សៀមរាប ៖ នៅថ្ងៃទី៤-៦ ខែកុម្ភះ ឆ្នាំ២០១៥ខាងមុខនេះ នៅលើទឹកដីវប្បធម៌ ប្រវត្តិសាស្ដ្រសៀមរាប-អង្គរ នឹងមានការរៀបចំ សន្និសីទពិភពលោក ស្ដីពី ទេសចរណ៍ និងវប្បធម៌ របស់អង្គការទេសចរណ៍ពិភពលោក និងអង្គការយូណេស្កូ ក្រោមប្រធានបទ “ការបង្កើតភាពជាដៃគូរថ្មី” ។ សន្និសីទដ៏ធំ និងជាលើកដំបូងនេះ នឹងគ្រោងមានប្រតិភូ ថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពីបណ្ដា ៧៥ប្រទេស ក្នុងពិភពលោកមកចូលរួមប្រមាណជា ៨០០រូប ។
នៅក្នុងកិច្ចប្រជុំ ពិនិត្យការងារត្រៀមរៀបចំ សន្និសីទពិភពលោកនេះ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តសៀមរាប គឺមានការអញ្ជើញចូលរួមពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃសន្និសីទ, លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, និងលោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ ក្រសួង អង្គភាព អាជ្ញាធរជាតិអប្សរា និងសមត្ថកិច្ចពាក់ព័ន្ធ ប្រមាណជា ៧០រូប ។
លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំនោះថា សន្និសីទ ស្ដីពី ទេសចរណ៍ និងវប្បធម៌នេះ នឹងមានការចូលរួមពីប្រតិភូជាតិ អន្តរជាតិ ដែលជាសមាជិករដ្ឋាភិបាល គណៈប្រតិភូថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ និងវប្បធម៌ ឥស្សរជនល្បីៗ និងមន្ត្រីជំនាញជាន់ខ្ពស់ផ្នែកទេសចរណ៍ និងវប្បធម៌ ព្រមទាំងវាគ្មីនល្បីៗ មកពីបណ្ដាប្រទេសនានា នៅជុំវិញពិភពលោកប្រមាណជា ៨០០រូប ។
លោកបញ្ជាក់ថា សម្រាប់ការបើកសន្និសីទនេះ ជាផ្លូវការនៅព្រឹកថ្ងៃទី៤ កុម្ភះ ២០១៥ នឹងស្ថិតក្នុងអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ។ ហើយសម្រាប់ពិធីជប់លៀងស្វាគមន៍ គណៈប្រតិភូ និងកម្មវិធីសម្ដែងសិល្បៈ នាពេលល្ងាចថ្ងៃដដែលនោះ នៅបរិវេណទីលានជល់ដំរី ក្រោមព្រះរជាធិបតីរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
លោកបានបញ្ជាក់ថា សម្រាប់គណៈប្រតិភូអន្តរជាតិ ដែលបានចុះឈ្មោះត្រឹមថ្ងៃទី១៣ មករា ២០១៥ មានចំនួន ៤០៣នាក់ ដែលមកពីចំនួន ៧៥ប្រទេស ។ ក្នុងនោះមានថ្នាក់រដ្ឋមន្ត្រី ៤១រួប មកពី ៣៧ប្រទេស, ថ្នាក់អគ្គលេខាធិការមាន ៣រូប មកពី ៣ប្រទេស, ភរិយាប្រធានប្រតិភូ ១៩រូប, ថ្នាក់បច្ចេកទេស ចំនួន ៣៣៥រូប ក្នុងនោះ មានវាគ្មិនជាតិ និងអន្តរជាតិ មាន ២២រូប ផងដែរ ជាមួយគ្នានោះ ខាងភាគី អង្គការទេសចរណ៍ពិភពលោក (UNWTO) បាននិងកំពុងរង់ចាំចម្លើយពីលោកស្រី Angelina Julie តារាហូលីវូដដ៏ល្បី មកធ្វើជាវាគ្មិន ផងដែរ ៕