កណ្តាល៖ មន្រ្តីរាជការ និងប្រជាពលរដ្ឋស្រុកកោះធំ ប្រមាណជា ៨០០នាក់ បាននាំគ្នាប្រារព្ធខួប ៣៦ឆ្នាំ ទិវាជ័យ ជម្នះ ៧ មករា (៧ មករា ១៩៧៩-០៧ មករា ២០១៥) ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋ ក្រោយការផ្តួល រំលំរបបយង់ខ្នង ប៉ុល ពត។
ពិធីរំលឹកខួបនូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ ការគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកោះធំ ក្រោមអធិបតីភាព លោក កឹម ស៊ីថន អនុប្រធានទី១ គណៈអចិ ន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ ថុល ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ។
សមាសភាពចូលរួមនាឱកាសនោះ រួមមាន៖ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម អាជ្ញាធរ ខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធ ប្រជាពលរដ្ឋ និងក្រុមការងារគ្រប់ជាន់ថ្នាក់ នៃគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកោះធំ ខេត្តកណ្តាល ប្រមាណជា ៨០០នាក់។
គោលបំណង នៃអង្គមីទ្ទីងនាឱកាសនេះ គឺដើម្បីឲ្យសមាជិករបស់គណបក្សប្រជាពលរដ្ឋ ពិសេសស្រទាប់យុវជន យល់ច្បាស់លាស់ ចងចាំ និង ដឹងគុណជានិច្ចថ្ងៃ ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណ បក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងមាតុភូមិតាំងពីដំណាក់កាលសង្គ្រោះជាតិរហូតមកដល់បច្ចុប្បន្ន និងបេ្តជ្ញាការពារមិនឲ្យមានរបបនេះវិលមកជាលើកទី២។ ធ្វើឲ្យសាធារណៈមតិជាតិ និងអន្តរជាតិ ឃើញច្បាស់ លាស់ពីគោលជំហរ ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាសន្តិភាព ស្ថេរភាព ប្រជាធិប តេយ្យ ការអភិវឌ្ឍន៍សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
អង្គមីទ្ទីងនេះ ក៏ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្សគ្រប់ថ្នាក់ ផ្សារភ្ជាប់ជិតសិទ្នជាមួយប្រជាជន លើកកម្ពស់ ស្មារតីការពារគណបក្សប្រកាន់អត្តចរិតស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជនអស់ពីចិត្តពីថ្លើម ដើម្បីប្រមូលផ្តុំ កម្លាំង បង្កើនប្រសិទ្ធភាពការងារ និងសម្រេចភារកិច្ចរបស់គណបក្ស ជំរុញការអភិវឌ្ឍសង្គម តាមកម្មវិធីនយោ បាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នីតិកាលទី៥របស់រដ្ឋសភា។ ខ្លឹមសារអង្គ មីទ្ទីង ក៏បានបង្ហាញបញ្ជាក់បន្ថែមពីសកម្មភាពដ៏គ្រោះថ្នាក់បំផុតរបស់មជ្ឈដ្ឋានអគិត ដែលចង់បង្កអស្ថេរភាពក្នុង សង្គមកម្ពុជាផងដែរ។
លោក កឹម ស៊ីថន បានអានសុន្ទរកថា របស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជន កម្ពុជា ដែលបានលើកឡើងពីវីរភាពរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ដែលបាន រំដោះ ជាតិផុតពីការត្រួតត្រា របស់ ប៉ុល ពត បានប្រមូលផ្តុំគ្នាបង្កើតជាអង្គការរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រហូត ទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ ០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជា បានចាត់ទុក ជាថ្ងៃកំណើតទី២ របស់ខ្លួន ហើយប្រទេសជាតិ ក៏ទទួលបានការអភិវឌ្ឍដូចបច្ចុប្បន្ន។
លោក កឹម ស៊ីថន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានគណៈ អចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ជាមួយការលើកឡើងពីប្រវត្តិដ៏ខ្មៅងងឹតក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រជាជនកម្ពុជាទូទៅប្រទេសរស់ក្នុងគុកឥតជញ្ជាំង។ ភាពវេទនាដោយឥតអាហារ ការបង្ខំធ្វើការយ៉ាងធ្ងន់ធ្ងរ និងការសម្លាប់រង្គាល ដែលជាសោកនាដកម្មមិនអាចគណនាបានធ្វើឲ្យសម្រែកដង្ហោយហៅរបស់ប្រជាជនកម្ពុជា បានបន់ស្រន់បួងសួងអស់ទេវតា និង វត្ថុស័ក្តិសិទ្ធ ដើម្បីជួយស្រោចស្រង់ជីវិតពីរបបដ៏អប្រិយនេះ។
ទីបំផុតមានតែគណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតឡើងជាចលនាតស៊ូរំដោះជាតិ ក្រោមការជួយឧបត្ថម្ភពី កងទ័ពស្ម័គ្រចិត្តវៀតណាមរហូតដល់ជ័យជម្នះនាថ្ងៃ ០៧ មករា ១៩៧៩ ។
លោក កឹម ស៊ីថន បានបញ្ជាក់ថា ការយល់ច្បាស់ពីអត្ថន័យថ្ងៃ ០៧ មករា ធ្វើឲ្យយើងអាចទប់ស្កាត់បាននូវការ ឃោសនាញុះញង់បំបែកបំបាក់ បំភ័ន្តការពិត ពីជនអគិត ដែលធ្វើការបកស្រាយខុសពីប្រវត្តិសាស្ត្រពិត។
លោក ក៏បានរំលឹកនូវការដឹងគុណផងដែរ ដល់វីរៈជនស្នេហាជាតិ គ្រប់ទិសទីដែលបានពលីជីវិតរំដោះប្រជាជាតិ ឲ្យមានរួចផុតពីរបបដ៏យង់ខ្នងនេះ៕