ភ្នំពេញ៖ សាលាចំណេះទូទៅ អន្តរជាតិសិង្ហបុរី (SIS) នៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះ បានបង្កើតកម្មវិធី សប្បុរសធម៌មួយ ដើម្បីរៃអង្គាសថវិកា ជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលពិធីនេះ បានធ្វើនៅក្នុង មជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-កុមារ ដោយមានការចូលរួមពីមាតាបិតា សិស្សានុសិស្ស ចូលរួម ជាច្រើននាក់។
លោកស្រី ងឿន ផល្លីនពោធិតា នាយិកាសាលា ចំណេះទូទៅ អន្តរជាតិសិង្ហបុរី បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា កំពុងជួបការលំបាក និងទទួលបន្ទុកធ្ងន់ ក្នុងការពិនិត្យព្យាបាលកុមារ ដោយមិនរើសអើង ហើយដែលយើង ទាំងអស់គ្នា គួរតែចូលរួមចែករំលែក ទៅតាមលទ្ធភាព និងសណ្តានចិត្តរបស់យើង ផ្អែកទៅតាមសកម្មភាព ផ្សេងៗ ដែលអាចធ្វើបាន ហេតុដូច្នេះហើយបានជា SIS បង្កើតកម្មវិធីនេះឡើង ដើម្បីរៃអង្គាសថវិកា សប្បុរសធម៌ ជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ។
លោកស្រីបានបន្ថែមថា នេះជាលើកទី៣ហើយ ដែលSIS បានរៀបចំពិធីនេះឡើយ ក្នុងនោះលើកទី១ ប្រមូលបាន ១១លានរៀល ហើយលើកទី២ ប្រមូលបាន២២លានរៀល ហើយលើកទី៣នេះ ទទួលបានការចូលរួមជាង ១ម៉ឺនដុល្លារ ហើយលុយទាំងនេះនឹងយកទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ។
លោក Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផា នាពេលកន្លងមក រយៈពេលជាង២ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផា ទទួលបានមូលនិធិ ជាច្រើនពីសប្បុរសជន ក្នុងនិងក្រៅស្រុក ក្នុងនោះ មានមូលនិធិ សប្បុរសធម៌ធំៗ ដូចជា រដ្ឋាភិបាលស្វីស រាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា និងមូលនិធិទូរទស្សន៍បាយ័នជាដើម។
តាមការប្រកាស របស់លោក Beat Richner នៅលើហ្វេសប៊ុក បានឱ្យដឹងថា ក្នុងមួយថ្ងៃ មានកុមារជិត ២ពាន់នាក់ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយរយៈពេល ២៣ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យនេះ បានចំណាយថវិកា ៥៦០លានដុល្លារ ក្នុងនោះ មាន៧,៥ភាគរយ បានមកពី រដ្ឋាភិបាលកម្ពុជា និងស៊្វីស ហើយ៩២,៥ភាគរយ បានមកពីសប្បុរសជន ៕