កំពង់ធំ៖ ថ្ងៃទី ១០ខែ មករា ឆ្នាំ ២០១៥ លោក សុខ លូ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ចុះជួយស្រុកសណ្តាន់ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ មកពីឃុំទំរីង និងឃុំ សុចិត្រ នៃស្រុកសណ្តាន់ខេត្តកំពង់ធំ ។ ពិធីនេះត្រូវបានប្រារពឡើង ក្នុងបរិវេនវត្តក្បាលដំរី ស្ថិតក្នុងឃុំទំរីង ក្នុងឧកាសនោះ លោកសុខ លូ បានពាំនាំនូការសាកសួសុខទុក្ខ ពីសំណាក់ សម្តេចទាំងបី ដែលសម្តេចតែងតែបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ទូទាំងប្រទេស ។
ក្នុងឱកាសនោះលោក សុខ លូបានរំលឹកឡើងវិញពី សោកនាដកម្មក្នុងរបប៣ឆ្នាំ ៨ខែនិង២០ដែលប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនា រស់នៅក្នុងគុក ឥតជញ្ជាំងដោយ ពួកប៉ុលពត បាន បង្ខិតបង្ខំប្រជាជន ឲ្យធ្វើការលើសកម្លាំងហូបចុក មិនគ្រប់គ្រាន់ និងបិទសិទ្ធសេរីភាព គ្រប់បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះ ពួកវាបានកាប់សម្លាប់ និងធ្វើទារុណកម្ម លើប្រជាជនឯង យ៉ាងសាហាវ ព្រៃផ្សៃបំផុត។
លោកបន្តថា រហូត ដល់ថ្ងៃរំដោះ៧មករា១៩៧៩របបដ៏យង់ឃ្នងនេះ ត្រូវបានផ្ដួលរំលំ ដោយសារកម្លាំង មហាសាមគ្គី របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ គុណបំណាច់ ដ៏ធំធេងនេះ ប្រជាជនកម្ពុជា ចងចាំជានិច្ច និងមិនអាចបំភ្លេចបានឡើយ។
លោកបានចាត់ទុកថា ថ្ងៃ៧កមរា គឺជាថ្ងៃកំណើត ទី២ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយសារ មានថ្ងៃរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើង អាចរស់រានមាន ជីវិតឡើងវិញ និងមាន សេរីភាព រហូតមកបច្ចុប្បន្ននេះ។ ស្មារតី៧មករា គឺជាស្មារតីអមតស្ថិត នៅក្នុងជម្រៅចិត្ត របស់ប្រជាជនកម្ពុជាជាប់ជានិច្ច ។ ដូចនេះហើយបានជាថ្ងៃ៧មករា ត្រូវបានគេកំណត់ជាថ្ងៃ ទិវា សម្រាប់ ជាតិទាំងមូលទាំងមន្ដ្រីរាជការបុគ្គលិក កម្មករ ក្រុមហ៊ុន ទាំងអស់ ដែលបំពេញការងារនៅកម្ពុជា។
ដោយសារការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយសមិទ្ធផលនានា ត្រូវបានកកើតឡើង ពាសពេញ ផ្ទៃប្រទេស។ លោកបាន ណែនាំដល់មន្ដ្រីក្រោមឱវាទទាំងអស់ រំលឹកនូវការដឹងគុណផងដែរ ដល់វីរៈជនស្នេហាជាតិ គ្រប់ទិសទី ដែលបានពលី ជីវិតរំដោះ ប្រជាជាតិ ឲ្យបានរួចផុតពីរបបដ៏យង់ខ្នងនេះ ហើយតទៅយើងត្រូវខិតខំ បំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើ សំណូមពរ និង សេចក្ដីត្រូវការជូន ប្រជាពលរដ្ឋ រួមសាមគ្គីគ្នា ការពារសមិទ្ធផលទាំងឡាយ ឲ្យបានស្ថិតស្ថេរគង់វង្ស ៕