ដែលជាកៅអីលោក ម៉ៅ ភិរុណ នោះ គេនៅ មិនទាន់បញ្ជាក់ថា នរណានឹងត្រូវចូលទៅ កាន់តំណែង នោះនៅឡើយនោះទេ ។

សូមបញ្ជាក់ថា កន្លងមកតំណែងអភិបាលខេត្តកណ្តាលខាងលើនេះ ក៏ត្រូវបានប្រភពព័ត៌មានទម្លាយឲ្យដឹងថា ក្រោយ ពីលោក ផៃ ប៊ុនឈឿន ចូលនិវត្តន៍គេអាចនឹងតែងតាំង អគ្គស្នងការរងម្នាក់ ដែលអតីតធ្លាប់ ធ្វើជាអភិបាលរងខេត្តកណ្តាល ជំនួសតំណែងលោក ផៃ ប៊ុនឈឿន តែក៏មានថ្នាក់ អភិបាល រងបច្ចុប្បន្ន ម្នាក់ទៀត បានរត់ការយកកៅអីអភិបាលខេត្តកណ្តាលនេះដូចគ្នា តែឥឡូវលទ្ធផលដឹងច្បាស់ហើយ គឺបញ្ជីបេក្ខភាពដែលត្រូវបានគេលេចលឺថា នឹងបានតំណែងជាអភិបាលខេត្តកណ្តាលនោះ គឺមិនបានអង្គុយកៅអីនេះឡើយ បែរជាបានទៅលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តទៅវិញ ។

ក្រៅពីធ្លាយដំណឹងផ្លាស់ប្តូរ អភិបាលខេត្តកណ្តាល នៅព្រឹកមិញនេះ គេក៏បានបញ្ចេញព័ត៌មាន ស្តីពីការតែងតាំង មន្រ្តីជាន់ខ្ពស់នគរបាលជាតិ ចំនួន ៣រូប ជាអគ្គស្នងការរងនគរបាលជាតិផងដែរ។ យោងតាមអនុក្រឹត្យលេខ ១៧១៧ អនក្រ-ឥត ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចធ្វើការតែងតាំង មុខតំណែងនាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន ៣រូប ជាអគ្គស្នងការរង ក្នុងនោះរួមមាន តែងតាំងលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អត្តលេខ ០៧៧១ ប្រធាននាយកដ្ឋាននគរបាល កណ្តាលយុត្តិធម៌ ទៅជាអគ្គស្នងការរង តែងតាំង លោកឧត្តម សេនីយ៍ឯក ហ៊ឹម យ៉ាន អត្តលេខ ០២៣០៥ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ទៅជាអគ្គ ស្នងការរង និងតែងតាំងលោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អត្តលេខ ០៥០៧ ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបន្ថែមលើមុខងារបច្ចុប្បន្ន ។

ក្នុងនោះគេ ដឹងថា បច្ចុប្បន្នលោក ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ មានតួនាទីជាប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ។ ក្រោយការ ធ្លាយចេញអនុក្រឹត្យ ខាងលើនេះ បានធ្វើឲ្យមន្រ្តីនគរបាលមួយចំនួន នៅមានចម្ងល់ដោយសារតែក្នុងចំណោម មន្រ្តីនគរបាលជាតិទាំង ៣រូប ដែលត្រូវតែងតាំងជាអគ្គស្នងការរងនោះ គឺមានតែលោក ទូច ណារ៉ុថ ប៉ុណ្ណោះ ដែលនៅរក្សាតំណែងដដែល គឺប្រធាននាយកដ្ឋាននគរបាលអង្គរក្ស ។

ដោយឡែកចំពោះ លោកឧត្តម សេនីយ៍ ម៉ក់ ជីតូ និង លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អនុក្រឹត្យមិនបានបញ្ជាក់ថា បន្ថែមលើមុខងារបច្ចុប្បន្ននោះទេ មានន័យថា លោក ទាំង២ ឡើងទៅជាអគ្គស្នង ការរង នគរបាលជាតិដាច់ ដោយមិននៅរក្សាតួនាទី ជាប្រធាន នាយកដ្ឋានកណ្តាលនោះឡើយ ។ ប៉ុន្តែជំនួយការលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ មួយរូប បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យ ដឹងថា លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ នៅតែទទួលបន្ទុកជាប្រធាននាយកដ្ឋានកណ្តាល នគរបាល យុត្តិធម៌ដដែល បើទោះបីគាត់ឡើងទៅជាអគ្គស្នងការរងក៏ដោយ ។

ដោយឡែកប្រភពមួយទៀត ធ្លាប់បានបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា បន្ទាប់ពី លោកឧត្តម សេនីយ៍ឯក ម៉ក់ ជីតូ ត្រូវបានតែងតាំងជាអគ្គស្នងការរង តំណែងប្រធាន នាយកដ្ឋាន កណ្តាលយុត្តិធម៌ អាចនឹងត្រូវ បានទៅលើលោកឧត្តមសេនីយ៍ អ៊ិន បូរ៉ា ដែលបច្ចុប្បន្ន មានតួនាទីជា ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ហើយ តំណែងប្រធាននគរបាលព្រហ្មទណ្ឌ អាចនឹងបានទៅលើ លោកផ្កាយ១ វ័យក្មេងមួយរូប ដែលមានតួនាទីជាអនុប្រធាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាប់ ដែលលោកអនុប្រធាននាយកដ្ឋានរូបនោះ កាលនៅធ្វើជាមន្រ្តីនគរបាល ចំណុះឲ្យការិយាល័យមួយ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្លាប់មានរឿងអាស្រូវផងដែរនោះ ។ ប៉ុន្តែទោះជា យ៉ាងណា អាប៉ោងនៅមិនទាន់បើកគ្របនៅឡើយទេ ។ ដូច្នេះ មានតែរង់ចាំអ៊ុតតទៅទៀតតែប៉ុណ្ណោះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>