កំពត៖ អង្គការអេស អូ អេស បានចំណាយថវិកាប្រមាណ ១,៥លានដុល្លារ ដើម្បីសាងសង់ភូមិកុមារ នៅក្នុងខេត្តកំពត ដើម្បីផ្តល់ឱកាសឲ្យ កុមារកំព្រា និងទុរគតនៅកម្ពុជា មានឱកាសទទួលបានការរស់នៅប្រកបដោយភាពកក់ក្តៅ និង ទទួលបានការអប់រំសម្រាប់អភិវឌ្ឍន៍ជីវិត របស់ពួកគេ។
ភូមិកុមារនៅខេត្តកំពត ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០ ១៥ ស្ថិតនៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្រ្តីក្រសួង សង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ខូយ ឃុនហួរ អភិបាលខេត្តកំពត ។
លោក វង សូត បានមានប្រសាសន៍ថា ភូមិកុមារ អេស អូ អេស នៅខេត្តកំពត គឺជាគម្រាងទី០៩ ដែលសាងសង់ ឡើងលើផ្ទៃដីសរុប ៣ម៉ឺនការេ ក្នុងនោះមានផ្ទះកុមារចំនួន១៥ មតេ្តយ្យសាលាចំនួន១ និង ការិយាល័យចំនួន១ ដែលអាចទទួលកុមារស្នាក់នៅសរុបបានចំនួន ១៦០នាក់ ដោយចំណាយថ្លៃសាងសង់ និងបំពាក់សម្ភារៈ បរិក្ខា ប្រមាណ ១,៥លានដុល្លារអាម៉េរិក។
លោក វង សូត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អង្កការ អេស អូ អេស ភូមិកុមារ អន្តរជាតិ ដែលបានបង្កើតឡើងភូមិកុមារក្នុងខេត្តកំពត។ លោក បានសម្តែងការរំពឹងទុកថា ភូមិកុមារ អេស អូ អេស ខេត្តកំពត នឹងជួយដល់កុមារកំព្រាអាចស្នាក់នៅ និងទទួលបាននួវការចិញ្ចឹមបីបាច់ថែរក្សា អប់រំ បំប៉នសុខ ភាព អនាម័យ ឲ្យក្លាយទៅជាកូនល្អ សិស្សល្អ។
តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា លោក វង សូត បានថ្លែងអំណរគុណដល់លោក ស៊ីដា ថាខូល ប្រធានអង្គការ អេស អូ អេស និង សហការី ដែលបានជួយកៀគររកថវិកាសាងសង់ភូមិកុមារនៅខេត្តកំពត ព្រមទាំងថ្លែងអំណរ ដល់ម្ចាស់ជំនួយទាំងអស់ របស់អង្កការ អេស អូ អេស ភូមិកុមារអន្តរជាតិ សម្រាប់គម្រោងនៅកម្ពុជាកន្លងមក និង ទៅអនាគត ដែលសកម្មភាពនេះ ក៏បានផ្សារភ្ជាប់ពាសពេញពិភពលោក ដើម្បីសុខុមាលភាពកុមារ។
លោក វង សូត ក៏បានស្នើ អភិបាលខេត្តកំពត និងផ្នែកពាក់ព័ន្ធនៅក្នុងខេត្ត ជួយសម្រួល និងបង្កលក្ខណៈងាយ ស្រួល ដើម្បីឲ្យការសាងសង់ភូមិកុមារ អេស អូ អេស កំពត ប្រព្រឹត្តទៅបានឆាប់រហ័ស និងប្រកបដោយគុណភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការចាំបាច់របស់កុមារកំព្រាកម្ពុជា ជាពិសេសកុមារកំព្រាជួបការលំបាក ងាយរងគ្រោះ នៅក្នុងខេត្តកំពត។
អង្គការ អេស អូ អេសអន្តរជាតិ ជាអង្គការមនុស្សធម៌អន្តរជាតិមួយ បម្រើឲ្យវិស័យសុខុមាលភាពកុមារ។ អង្គការ នេះមានទីស្នាក់ការនៅប្រទេសអូទ្រីស ហើយបានបង្កើតឡើងដោយលោកបណ្ឌិត ហ័រម៉ានម៉ៃន័រ នៅឆ្នាំ១៩៤៩ បច្ចុប្បន្នអង្គការនេះ បានធ្វើសកម្មភាពនៅក្នុងប្រទេស ចំនួន ១៣៤ នៅលើសកលលោក។ កម្មវិធីរបស់អង្គការ មួយនេះរួមមាន៖ បង្កើតភូមិកុមារ កម្មវិធីផ្ទះសម្រាប់ផ្តល់សេវាសង្គមកិច្ច ផ្ទះសម្រាប់យុវជនមតេ្តយ្យសាលា សា លាហ័រម៉ានម៉ៃន័រមជ្ឈមណ្ឌលបណ្តុះបណ្ឌាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងមជ្ឈមណ្ឌលសង្រ្គោះបន្ទាន់ ។ល។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា របស់កម្ពុជា បានចុះអនុស្សារណៈលើកិច្ចព្រមព្រៀងសហ ប្រតិបតិ្តការជាមួយអង្គការ អេស អូ អេសភូមិកុមារអន្តរជាតិកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩។
តាមរយៈកិច្ចព្រមព្រៀងនេះ គម្រោងចំនួន០៨ ត្រូវបានអង្គការ អេស អូ អេសភូមិកុមារអន្តរជាតិ អនុវត្តនៅកម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង រតនគីរី និងខេត្តក្រចេះ។ គម្រោងនីមួយៗ តែងតែមានភូមិកុមារ និងសាលារៀន។ អង្គការ អេស អូ អេស ក៏កំពុងសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធចន និងយុវនីតិសម្ប ទា ដើម្បីរៀបចំសាងសង់ភូមិកុមារ អេស អូ អេស នៅខេត្តព្រៃវែងផងដែរ៕