ប៉េកាំង៖ អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១២កន្លងទៅនេះ បានអំពាវ នាវសាជាថ្មី ក្នុងការស្វែងរកនូវដំណោះ ស្រាយនយោបាយឆ្លើយតបនឹង បញ្ហាវិបត្តិនៅក្នុងប្រទេសស៊ីរី ព្រមទាំង បានជំរុញឲ្យមានការចាប់ផ្តើមនូវដំណើរការផ្លាស់ប្តូរនយោបាយ ដែលផ្តើមចេញពីប្រជាជនស៊ីរីផ្ទាល់តែម្តង។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងដោយលើកឡើងនូវសំដីរបស់ អ្នកនាំពាក្យរូបនេះថា កន្លងមករដ្ឋាភិបាលចិន បានចូលរួមក្នុងការដោះស្រាយស្ថានភាពនៅស៊ីរី ជាច្រើនលើក ច្រើនសារ។ ប្រទេសចិន មានការព្រួយយ៉ាងខ្លាំង ចំពោះបញ្ហាអំពើហិង្សាក្នុងប្រទេសស៊ីរី ដែលចេះតែបន្តទៅមុខ ឥតឈប់ឈរ។
លោកស្រី Hua Chunying បានបន្តថា ដំណោះស្រាយនយោបាយ ចាំបាច់ត្រូវអាស្រ័យទៅលើផលប្រយោជន៍ របស់ប្រជាជនស៊ីរី ក៏ដូចជាផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិទាំងមូល។ កាលពីសប្តាហ៍មុនប្រទេសជា មិត្តរបស់ស៊ីរី បានធ្វើកិច្ចប្រជុំ ដោយមានការចូលរួមពីសំណាក់បណ្តាប្រទេសនៅសម្ព័ន្ធអារ៉ាប់ និងរដ្ឋាភិបាល លោកខាងលិច ក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ព្រមទាំងបានប្រកាសទទួលស្គាល់ថា សម្ព័ន្ធជាតិ ដើម្បីបក្សប្រឆាំង ជាតំណាងស្របច្បាប់របស់ប្រជាជនស៊ីរី។
ទោះបីជាយ៉ាងនេះក្តី អនុប្រធានាធិបតីស៊ីរី លោក Farug al-Sharaa បាននិយាយថា ក្នុងស្ថានភាពដែលជម្លោះកំពុងកើតមានឡើង មិនថា រដ្ឋាភិបាល ឬក្រុមប្រឆាំង សុទ្ធតែមិនអាចដោះស្រាយបញ្ហានេះបានឡើយ។
លោក ស្រី Hua សាជាថ្មីម្តងទៀត បានជំរុញគ្រប់ភាគីទាំងអស់ក្នុងប្រទេសស៊ីរី គោរពតាមគោលការណ៍បទឈប់ បាញ់គ្នា ព្រមទាំងចាប់ផ្តើមនូវដំណើរការ នៃការផ្លាស់ប្តូរនយោបាយដែលផ្តើមដោយប្រជាជនស៊ីរី ឲ្យបានឆាប់ បំផុតតាម ដែលអាចធ្វើទៅបាន ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពក្នុងប្រទេសស៊ីរីឡើងវិញ៕