ប៉េកាំង៖ ប្រទេសចិនប្រជាមានិត បានថ្លែងថា ខ្លួនបានផ្ញើសារ ទៅកាន់មេដឹកនាំ កូរ៉េខាងជើង សម្រាប់បុណ្យ ខួបកំណើតរបស់ មគ្គុទេសក៍កូរ៉េខាងជើង លោក គឹម ជុងអ៊ុន ជាមួយនឹងការសម្តែង សេចក្តីសង្ឃឹមថា ប្រទេស កូរ៉េខាងជើង នឹងមានការអភិវឌ្ឍ កាន់ខ្លាំងក្លាថែមទៀត ក្រោមការដឹកនាំរបស់លោក។ នេះបើតាម ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ នៅថ្ងៃព្រហស្បតិ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុង ឡី បានថ្លែងប្រាប់អ្នកកាសែត នៅក្នុងសន្និសីទ សារព័ត៌មានមួយថា “ចិន និង កូរ៉េ(ខាងជើង) មានទំនាក់ទំនង ជាប្រពៃណី និងការផ្លាស់ប្តូរប្រកប ដោយមិត្តភាព។ យើងក៏បានផ្ញើសារអបអរសាទរផងដែរ”។
នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគេជឿថា ជាថ្ងៃខួបកំណើតគម្រប់អាយុ៣២ឆ្នាំ របស់លោក គីម ។
លោក ហុង បានថ្លែងថា ប្រទេសចិន សង្ឃឹមថា ប្រទេសកូរ៉េ “ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សមមិត្ត គីម ជុងអ៊ុន នឹងធ្វើឱ្យជីវភាព រស់នៅបែបសង្គមនិយមរបស់កូរ៉េ កាន់តែមានការអភិវឌ្ឍជាដរាប”។