តាកែវ៖ ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃកប្បាស រួមមាន លោក ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសហប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃកប្បាស និងលោក យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាអនុប្រធានក្រុមការងារចុះជួយស្រុកព្រៃកប្បាស នៅឆ្នាំថ្មី២០១៥នេះ បានជំរុញឱ្យអាជ្ញាធរ និងសកម្មជន គណបក្សប្រជាជន បន្តបង្កើតវេទិកាសាធារណៈ ឱ្យបានច្រើនជាងឆ្នាំមុនថែមទៀត ដើម្បីលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋមូលដ្ឋាន បានបញ្ចេញមតិផ្សេងៗ ទាក់ទងនឹងបញ្ហា របស់ពួកគេ។
ការអំពាវនាវជាថ្មីនេះ បានធ្វើឡើងក្នុងពេលដែល ថ្នាកដឹកនាំគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃកប្បាស ទាំង២រូបនេះ ចូលរួមជាអធិបតី ក្នុងពិធីបូកសរុបលទ្ធផល ការងារបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាស ប្រចាំឆ្នាំ ២០១៤ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៥ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជន ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥។
លោកពេជ សោភ័ន បានមានប្រសាសន៍ថា សម្រាប់ការងារមូលដ្ឋាន នាឆ្នាំ២០១៤កន្លងទៅនេះ អាជ្ញាធរ កម្លាំងប្រដាប់អាវុធ រួមទាំងសកម្មជនគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកព្រៃកប្បាសនេះ បានបំពេញ ការងារយ៉ាងល្អ ជាមួយ ប្រជាពលរដ្ឋ រហូតសម្រេចបាន លទ្ធផលល្អប្រសើរលើគ្រប់វិស័យ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់ឆ្នាំថ្មី ២០១៥ លោកសុំឱ្យពួកគេ បង្កើនវេទិកាសាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ មានឱកាស បានបញ្ចេញ ពីកង្វល់របស់ខ្លួន ។
លោកថា សមាជិកទាំងអស់ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំថែមទៀត ក្នុងការបម្រើប្រជាជន ហើយព្យាយាម រកឱ្យឃើញចំណុចខ្លាំង និងចំណុចខ្សោយ កន្លងម ពិសេស យកចិត្តទុកដាក់ លើកម្លាំងយុវជន ហើយរាល់កត្តាចាញ់ ឬឈ្នះ គឺមានតែសមាជិកមូលដ្ឋានប៉ុណ្ណោះ ចំណែកក្រុមការងារថ្នាក់ កណ្តាលចុះជួយស្រុក គឺជាក្តាគាំទ្រតែប៉ុណ្ណោះ ។ ហេតុដូច្នេះ កត្តាដែលនាំមក នូវជ័យជំនៈ គឺអំពើល្អ របស់មូលដ្ឋាន ។ ដូច្នេះសូមឱ្យបើកវេទិកាសាធារណៈ ឱ្យបានទៀងទាត់ និងពិតប្រាកដ រកឱ្យឃើញនូវអ្វីខ្លះ ដែលប្រជាជនថ្នាំងថ្នាក់ ។
លោកពេជ សោភ័ន បានបន្ថែមថា ឆ្នាំ២០១៤ កន្លងទៅនេះ ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម នៅទូទាំង ស្រុកព្រៃកប្បាស ត្រូវបានធានាបានយ៉ាងល្អទូទាំងស្រុក ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចាត់តាំងអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានល្អប្រសើរ ក្នុងនោះ បានចាត់តាំង វេទិកាសាធារណៈ ផ្សព្វផ្សាយភូមិឃុំ មានសុវត្ថិភាព គ្រប់ឃុំ បាន៦៥ផងដែរ។ ដោយឡែក ចំពោះការច្រូតកាត់ ប្រមូលផលស្រូវ រដូវវស្សាវិញ ស្រុកព្រៃកប្បាសអនុវត្តបាន ២២.៩៣០ហិកតាគឺលើផែនការ ១៨.៥០០ហិកតា ។ រីឯការបង្កបង្កើនផលស្រូវ រដូវប្រាំង អនុវត្តបាន ៤.៧៥០ហិកតា លើផែនការ៥.០០០ហិកតា ។
ជាមួយគ្នានេះ លោក យឹម ណុលសន តំណាងលោក យឹម ណុលឡា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាេសដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានរំលឹកពីជ័យជម្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាស្រុកកន្លងមក ក្រោមកិច្ចខិតខំពីសមាជិកទាំងអស់គ្នា ដែលធ្វើឱ្យ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១៤ លើ១៩អាសនៈ កើនបាន អាសនៈមួយ បន្ថែមទៀត ។
យ៉ាងណាក៏ដោយ សម្រាប់ទិសដៅឆ្នាំថ្មីនេះ ឆ្នាំ២០១៥នេះ លោកយឹម ណុលសន បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជា កម្លាំង សមត្ថកិច្ច ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេស ការធ្វើវេទិកាសាធារណៈ គ្រប់ឃុំ ដើម្បីស្វែងយល់ និងដោះស្រាយ បញ្ហាប្រឈម ដែលកើតមាននៅក្នុងមូលដ្ឋាន ហើយពង្រីកសមាជិកបក្ស បន្ថែម ជាពិសេសនៅក្នុងស្រទាប់យុវជន និងបន្តបំពេញការងារបម្រើប្រជាជន ឱ្យបានកាន់តែច្រើន ៕