កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ បុរស២នាក់ បានស្លាប់បាត់បង់ ជីវិត ភ្លាមៗនៅកន្លែងកើតហេតុ ដោយបាក់ដីភ្នំ សង្កត់ពីលើអេស្កាវាទ័រ ដែលកំពុងកាយដីភ្នំ ដាក់ឡាន ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចការដ្ឋាន វាយថ្មសំណង់ភ្នំ ថ្លុកត្របែក ស្ថិតក្នុងភូមិ ខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា កាលពីវេលាម៉ោង៦ និង៣០នាទី ក្រុមកម្មករ បានចេញធ្វើការ តាមមុខសញ្ញា រៀងៗខ្លួន រហូតដល់ម៉ោងកើតហេតុខាងលើ កម្មករ២រូប កំពុងបញ្ជាគ្រឿងចក្រ អេស្កាវាទ័រ កាយអាចម៍ដីភ្នំ ដើម្បីយកកន្លែងបំផ្ទុះថ្ម ខណៈនោះក៍បាក់ដីភ្នំសង្កត់ ស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ។
មន្ត្រីនគរបាល នៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះខាងលើ ១-ឈ្មោះ សៅ ប៊ុន នឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាអ្នកបើកគ្រឿងចក្រ មានប្រពន្ធ និងកូន៣នាក់ ២-ឈ្មោះ ផុន ផែន ភេទប្រុស អាយុ២៣ឆ្នាំ ជាព្រូ មានទីលំនៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្រោយពីការត្រួតពិនិត្យ និងធ្វើកំណត់ហេតុរ បស់សមត្ថកិច្ចជំនាញ រួច សពជនរងគ្រោះ ទាំងពីប្រគល់ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
បើតាមការអោយដឹងពីមេការ ការដ្ឋានខាងលើបានអោយដឹងថា ក្រុមហ៊ុននេះបានទទួល អាជ្ញាប័ណ្ណ ពីក្រសួង ធនធានរ៉ែ និងថាមពល ចាប់តាំងពីឆ្នាំ២០០២ ហើយលោកបានជីក រណ្តៅវាយថ្ម នេះ រហូតមិនដែល មានបញ្ហាអ្វីកើតឡើងឡើយ លុះដល់ឆ្នាំ២០១២ ក្រសួងបានកែតម្រូវ អោយប្តូរទីតាំងមកខាងត្បូងវិញ ដោយផ្អាក មិនអោយធ្វើបន្តទៅខាងជើង លុះដល់ថ្ងៃកើតហេតុ ក៍ជួបហេតុការណ៍បែបនេះតែម្តង ។ ម្យ៉ាងទៀត នៅចំណុចដីភ្នំ ដែលកំពុងធ្វើនេះ សំបូរដោយដី មិនសូវមានថ្មច្រើនខាងលើ ទៀបបណ្តាលអោយបាក់បែបនេះតែម្តង ៕