Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកផ្កាយ ៣ សៀក សុជាតិ ចូលហាត់ប្រាណ ក្នុងសណ្ឋាគារផ្កាយ ៥ បាត់គ្រឿងអលង្ការ តម្លៃជាង ២០ម៉ឺនដុល្លារ

$
0
0

-សមត្ថកិច្ចឃាត់ខ្លួន បុគ្គលិកសណ្ឋាគារ ២នាក់ បញ្ជូនទៅតុលាការ និងឃុំខ្លួនពីបទ ចោរកម្ម

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ដែលមានតួនាទីជានាយរងសេនាធិការចម្រុះ នៃកងយោធពល ខេមរភូមិន្ទ និងជានាយកទីចាត់ការការងារព្រំដែន នៃអគ្គបញ្ជាការដ្ឋាន បានបាត់បង់គ្រឿងអលង្ការ និងលុយកាក់ ដែលមានតម្លៃជាទឹកប្រាក់ ប្រមាណជាង ២០ម៉ឺនដុល្លារ ខណៈលោកចូលទៅហាត់ប្រាណនៅក្នុងសណ្ឋាគារលំដាប់ ផ្កាយ ៥ ឈ្មោះសូហ្វីតែល ភ្នំពេញភូគីត្រា ដែលមានទីតាំង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយការ បាត់បង់លុយកាក់ និងគ្រឿងអលង្ការខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៍ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ឈាន ដល់ការឃាត់ខ្លួនបុគ្គលិកសណ្ឋាគារចំនួន២នាក់ យកទៅកាន់តុលាការដោយចោទប្រកាន់ពីបទ ចោរកម្ម ហើយ សម្រេចធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ។

ករណីបាត់គ្រឿងអលង្ការ និងលុយកាក់ដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ មកម្ល៉េះ ខណៈដែលលោកឧត្តមសេនីយ៍ សៀក សុជាតិ ចូលទៅហាត់ប្រាណ ស្ទីម និងម៉ាស្សា នៅក្នុងសណ្ឋាគារខាងលើ ។ ក្នុងនោះតាមការអះអាងបានឲ្យដឹងថា គ្រឿងអលង្ការ និងលុយកាក់ដែលបាត់បង់នោះ រួមមាន ខ្សែកភ្ជាប់ជាមួយកថាដាំពេជ្រ និងបន្តោងដាំពេជ្រ ១ខ្សែ, ចិញ្ចៀនដាំពេជ្រ ១វង់ រួមជាមួយកាបូបលុយចំនួន ១ ដែលតាមការអះអាងសរុបជាទឹកប្រាក់ រហូតដល់ជាង ២០ម៉ឺនដុល្លារឯណោះ ។ ក្រោយបាត់គ្រឿងអលង្ការខាងលើ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះធ្វើការស្រាវជ្រាវហើយ ឈានទៅដល់ការឃាត់ខ្លួនបុគ្គលិកសណ្ឋាគារចំនួន ២នាក់ បញ្ជូនទៅកាន់តុលាការ ។ ជនសង្ស័យដែលត្រូវសមត្ថ កិច្ចឃាត់ខ្លួនរួមមានទី១-ឈ្មោះ សំរិទ្ធ រស្មី ភេទប្រុស អាយុ ៣៤ឆ្នាំ ជាគ្រូបង្ហាត់ហែលទឹកនៅក្នុងសណ្ឋាគារ និងទី២- ឈ្មោះ នុត សាវ៉េត ភេទស្រី អាយុ ៣២ឆ្នាំ ជាមេការនៅក្នុងសណ្ឋាគារ ។

នៅរសៀលថ្ងៃទី២១ ខែមករា លោក កែវ សុជាតិ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ដែលជាអ្នកកាន់ សំណុំរឿង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទឲ្យដឹងថា ករណីចោរកម្មលួចទ្រព្យសម្បត្តិខាងលើ នេះ លោកសម្រេចធ្វើការចោទប្រកាន់មនុស្សចំនួន ២នាក់ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរ ដែលមានលោកចៅ ក្រម ម៉ុង មុន្នីសោភា ជាអ្នកកាន់សំណុំរឿង ហើយសម្រេចធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ពីបទ ចោរកម្ម ។

លោក កែវ សុជាតិ បានអះអាងបន្តថា ករណីចោទប្រកាន់ខាងលើនេះ ជនសង្ស័យ ២នាក់ខាងលើ មិនបានឆ្លើយសារ ភាពអ្វីនោះទេ ដោយលោកសម្រេចធ្វើការចោទប្រកាន់ យោងទៅតាមរបាយការណ៍របស់សមត្ថកិច្ចដែលបញ្ជូនសំណុំរឿងមក ដោយលោកអះអាងថា ទ្រព្យសម្បត្តិរបស់ជនរងគ្រោះដែលបាត់បង់គឺមានតម្លៃជាទឹកប្រាក់ ជាង ២០ម៉ឺន ដុល្លារឯណោះ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែមករា លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានចូលទៅ ហាត់ប្រាណ ស្ទីម និងម៉ាស្សា នៅក្នុងសណ្ឋាគារ សូហ្វីតែលខាងលើនេះ ហើយបានដោះគ្រឿងអលង្ការ និងកាបូប លុយយកទៅផ្ញើនឹងបុគ្គលិកសណ្ឋាគារ ដែលប្រចាំការនៅទីនោះ ប៉ុន្តែ ត្រូវបានមេការម្នាក់ យកកូនសោរប្រអប់សុវត្ថិភាពមកប្រគល់ឲ្យ ដើម្បីចាក់សោរទុកដាក់ដោយខ្លួនឯង ។ លុះលោកចេញមកវិញ ចាក់សោរប្រអប់ដើម្បីយកសម្ភារៈ ស្រាប់តែបាត់ខ្សែក ចិញ្ចៀន និងកាបូបលុយអស់តែម្តង ហើយពេលលោកសួរនាំ អ្នកប្រចាំការនៅទីនោះ បានត្រឹមតែ ឆ្លើយថា មិនដឹង ។

អ្នកធ្លាប់ចេញ-ចូល នៅតាមសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ បានអះអាងថា ករណីចោរកម្មនេះ ចង់ដឹងមុខចោរគឺមិន ពិបាកនោះទេ ព្រោះកន្លែងដាក់សម្ភារៈភ្ញៀវសុទ្ធតែមានបំពាក់កាមេរ៉ាសុវត្ថិភាព ។ ដូចនេះគេអាចឆែកកាមេរ៉ារកមុខ ចោរឃើញ តែគេមិនដឹងថា ការសម្រេចឃាត់ខ្លួនបុគ្គលិកទាំង ២នាក់ខាងលើនេះ ដោយសារសមត្ថកិច្ចឆែកកាមេរ៉ា សុវត្ថិភាពឃើញ ឬយ៉ាងណានោះទេ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>