ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អមដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅវេលាម៉ោង ៦៖២០នាទី ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នេះ បានដឹកនាំមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកា សេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៥ នៅទី ក្រុងដាវ៉ូស-ក្លូស្វ័រ ប្រទេសស្វីស តបតាមការអញ្ជើញរបស់លោក ក្លោស ស្វាប់ នាយកប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។
កិច្ចប្រជុំនេះ មានរយៈពេល៤ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ដោយពិភាក្សាលើបញ្ហា ជាច្រើនទាក់ទង នឹងរបៀបវារៈថ្នាក់ តំបន់ និងសកលលោក ក្នុងបរិបទភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច ដែលកំពុងវិវឌ្ឍជាសកល។
យោងលិខិតជូនព័ត៌មាន របស់ក្រសួងការបរទេស កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ កន្លងទៅ បានឱ្យដឹងថា គណៈប្រតិភូ ដែលនឹងអញ្ជើញអមដំណើរ នាយករដ្ឋមន្រ្តី ទៅចូលរួម កិច្ចប្រជុំ នៅប្រទេសស្វីសនេះ រួមមាន៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធ មុនីរ័ត្ន រួមនិងសមាជិក នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន៕