-សមត្ថកិច្ចដកហូត ម៉ូតូ១២គ្រឿង មាន់៤ក្បាល និងឃាត់ម្ចាស់ទីតាំងម្នាក់
បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ការិយាល័យកណ្តាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយ នគរបាល ស្រុកព្រះនេត្រព្រះ កាលពីវេលា ម៉ោង២៖៣០នាទី រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ បានឆ្មក់ចូល បង្ក្រាបទីតាំងសៃង្វៀន ជល់មាន់ មួយកន្លែង ស្ថិតនៅ ភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។
មន្រ្តី នគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ ដែលចូលរួម នៅក្នុងប្រតិបត្តិការ ខាងលើនេះ បានបញ្ជាក់ថា ការចុះ ទៅបង្ក្រាប សៃង្វៀនជល់មាន់ដុះស្លែមួយ នេះបានឡើងភ្លាមៗ ក្រោមពីមានបទបញ្ជា ពីសំណាក់ ស្នងការ នគរបាល ខេត្តលោកឧត្តមសេនីយ៍ អាត់ ខែម ក្រោយពីលោកស្នងការ បានទទួលព័ត៌មាន និងសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ មូលដ្ឋាន ចំពោះទីតាំង ល្បែងជល់បក្សីដ៏ធំមួយនេះ ដែលធ្វើឲ្យមនុស្សម្នា បានស្កាត់ទៅលេងចាញ់លុយ មិនតិចនោះទេ ។
ល្បែងទាំងនេះហើយ ពេលខ្លះដែលធ្វើឲ្យ កើតមានបទល្មើស កើតឡើង និង មានអំពើហិង្សា នៅក្នុងគ្រួសារ ដោយសារតែអ្នកចាញ់លុយ អស់ជាច្រើន កាពុលមុខដើរទៅ រកផ្លូវខុស និងចាកប្រាស់ពីច្បាប់សង្គម ។
ជាក់ស្តែង ល្បែងជល់មាន់ ខាងលើនេះ បានបង្ហាញ វត្តមាន អស់រយះពេលយូរមកហើយ តែមិនទាន់មានការបង្ក្រាប តែនៅពេលនេះ ក្រោយទទួល ព័ត៌មានភ្លាមៗ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជា ទៅនគរបាលជំនាញ ព្រហ្មទណ្ឌ និងកម្លាំងនគរបាលមូលដ្ឋាន របស់ស្រុកព្រះនេត្រព្រះ ដឹកនាំបញ្ជាកម្លាំង ដោយ លោក សិទ្ធិ ឡោះ ស្នងការរង ចុះទៅធ្វើការបង្ក្រាប ជាក់ស្តែងតែម្តង។
សម្រាប់ប្រតិបត្តិការ ខាងលើនេះ កម្លាំងនគរបាល បានឃាត់ខ្លួនស្រ្តីម្នាក់ ជាម្ចាស់ទីតាំង ខណៈអ្នកញៀនល្បែង ជាច្រើន នាក់បានរត់ប្រសេចប្រសាច ចោលម៉ូតូ និងចោលទ្រព្យសម្បត្តិ។
បើតាមមន្រ្តី នគរបាល ស្រ្តីជាម្ចាស់ទីតាំង ឈ្មោះ មួង សៀប អាយុ៤៨ឆ្នាំ ខណៈប្តីរបស់គាត់ឈ្មោះ អុក បួន អាយុ៥០ឆ្នាំ មិននៅផ្ទះគឺ នៅឯស្រែ។ មន្រ្តីនគរបាលបាន បញ្ជាក់យ៉ាងដូច្នេះថា «ការជល់បក្សី ភ្នាល់ដាក់ប្រាក់នេះ ម្ចាស់ផ្ទះ មិនទាន់ឆ្លើយអ្វីទាំងអស់ ហើយនគរបាល ប៉ុស្តិ៍រដ្ឋបាលយើង បានធ្លាប់ធ្វើកិច្ចសន្យា រួចម្តងតែពុំរាងចាល»។
មន្រ្តីនគរបាល បានបន្ត ទៀតថា ចំពោះលទ្ធផល នៃការបង្ក្រាប កម្លាំងសមត្ថកិច្ច ក៏បានដកហូតម៉ូតូចំនួន១២គ្រឿង មាន់ ចំនួន៤ក្បាល ព្រមទាំងសម្ភារះ បំរើឲ្យការជល់មួយចំនួនផងដែរ។
ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងថា «ក្រោយពីទទួលបានព័ត៌មាន នៃវង់ល្បែងខាងលើនេះ ខ្ញុំបានបញ្ជាភ្លាមៗនៅសមត្ថកិច្ចរបស់ខ្ញុំដឹកនាំដោយស្នងការរង សិទ្ធិ ឡោះ ចុះទៅបង្ក្រាប មិនឲ្យបន្តវត្តមានបែបនេះទៀតឡើយ»។
លោកស្នងការបានបញ្ជា យ៉ាងម៉ឺងម៉ាត់ថា ចំពោះល្បែងស៊ីសងនៅ ក្នុងខេត្តបន្ទាយមានជ័យ ដែលលួចលាក់នោះ លោក បានបញ្ជាទៅកាន់ នគរបាលព្រហ្មទណ្ឌ និងនគរបាលតាមបណ្តា ស្រុក-ក្រុង បន្តធ្វើការ ស្រាវជ្រាវ និងលុបបំបាត់ ដើម្បីអនុវត្តគោល នយោបាយ ភូមិ-ឃុំមាន សុវត្ថិភាព សំដៅកាន់បន្ថយ បទល្មើសដែលអាចកើតមានឡើង នៅតាមមូលដ្ឋានោះ។
សម្រាប់ស្រ្តី ជាម្ចាស់ទីតាំង ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និងត្រៀមកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការ ដើម្បីមានវិធានការតាមផ្លូវច្បាប់៕