Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ស៊ូប៊ែរឌី មើលឃើញ ពីភាពអវិជ្ជមាន ច្រើនជាងចំណុចវិជ្ជមាន នៃដំណើរ បេសកកម្មចុងក្រោយ

$
0
0

ភ្នំពេញ ៖ នៅថ្ងៃចុងក្រោយ នៃបេសកកម្មការងា រយៈពេល ៦ឆ្នាំ របស់លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ែរឌី ជាអ្នករាយ ការណ៍ពិសេស របស់អង្គការសហប្រជាជាតិ បានមើលឃើញពីមានភាពអវិជ្ជមាន ច្រើនជាងភាពវិជ្ជមាន របស់រដ្ឋា ភិបាល តែលោក ស៊ូប៊ែរឌី បានត្រេកអរចំពោះបេសកកម្មនេះ ខណៈដែលអនុសាសន៍មួយចំនួន រួមមាន កំណែទម្រង់ សភា និងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត កំណែទម្រង់ប្រព័ន្ធយុត្តិធម៌, យន្តការដោះស្រាយទំនាស់ដីធ្លីជា ដើម ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុក្ខដាក់ នៅក្នុងការធ្វើកំណែទម្រង់ ។ តែយ៉ាងណាក៏ដោយលោក ស៊ូប៊ែរឌី នៅ តែបារម្ភខ្លាំងមែន ទៅលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។

នៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០១៥នេះ លោក ស៊ូប៊ែរឌី ថា "រហូតមកដល់ពេល នេះ តុលាការកម្ពុជាមិនទាន់បានផ្ដល់យុត្តិធម៌ តាមវិធីដែលប្រជាជនកម្ពុជាទាមទារឡើយ។ ខ្ញុំគ្រាន់តែលើកឡើង ចំពោះករណី នៃព្រឹត្តការណ៍ ថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំមុន ដែលកាលនោះ គឺមានមនុស្ស៥នាក់ ត្រូវបានសម្លាប់ ហើយមនុស្សម្នាក់បានបាត់ខ្លួន និងជាច្រើននាក់រងរបួស ។ ម្យ៉ាងវិញទៀត ឃាតកពិត នៃការបាញ់សម្លាប់លោក ជា វិជ្ជា មិនទាន់ត្រូវបានរកឃើញ ១១ឆ្នាំកន្លងមកហើយ គ្មានការស៊ើបអង្កេតដោយហ្មត់ចត់"។

លោក ស៊ូប៊ែរឌី បន្តទៀតថា អ្នកមានអំណាច នៅក្នុងប្រទេសកម្ពុជា នៅតែគេចផុតពីសំណាញ់ច្បាប់ រហូតមកដល់ ថ្ងៃនេះ នៅតែមានគេប្រាប់លោករឿង លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត នៅតែមានសេរីភាពរស់នៅ ក្រៅ ពន្ធនាគារនៅឡើយ មិនដែលជាប់គុក សូម្បី១ថ្ងៃ ទោះបីជាការកាត់ទោស និងផ្ដន្ទាទោស ពីបទ បាញ់កម្មការិនីចំនួន ៣នាក់ កាលពីឆ្នាំ២០១២ ក៏ដោយ ។

សមាជិកសភា ជាប់ឆ្នោតរបស់គណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន និងកោះហៅជាញឹកញាប់ និងការឃុំខ្លួនអ្នកភូមិ បឹងកក់ពីសំណាក់តុលាការ ក៏ជាផ្នែកមួយសម្រាប់លោក ស៊ូប៊ែរឌី មើលឃើញថា ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជាមានភាព ទន់ខ្សោយ ។

តាមសេចក្ដីថ្លែងការណ៍ ជិត១០ទំព័រ របស់លោក ស៊ូប៊ែរឌី នៅមានភាពខ្វះចន្លោះមួយចំនួនទៀត ដែលរាជរដ្ឋាភិបាល អនុវត្តមិនទាន់បានគ្រប់ជ្រុងជ្រោយ ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ និង ស្ថាប័នសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា នៅតែស្ថិតក្នុងរូបភាពមួយ បម្រើសេវាជូនប្រជាពលរដ្ឋ មិនមានតុល្យភាព រវាងអ្នកមានអំណាច និងពលរដ្ឋ ។

អ្វីដែលរាជរដ្ឋាភិបាល កំពុងដំណើរការត្រូវបានលោក ស៊ូប៊ែរឌី មើលឃើញកម្មវិធីកំណែទម្រង់កំពុងត្រូវបានដោះ ស្រាយ ព្រមទាំងគណបក្សមានសំឡេងភាគច្រើន និងភាគតិចបានធ្វើការប្ដេជ្ញាចិត្តជាសាធារណៈ ដើម្បីអនុវត្តកំណែ ទម្រង់ការបោះឆ្នោត ។ លោកសង្ឃឹមថា ដំណាក់កាលនេះ នឹងមិនមានការឆ្លើយដោះសារទៀតឡើយ ដើម្បីពន្យារ ពេលការអនុវត្តកំណែទម្រង់នយោបាយ ដែលបានព្រមព្រៀងគ្នាជាកញ្ចប់ និងមិនងាកចេញពីវឌ្ឍនភាព នៃកិច្ចសន្ទនា គ្នាទេ ដែលបច្ចុប្បន្នកំពុងដំណើរការនៅក្នុងប្រទេស ។

សូមបញ្ជាក់ថា លោក ស៊ូប៊ែរឌី បានចាប់ផ្តើមបំពេញទស្សនកិច្ច ជាលើកចុងក្រោយ របស់លោកនៅកម្ពុជានេះ រយៈ ពេល ៩ថ្ងៃ តាំងពីថ្ងៃទី១៧ ខែមករា ហើយនឹងបញ្ចប់ដំណើរ នៅថ្ងៃទី២៥ ខែមករា ក្នុងគោលបំណងស្វែងរកការពិត នៅកម្ពុជាដោយផ្តោតសំខាន់លើវឌ្ឍនភាព ដែលសម្រេចបានក្នុងការធ្វើឲ្យស្ថាប័នរដ្ឋឯករាជ្យ ដែលសំដៅ ជាពិសេស ដល់ការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ មុននឹងបញ្ចប់អាណត្តិនាពេលដ៏ខ្លីខាងមុខ ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកគ្រោងជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មន្រ្តីរាជរដ្ឋាភិបាលជាច្រើន រូបផ្សេងទៀត អ្នកការពារសិទ្ធិមនុស្ស តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ព្រមទាំងក្រុមអង្គការ សហប្រជាជាតិប្រចាំកម្ពុជា និងសហគមន៍ម្ចាស់ជំនួយ ។

លោក ស៊ូប៊ែរឌី ត្រូវបានទទួលការតែងតាំង ជាអ្នករាយការណ៍ពិសេស ក្នុងខែមីនា ឆ្នាំ២០០៩ ក្នុងអំឡុងពេលនេះ លោកបានបំពេញទស្សនកិច្ចនៅកម្ពុជា១១ដង ហើយលោកក៏បានបង្ហាញ របាយការណ៍ចំនួនប្រាំពីរ ដល់ក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>